អាកាសធាតុនៅភាគខាងជើងអូស្ត្រាលី នឹងកើនឡើងកម្តៅខ្លាំង សូម្បីតែចេញដើរលេង ក៏មិនបានដែរ…
(កង់បេរ៉ា)៖ សីតុណ្ហភាពនៅភាគខាងជើងប្រទេសអូស្រ្តាលី ត្រូវគេព្យាករណ៍ថា នឹងកើនឡើងខុសពីធម្មតា មិនធ្លាប់ក្នុងអំឡុងពេល ១២ឆ្នាំ បន្ទាប់ ដោយទីក្រុងដាវីន (Darwin) ត្រូវគេរំពឹងថា នឹងជួបកំណើនសីតុណ្ហភាពចាប់ពី ៣៥អង្សាសេ ឡើងទៅក្បែរ ៤០អង្សាសេ សម្រាប់រយៈពេល ១៣២ថ្ងៃ នៅឆ្នាំ២០៣០ ហើយនៅពេលដល់ឆ្នាំ២០៧០ រដ្ឋធានីនៃតំបន់សហព័ន្ធ Northern Territory របស់ប្រទេសមួយនេះ អាចស្ថិតក្រោមសីតុណ្ហភាពលើសពី ៣៥អង្សាសេ សម្រាប់រយៈពេលដល់ទៅ ២៧៥ថ្ងៃក្នុងឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
ការព្រមានអំពីការកើនឡើងសីតុណ្ហភាព ដ៏គួរឲ្យព្រួយបារម្ភខាងលើនេះ ត្រូវបានលើកឡើងឲ្យដឹង នៅក្នុងរបាយការណ៍សិក្សាមួយរបស់វិទ្យាស្ថានអូស្រ្តាលី ដោយផ្អែកលើទិន្នន័យពីអង្គការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងការិយាល័យឧតុនិយម នៃប្រទេសអូស្រ្តាលី ដែលទើបចេញផ្សាយនាថ្ងៃអង្គារនេះតែម្តង។
របាយការណ៍នេះបានបញ្ជាក់ទៀតថា ប្រជាជននៅទីក្រុង Darwin ព្រមទាំងតំបន់ភាគខាងជើង (Northern Territory) កំពុងប្រឈមមុខការកើនឡើងយ៉ាងគំហុក នៃចំនួនថ្ងៃ ដែលកម្តៅមានការកើនឡើង ដល់កម្រិតយ៉ាងគ្រោះថ្នាក់។
មិនត្រឹមតែតំបន់ភាគខាងជើងនេះទេ ដោយតំបន់ខ្លះទៀតនៅភាគកណ្តាល និងខាងត្បូង ដូចជាទីក្រុងស៊ីដនី និងមែលប៊ន សីតុណ្ហភាពធ្លាប់តែសុខដុមសម្រាប់ប្រជាជនដើរកម្សាន្ត ក៏បាន និងកំពុងប្រែបន្តិចម្តងៗទៅជាអាកាសធាតុក្តៅ ស្ទើរទ្រាំលែងបានតែម្តងពេលថ្ងៃ។
គួរជម្រាបថា ចំនួនថ្ងៃនៃមានសីតុណ្ហភាពខ្ពស់ជាង ៣៥អង្សាសេ កាលពីចន្លោះឆ្នាំ១៩១១ និងឆ្នាំ១៩៤០ ត្រូវបានគេកត់ត្រាទុកថា មានចំនួនតែ ៥.៦ថ្ងៃ ក្នុងមួយឆ្នាំគិតជាមធ្យម ប៉ុន្តែចំនួននេះបានកើនឡើងដល់ចំនួនជាមធ្យម ២២.២ថ្ងៃ ចាប់តាំងពីឆ្នាំ២០១៣ ក្រោយពីបញ្ហាប្រែប្រួលអាកាសធាតុជាសកល ដែលធ្វើឲ្យតំបន់នានានៅលើពិភពលោក រងគ្រោះកាន់តែខ្លាំងនោះ៕