រឿងពិតជុំវិញបាតុភូត «ប្រេះទ្វីបអាហ្វ្រិកជាពីរផ្នែក» ដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំង…
(អាហ្រ្វិក)៖ ស្នាមប្រេះបែកក្រហែងដ៏ធំសម្បើមមួយ ដែលលាតសន្ធឹងដល់ទៅប៉ុន្មានគីឡូម៉ែត្រឯណោះ បានបង្ហាញខ្លួនកាលពីជាង ០២សប្តាហ៍មុន នៅតំបន់ភាគនិរតី នៃប្រទេសកេនយ៉ា (Kenya) ដែលវាបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះបានលើកឡើងថា ស្នាមប្រេះនេះបង្កឡើងដោយការប្រែប្រួលនៃចំណែករឹងរបស់ស្រទាប់ផ្ទៃផែនដី ដែលគេហៅថា «ស្រទាប់តិចតូនិច» ដែលជាសញ្ញាបង្ហាញអំពីការចាប់ផ្តើម នៃការកកើតទ្វីបថ្មីមួយ ចេញពីទ្វីបអាហ្រ្វិក និងមួយចំនួនទៀតថា វាគ្រាន់តែកើតឡើងដោយសារការធ្លាក់ភ្លៀងខ្លាំងប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយរបស់ស្ថានីយទូរទស្សន៍ CNN នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
បើតាមការចុះផ្សាយរបស់សារព័ត៌មានកេនយ៉ា ស្នាមប្រេះដែលហែកផ្ទៃដីចេញពីគ្នាខាងលើ មានជម្រៅ ១៥ម៉ែត្រ និងទទឹងដល់ទៅ ២០ម៉ែត្រ។ វាបានលេចឡើងនៅជ្រលង Rift Valley នៅភាគខាងកើតទ្វីបអាហ្រ្វិក ដែលរត់តាំងពីពយ Horn of Africa ដែលរួមមានប្រទេសដូចជា សូម៉ាលី អេត្រូពី កេនយ៉ាង និងតង់ហ្សានី រហូតដល់ប្រទេសម៉ូហ្សាំប៊ិក។
នៅតាមជ្រលង Rift Valley ដែលស្ថិតនៅភាគកើតទ្វីបអាហ្រិ្វក មានចំណុចទន់ខ្សោយជាច្រើន ហើយចំណុចទន់ខ្សោយទាំងនេះ ដែលភាគច្រើនបង្កឡើងដោយចលនា ស្ថិតនៅយ៉ាងជ្រៅក្នុងផ្ទៃស្រទាប់ខាងក្រៅរបស់ផែនដី បង្កជាស្នាមប្រេះក្រហែង នៅលើផែនដី។ បើតាមសារព័ត៌មានខាងលើ ស្នាមប្រេះខាងលើ ត្រូវបានបិទបាំងដោយកម្អែលផេះមកពីភ្នំភ្លើង Longonot ប៉ុន្តែការធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅក្នុងតំបន់ ក៏បានធ្វើឲ្យស្នាមប្រេះដ៏ធំសម្បើមនោះលេចឡើង។
ជុំវិញរឿងនេះ ស្ថានីយទូរទស្សន៍ National Geographic បានគូសបញ្ជាក់ថា ស្នាមប្រេះក្រហែងនានានៅក្នុងតំបន់ East African Rift Valley កំពុងតែរីកធំទៅៗ ដោយសារតែស្រទាប់តិចតូនិចចំនួនពីរ គឺស្រទាប់ Somali និង Nubian កំពុងធ្វើចលនាឃ្លាតចេញពីគ្នា ដោយពួកវាអាចនឹងដាច់ចេញពីទាំងស្រុងតែម្តង នៅក្នុងរយៈពេល ៥០លានឆ្នាំទៀត ខណៈកាលពី ១៣៨លានឆ្នាំមុន ការឃ្លាតចេញពីគ្នានៃទ្វីបអាមេរិកខាងត្បូង និងទ្វីបអាហ្រ្វិក ក៏ត្រូវបានបង្កើតឡើងដោយស្នាមប្រេះ លើផ្ទៃផែនដីដូចគ្នានេះផងដែរ។
យ៉ាងណាមិញ ពុំមានគ្រប់គ្នាសុទ្ធតែជឿជាក់ថា ស្នាមប្រេះខាងលើ គឺជាសញ្ញានៃការចាប់ផ្តើមហែកទ្វីបអាហ្រ្វិកនោះឡើយ។ ទស្សនាវដ្តី Forbes បានគូសបញ្ជាក់ថា នាអំឡុងពេលដែលស្នាមប្រេះនេះលេចឡើង គេពុំបានសង្កេតឃើញថា មានសេចក្តីរាយការណ៍អំពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ណាមួយនៅក្នុងតំបន់ឡើយ ហើយវាក៏អាចទៅរួចផងដែរថា ស្នាមប្រេះនោះ គ្រាន់តែជាផ្ទាំងហ្វូស៊ីលអាក់សកម្មមួយ ដែលគ្រប់ដណ្តប់ដោយកាកសំណល់ មុនពេលទឹកភៀងហូតច្រោះយកទៅប៉ុណ្ណោះ។
ជាមួយគ្នានេះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តកេនយ៉ា នាពេលនេះ ជឿជាក់ថា ស្នាមប្រេះនោះ ត្រូវបានបង្កឡើងដោយលំហូរនៃទឹកនៅក្រោមដី ដែលមកពីការធ្លាក់ភ្លៀងខ្លាំងប៉ុណ្ណោះ ដោយព័ត៌មាននេះអាចគ្រាន់តែជាការបំបាត់ ការសន្និដ្ឋានតាមបែបវិទ្យាសាស្ត្រមួយចំនួនថា ទ្វីបអាហ្វ្រិកហ្នឹងប្រេះជាពីរប៉ុណ្ណោះ ប៉ុន្តែសូមមើលចំណុចខាងលើឡើងវិញ ព្រោះអាចនឹងកើតមាននៅពេល ៥០លានឆ្នាំទៀត។
គួរជម្រាបថា ទោះបីជាវាបង្កើតឡើងដោយទឹកភ្លៀង និងស្រទាប់តិចតូនិចក៏ដោយ ស្នាមប្រេះដ៏ធំប្រវែងរាប់គីឡូម៉ែត្រនេះ នៅតែកំពុងជាបញ្ហាដល់ប្រជាជនកេនយ៉ា ដែលរស់នៅក្នុងតំបន់ ដោយវាបានបណ្តាលឲ្យផ្នែកនៃផ្លូវហៃវ៉េមួយខ្សែ រងការបំផ្លិចបំផ្លាញ ហើយប្រជាជនដែលរស់នៅក្បែរនោះ បង្ខំចិត្តភៀសខ្លួនចេញ ដោយបារម្ភពីសុវត្ថិភាពរបស់ពួកគេ៕