តើកូននឹងអាចចេះជក់បារីទេ បើឪពុកម្តាយ ឬសាច់ញាតិរបស់គេ ជាអ្នកចេះជក់នោះ?
(បរទេស)៖ ក្មេងប្រហែលចេះជក់បារី ប្រសិនបើមានសាច់ញាតិជាអ្នកជក់បារី។
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា ក្មេងៗជំនាន់ក្រោយជនជាតិអាមេរិក នឹងអាចចេះជក់បារី ប្រសិនបើឪពុកម្តាយរបស់ពួកគេ ឬ មានសាច់ញាតិណាមួយជាអ្នកជក់បារី។ នេះបើតាមវែបសាយសុខភាពអាមេរិក ចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
លោក Mike Vuolo សាស្ត្រាចារ្យនៃមហាវិទ្យាល័យ Purdue ព្រមទាំងលោក Jeremy Staff សាស្ត្រាចារ្យ នៃមហាវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានធ្វើការពិនិត្យទិន្នន័យ ដែលទទួលបានពីឪពុកម្តាយចំនួន ៣១៤នាក់ និង ក្មេងៗដែលមានអាយុចាប់ពី ១១ឆ្នាំ ឡើងទៅចំនួន ៣១៤នាក់។
លទ្ធផលបានបង្ហាញថា ៨ភាគរយ នៃក្មេងៗដែលគ្មានឪពុកម្តាយជាអ្នកជក់បារី បានចាប់ផ្តើមជក់បារីកាលពីឆ្នាំមុន។ ដោយឡែកក្មេងៗដែលមានសាច់ញាតិជាអ្នកជក់បារី ២៣ភាគរយ ទៅ ២៩ភាគរយ បានចាប់ផ្តើមចេះជក់លឿនជាងអ្នកដែល គ្មានសាច់ញាតិជាអ្នកជក់ទៅទៀត។
គួរបញ្ជាក់ថា លទ្ធផលខាងលើនេះ មិនមែនសំដៅទៅលើហ្សែន ឬឈាមអ្នកជក់នោះឡើយ ប៉ុន្តែគេចង់សំដៅទៅលើរូបភាពដិតដាម នៃសាច់ញាតិ ឬឪពុកម្តាយដែលចេះជក់បារី ទៅដល់កូនៗចៅៗរបស់ពួកគេ ដែលធ្វើឲ្យពួកគេហ៊ានក្នុងការភ្លក្សរសជាតិបារី ជាងអ្នកដែលមិនធ្លាប់ឃើញសាច់ញាតិជក់សោះ។
ចំណុចសំខាន់៖ បារីពិតជាបង្កការបំផ្លាញធ្ងន់ធ្ងរណាស់ ដល់សុខភាពរបស់មនុស្សគ្រប់វ័យ ជាពិសេសស្ត្រីមានផ្ទៃពោះ ដែលនាំឲ្យខូចសុខភាពទាំងម្តាយ និងកូន ដោយគ្រាន់តែពួកគេស្រូបផ្សែងពីអ្នកជក់ប៉ុណ្ណោះ។ ការជក់បារីនាំឲ្យខូចសួត ប្រព័ន្ធសសៃប្រសាទ និងប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូងផងដែរ៕