គ្រាប់ធុញ្ញជាតិទាំងនេះ «អាចបង្ការ និងកាត់បន្ថយទឹកនោមផ្អែមបាន» ដូច្នេះសូមទទួលទានតាមក្បួននេះ…
(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក នៃមហាវិទ្យាល័យ
ហាវ៉ាត (Harvad) បានឲ្យដឹងថា ការទទួលទាន សណ្តែកសំបករឹងគ្រប់ប្រភេទ និងប័រសណ្តែកដី អាចជួយកាត់បន្ថយអត្រាប្រឈមមុខ នឹងជំងឺទឹកនោមផ្អែមរបស់ស្រ្តីបាន។ នេះបើតាមការដកស្រង់ការផ្សាយ ពីវែបសាយសុខភាពអាមេរិក។
តាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានផ្សេងៗអស់រយៈពេល ១៦ឆ្នាំ
និងប្រើមនុស្សពិសោធន៍ ៨៤,០០០នាក់ គេរកឃើញក្រុមមនុស្សដែលទទួលទានសណ្តែសំបករឹង យ៉ាងហោចណាស់ប្រមាណ ២៨ក្រាម ក្នុងមួយថ្ងៃ និង ០៥ថ្ងៃ ក្នុងមួយសប្តាហ៍ និងទទួលបានលទ្ធផលល្អ ដោយជួយកាត់បន្ថយអត្រាប្រឈមមុខ នឹងជំងឺទឹកនោមផ្អែមដល់ទៅ ២៨ភាគរយ បើប្រៀបធៀបជាមួយក្រុមមនុស្ស ដែលពុំបានទទួលទានអាហារប្រភេទនេះ។
បើទទួលទានអាហារដូចដែលពោលខាងលើ ឲ្យនៅសល់ត្រឹមតែ ១ ទៅ ៤ដង ក្នុងមួយថ្ងៃនៃមួយសប្តាហ៍ ក៏អាចកាត់បន្ថយអត្រាប្រឈមមុខនឹងជំងឺទឹកនោមផ្អែមបាន ១៦ភាគរយដែរ។ ចំពោះប័រដែលធ្វើពីសណ្តែកដីវិញ ត្រូវបានគេស្រាវជ្រាវឃើញថា
ប្រសិនបើយើងទទួលវាម្តង ១៤០ក្រាម និង ០៥ដង ក្នុងមួយសប្តាហ៍ នោះក៏អាចជួយកាត់បន្ថយអត្រាប្រឈម នឹងជំងឺទឹកនោមផ្អែមបានដល់ទៅ ២១ភាគរយដែរ។
ក្រុមអ្នកស្រាវជ្រាវបានពន្យល់ពីមូលហេតុថា មកពីសណ្តែកដីមានសំបករឹង
និងសំបូរទៅដោយប្រេងដែលងាយនឹងរលាយ និងសារធាតុអាហារមានប្រយោជន៍ដទៃទៀតជាច្រើន។ សារធាតុអាហារទាំងនេះ វាជួយសំរបសំរួលកំរិតគ្លុយកូស និងអ៊ីនស៊ូលីនឲ្យមានតុល្យភាពនឹងគ្នា ហើយក្លាយជាប្រព័ន្ធការពារជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬជំងឺទឹកនោមផ្អែមកំរិតដំបូងរបស់មនុស្សធំ។
ចំណែកសណ្តែកដីវិញ វាមានអាស៊ីតខ្លាញ់ និងសារធាតុអាហារប្រភេទប្រហាក់ប្រហែលនឹងសណ្តែកសំបករឹងដែរ។ លុះដល់គេយកវាទៅធ្វើប័រ វាក៏ក្លាយជាអាហារដែលមានសារធាតុ អាចជួយការពារជំងឺទឹកនោមផ្អែមផងដែរ។
គួរបញ្ជាក់ដែរថា វាមានប្រសិទ្ធភាពសម្រាប់តែនារីប៉ុណ្ណោះ៕