អដ្ឋិធាតុលោក Stephen Hawking ត្រូវបញ្ចុះនៅក្បែរផ្នូរលោក Isaac Newton និង Charles Darwin នៅសារៈមន្ទីរ Westinster Abbey!

184

 

(អង់គ្លេស)៖ អដ្ឋិធាតុនៃ​បិតាវិទ្យាសាស្ត្រ-រូបវិទ្យា លោក Stephen Hawking ដែលទើបបាន​​ទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរ​អង់គ្លេស​បញ្ជាក់ថា នឹងត្រូវ​បញ្ចុះនៅទីវាល​វីរៈបុរស ដែលស្ថិតនៅ​ជាប់ផ្នូររបស់ លោក Sir Isaac Newton អ្នកវិទ្យាសាស្ត្រ​សម័យមុន និងប្រកបដោយកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត ខណៈដែល​បុណ្យសពជាលក្ខណៈឯកជន នឹងត្រូវក្រុម​គ្រួសារ​លោក Hawking រៀបចំ​នៅថ្ងៃទី៣១ ខែមីនា ខាងមុខ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន BBC ដែលត្រូវបានដកស្រង់​នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

អដ្ឋិធាតុលោក Newton ដែលល្បីល្បាញ​​ខាងរកឃើញ កម្លាំងទំនាញ​សកលនោះ ហើយលោកបាន​ទទួលមរណៈភាព​ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៧២៧ នាសង្កាត់ Kensington ទីក្រុងឡុងដ៍​ ចក្រភពអង់គ្លេស។ មិនត្រឹមតែ​ស្ថិត​នៅជិតផ្នូរលោក Newton ប៉ុណ្ណោះទេ ផ្នូររបស់​​លោក Hawking ក៏នឹងស្ថិតនៅក្បែរផ្នូររបស់រូបវិទូ​ដ៏ល្បីល្បាញ លោក Charles Darwin ដែលបានទទួលមរណៈភាព​ កាលពីឆ្នាំ១៨៨២ ផងដែរ នៅឯទីលាន​នៃសារៈមន្ទីរ Westinster Abbey ទីក្រុងឡុងដ៍ ដែលមាន​អាយុកាល តាំងតែពី​សតវត្សរ៍ទី ១១។

លោក ហាកឃីង បានទទួល​មរណភាព​កាលពីថ្ងៃពុធ ក្នុងវ័យ ៧៦ឆ្នាំ ដោយសារជំងឺ​ដ៏កម្រ​មួយហៅថា Amyotrophic Lateral Sclerosis (ALS) ដែល​បាន​ធ្វើ​ឲ្យ​សាច់ដុំ​របស់​លោក​ដំណើរ​ការលែង​បាន​បន្តិចម្តងៗ។ លោក​បានទទួលមរណភាព យ៉ាងស្ងប់ស្ងាត់នៅក្នុង​ផ្ទះរបស់លោក នៅក្នុង​ទីក្រុង Cambridge។ លោក Hawking ដែលមាន​ឈ្មោះ ពេញថា Stephen William Hawking បានកើតនៅ​ទីក្រុងអុកស្វត (Oxford) ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ១៩៤២ ហើយឪពុក​របស់លោក ដែលជាអ្នកស្រាជ្រាវ​ផ្នែកជីវវិទ្យាម្នាក់នោះ បានផ្លាស់ប្តូរទីលំនៅ​ជាមួយម្តាយ​របស់លោក​ ចេញពីទីក្រុងឡុងដ៍ ដើម្បីគេចខ្លួន​ពីការទម្លាក់គ្រាប់​របស់​ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់។

លោកគឺជាបុគ្គល​ម្នាក់ មាន​ការតស៊ូពុះពារ​យ៉ាងខ្លាំងក្លា​ ដោយបានបញ្ចប់សៀវភៅ​​​មួយក្បាលមាន​ចំណង​ជើងថា​ «A Brief History of Time» ដែលលក់ដាច់​បានជាង ១០លានក្បាល ទោះបីជាវា​ត្រូវ​គេ​​ដាក់​រហស្សនាម​ថា ជា «សៀវភៅដ៏ល្បី​បំផុត​​លើកលោក ដែលពុំមាន​នរណាអាន» ក៏ដោយ។ ក្នុងការចូលរួម​ចំណែករបស់​លោក ទៅក្នុងចំណេះ​ដឹងផ្នែក​​វិទ្យាសាស្រ្ត លោក Hawking បានរកឃើញ​បាតុភូតមួយ​ ដែលត្រូវគេ​ស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះ​គឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញ​ថាមពលរបស់​វាបន្តិចម្តងៗ ហើយ​ក៏រលាយ​​បាត់បង់​ទៅ។

លោក Hawking មានឈ្មោះ​ល្បីល្បាញ និងគោរព​យ៉ាងខ្លាំង ដោយសារ​សមត្ថភាពដ៏អស្ចារ្យ​របស់លោក ក្នុងការ​បង្កើត​ដំណោះស្រាយ​​បែប​វិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការ​គណនា ឬការពិសោធន៍​អ្វីឡើយ។ ចំណែកឯ ស្នាដៃចុង​ក្រោយបំផុត ឬជាដំបូន្មានចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយ​​ពាសពេញ​ពិភពលោកនោះ គឺលោក Hawking បានប្រាប់ដល់ក្រុមអ្នក​វិទ្យាសាស្ត្រ និងមនុស្សលើ​​ភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិត​អេលៀន ឬមនុស្សភព​ផ្សេងនោះ​​​ទៀតទៅព្រោះវា នឹងបង្ក​ការគំរាមកំហែង​ដល់ភពផែនដី​ ប្រសិនបើ​អេលៀនទាំងនោះ មកកាន់តែផែនដី​ដោយចេតនាចង់ទន្ទ្រាន​គ្រប់គ្រង។

ជុំវិញការទទួល​មរណៈភាពនេះ កូនៗរបស់​លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បា​នអះអាង ថា ពួកគេពិតជា​មានអារម្មណ៍ក្តុកក្តួល​បំផុត ចំពោះការលាចាក​លោក នៃឪពុកជាទីស្រឡាញ់​បំផុតរបស់ពួកគេ ហើយបណ្ដា មេដឹកនាំដូចជានាយករដ្ឋមន្ត្រីក៏បានចូលរួមសម្ដែងក្ដីមរណទុក្ខយ៉ាងក្រៀមក្រំផង ចំពោះការបាត់បង់អ្នកវិទ្យាអស្ចារ្យរូបនេះ។ តែទោះបី​ជាបែបនេះក្តី ស្នាដៃ និងលទ្ធផល​នៃការស្រាវជ្រាវ​របស់លោក នឹងបន្តក្លាយជា​វត្ថុមានតម្លៃ សម្រាប់​អ្នកវិទ្យាសាស្ត្រ និងមនុស្ស​លើផែនដី ធ្វើការស្វែងយល់ ហើយសិក្សា​បន្តទៅមុខទៀត៕

480×240 Banner