ស្វែងយល់ជីវប្រវត្តិសង្ខេប និងស្នាដៃសំខាន់ៗ នៃកំពូលអ្នកវិទ្យាសាស្ត្រ Stephen Hawking!
(អង់គ្លេស)៖ រូបវិទូជនជាតិអង់គ្លេសដ៏ល្បីល្បាញ គឺលោក ស្ទីវិល ហាកឃីង (Stephen Hawking) ដែលទើបតែបានទទួលមរណភាពនៅក្នុងវ័យ ៧៦ឆ្នាំ បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីព្យាយាមជម្នះលើជំងឺដ៏កម្រមួយហៅថា Amyotrophic Lateral Sclerosis (ALS) ដែលបានធ្វើឲ្យសាច់ដុំរបស់លោក ដំណើរការលែងបានបន្តិចម្តងៗ រហូតត្រូវពឹងពាក់ទាំងស្រុងលើឧបករណ៍វិទ្យាសាស្រ្ត សូម្បីតែការនិយាយស្តី និងបានវិវត្តន៍ខ្លួនក្លាយជាអ្នកវិទ្យាសាស្រ្តដ៏ល្បីរន្ទឺ និងមានការគោរពជាទីបំផុតមួយរូប។
លោក Hawking ដែលមានឈ្មោះពេញថា Stephen William Hawking បានកើតនៅទីក្រុងអុកស្វត (Oxford) ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤២ ហើយឪពុករបស់លោក ដែលជាអ្នកស្រាជ្រាវផ្នែកជីវវិទ្យាម្នាក់នោះ បានផ្លាស់ប្តូរទីលំនៅជាមួយម្តាយរបស់លោក ចេញពីទីក្រុងឡុងដ៍ ដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់របស់ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់។
លោក Hawking បានធំដឹងក្តីឡើងនៅទីក្រុងឡុងដ៍ និងទីក្រុងសេនអាល់បាន (St Albans) ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រលំដាប់កំពូលក្នុងផ្នែករូបវិទ្យាពីសាកវិទ្យាល័យ Oxford លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ Cambridge ថែមទៀត សម្រាប់ការស្រាវជ្រាវក្នុងផ្នែក Cosmology (សិក្សាពីចក្រវាឡ)។
កាលពីនៅក្មេងលោក Hwaking មានចំណូលចិត្តខ្លាំងក្នុងការជិះសេះ និងអុំទូកកម្សាន្ត ប៉ុន្តែស្របពេលដែលកំពុងសិក្សានៅ សាកលវិទ្យាល័យ Cambridge ពោលគឺក្នុងវ័យត្រឹម ២១ឆ្នាំប៉ុណ្ណោះ ក្រោយពីមានអការៈមិនស្រួល លោកត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា លោកមានជំងឺម៉្យាងពាក់ព័ន្ធនឹងប្រព័ទ្ធប្រសាទសាច់ដុំ ដែលនឹងធ្វើឲ្យរូបលោកកម្រើកអវយវៈលែងកើតទាំងស្រុងតែម្តង។
ខណៈដែលលោក Hwaking រៀបភ្ជាប់ចំណងអាពាហ៍ពាហ៍ជាមួយភរិយាទីមួយរបស់លោក គឺលោកស្រី Jane កាលពីឆ្នាំ១៩៦៤ វេជ្ជបណ្ឌិតរបស់លោក បានប្រាប់លោកថា លោកមានពេលមិនលើសពី ០២ឆ្នាំ ឬ ០៣ឆ្នាំ ទៀតឡើយ ដើម្បីរស់នៅលើលោកនេះ។ បើនិយាយឲ្យស្រួលស្តាប់ គឺប្រព័ន្ធប្រសាទ ដែលបញ្ជាគ្រប់គ្រងសាច់ដុំនានារបស់លោក គឺឈានទៅរកការឈប់ដំណើរការទាំងស្រុង។
ប៉ុន្តែជំងឺនោះបានវិវត្តន៍ទៅមុខយ៉ាងយូរហួសពីការស្មាន ពោលគឺអាចឲ្យលោក Hawking មានឱកាសរស់នៅរហូតដល់ត្រឹមខែមីនាឆ្នាំនេះ។ លោក និងលោកស្រី Jane មានកូន ០៣នាក់ ហើយនៅឆ្នាំ១៩៨៨ ដោយពេលដល់ដំណាក់កាលនេះ លោក Hawking អាចនិយាយបាន ដោយពឹងផ្អែកទៅលើឧបករណ៍ជំនួយសំឡេង ដែលភ្ជាប់នៅបំពង់ករបស់លោកប៉ុណ្ណោះនោះ បុគ្គលមានការតស៊ូពុះពារយ៉ាងខ្លាំងក្លារូបនេះ បានបញ្ចប់សៀវភៅមួយក្បាលមានចំណងជើងថា «A Brief History of Time» ដែលលក់ដាច់បានជាង ១០លានក្បាល ទោះបីជាវាត្រូវគេដាក់រហស្សនាមថា ជា «សៀវភៅដ៏ល្បីបំផុតលើកលោក ដែលពុំមាននរណាអាន» ក៏ដោយ។
ក្នុងការចូលរួមចំណែករបស់លោក ទៅក្នុងចំណេះដឹងផ្នែកវិទ្យាសាស្រ្ត លោក Hawking បានរកឃើញបាតុភូតមួយ ដែលត្រូវគេស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះគឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញថាមពលរបស់វាបន្តិចម្តងៗ ហើយក៏រលាយបាត់បង់ទៅ។ លោក Hawking មានឈ្មោះល្បីល្បាញ និងគោរពយ៉ាងខ្លាំង ដោយសារសមត្ថភាពដ៏អស្ចារ្យរបស់លោក ក្នុងការបង្កើតដំណោះស្រាយបែបវិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការគណនា ឬការពិសោធន៍អ្វីឡើយ។
ប៉ុន្តែទ្រឹស្តីដែលទទួលបានចំណាប់អារម្មណ៍ ខ្លាំងជាងគេបំផុតរបស់លោក គឺប្រហែលជាទ្រឹស្តី «Theory of Everything» ដែលលើកឡើងថា ចក្រវាឡរបស់យើង គឺមានការវិវត្តន៍ទៅមុខ ដោយយោងទៅតាមច្បាប់នានាដែលត្រូវបានកំណត់ទុកយ៉ាងប្រសើរបំផុត។
យ៉ាងណាមិញ ជំងឺរបស់លោកជៀសមិនផុត គឺត្រូវតែបង្ខំឲ្យរូបលោក ពឹងផ្អែកទាំងស្រុងទៅលើអ្នកដទៃ។ លោក Hawking ជាញឹកញាប់តែងមានការដឹងគុណ ចំពោះភរិយាទីមួយរបស់លោក គឺលោកស្រី Jane Hawking ដែលបានមើលថែរូបលោក អស់រយៈពេលជាង ២០ឆ្នាំ ហើយមិត្តភក្តិ និងសាច់ញាតិរបស់លោក មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយរូបលោកបានចាកចេញពីលោកស្រី Jane ហើយទៅយកអ្នកមើលថែទាំម្នាក់របស់លោកឈ្មោះ Elaine Mason ដែលក្រោយមកលោក Hawking បានរៀបការជាមួយនៅឆ្នាំ១៩៩៥ ប៉ុន្តែបានដាក់ពាក្យសុំលែងលះគ្នានៅឆ្នាំ២០០៦។
គួរជម្រាបផងដែរថា កាលពីឆ្នាំ២០១៤ ខ្សែភាពយន្តហូលីវូដមួយមានចំណងជើងថា «The Theory of Everything» ត្រូវបានដាក់បញ្ចាំង ដោយវាផ្អែកទៅតាមដំណើររឿងរៀបរាប់ដោយ លោកស្រី Jane Hawking អំពីការបង្កើតចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ ខ្សែភាពយន្តនេះ បានផ្តល់ឱកាសឲ្យតារាសម្តែងជនជាតិអង់គ្លេស លោក Eddie Redmayne ទទួលបានពានរង្វាន់អូស្ការ សម្រាប់តំណែងជាតារាសម្តែងប្រុស ដ៏ល្អជាងគេបំផុតប្រចាំឆ្នាំ៕