សូមបន្ថយការញុំាអាហារផ្អែមៗទៅ! ខួរក្បាលអ្នកនឹងកាន់តែចុះខ្សោយ ព្រមទាំងជួបបញ្ហាជាច្រើនទៀត…
(បរទេស)៖ យោងទៅតាមក្រុមអ្នកវិទ្យាសាស្រ្តសហរដ្ឋអាមេរិក បានឲ្យដឹងថា ការទទួលទានស្ករច្រើនពេក អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់អ្នកចុះខ្សោយ។
ក្រុមអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ កាលីហ្វ័រញ៉ា-ឡូសអេនជីឡេស (UCLA) បានចិញ្ចឹមសត្វកណ្តុរ ០២ក្រុម ឲ្យស៊ីស្ករពោតក្នុងកំរិតជាតិស្ករខ្ពស់ និងផឹកទឹកក្នុងរយៈពេល ០៦សប្តាហ៍។
កណ្តុរមួយក្រុមបានអស់កម្លាំង ដោយសារតែការកើនឡើងនៃ អាស៊ីតធាត់ អូមេហ្គា-៣ នៅក្នុងខួរក្បាល ក្នុងខណៈពេលដែលកណ្តុរមួយក្រុមទៀត មិនមានអ្វីកើតឡើងសោះ។ មួយវិញទៀត លទ្ធផលក៏បានឲ្យដឹងទៀតថា ដោយសារតែខួរក្បាលរបស់ពួកវា ផ្ទុកទៅដោយអាស៊ីតខ្លាញ់ច្រើន ទើបធ្វើឲ្យសមត្ថភាពខួរក្បាលរបស់វា ដំណើរការយឺតជាងមុន។
កោសិកាខួរក្បាលរបស់ពួកវា មានបញ្ហាក្នុងការធ្វើទំនាក់ទំនងគ្នា ដែលជាហេតុធ្វើឲ្យមានការបង្អាក់ ដល់សមត្ថភាពខួរក្បាល។ ម្យ៉ាងវិញទៀត ការទទួលទានចំណីអាហារ ដែលផ្ទុកទៅដោយជាតិស្ករច្រើនពេក អាចធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ខួរក្បាលនាថ្ងៃ
អនាគត។ មិនតែប៉ុណ្ណោះការផ្ទុកជាតិស្ករខ្លាំងពេកនៅក្នុងរាងកាយអាចនាំឲ្យមាន ផលប៉ះពាល់ដល់ជាតិអាំងស៊ុយលីន ដែលវាមានតួនាទីសំខាន់ណាស់ ក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងសារពាង្គកាយ។
ការសិក្សាបានបញ្ជាក់ឲ្យដឹងថា កំរិតជាតិស្ករខ្ពស់ មិនត្រឹមតែអាចមានគ្រោះថ្នាក់ដល់ខួរក្បាលនោះទេ តែវាអាចធ្វើឲ្យរាងកាយរបស់យើង ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរ ដូចជាជំងឺធាត់ និងទឹកនោមផ្អែម ព្រមទាំងជំងឺបេះដូងផងដែរ។ នេះគឺជាអ្វីដែលថ្មីដែលក្រុមអ្នកសិក្សាបានរកឃើញ៕