HOT NEWS: ទស្សនា​មហន្តរាយ​បង្កឡើង​ដោយ​រញ្ជួយដី និងបន្ទុះភ្នំ​ភ្លើងលើ​រដ្ឋហាវ៉ៃ (រូប​ភាព​ខាង​ក្នុង)

271

 

(ហាវ៉ៃ)៖ ចាប់ពីថ្ងៃសៅរ៍​រហូតមកទល់​ថ្ងៃចន្ទសប្តាហ៍ថ្មីនេះ ភ្នំភ្លើងដ៏មាន​ឥទ្ធិពល Kilauea នៅលើកោះហាវ៉ៃ​របស់​សហរដ្ឋអាមេរិក នៅតែបន្តជះ​កម្អែល​​ភ្លើងរាប់ពាន់​អង្សាសេទៅលើតំបន់​ជុំវិញនោះ និងបានបំផ្លិចបំផ្លាញ​លំនៅឋាន​របស់ប្រជាជន​សរុប ២៦ខ្នងហើយ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន Fox News នៅល្ងាច​ថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្រ្ត​អាមេរិក​បានឲ្យ​ដឹងថា កម្អែលភ្លើង​របស់​ភ្នំភ្លើង Kiauea បានជះឡើង​ទៅលើផ្ទៃមេឃ​កម្ពស់ជាង ៦០ម៉ែត្រ ហើយមនុស្ស​​​ច្រើនជាង ១,៧០០នាក់ ត្រូវបានជម្លៀសខ្លួន​ទៅកាន់ទី​សុវត្ថិភាព ខណៈពួកគេ​ទាំងអស់នោះ ប្រហែលជា​នឹងត្រូវស្នាក់នៅឆ្ងាយ​ពីផ្ទះ​​​សម្បែង​របស់ខ្លួន សម្រាប់​រយៈពេលយូរ បើយោង​តាមស្ថានការណ៍​ដែលពុំសូវជាល្អ​ប៉ុន្មានឡើយ​នាពេលនេះ។

គួរជម្រាបថា នាពេលនេះ​គេនៅមិនទាន់​ឃើញមាន សេចក្តី​រាយការណ៍ អំពីមនុស្សរងគ្រោះ​ក្នុងគ្រោះធម្មជាតិ​នៅឡើយទេ។ គ្រោះធម្មជាតិ​រញ្ជួយផែនដី ដែលមាន​កម្រិតធ្ងន់រហូត​ដល់ ៦.៩រ៉ិចទ័រ បាន​វាយ​ប្រហារ​​កោះធំមួយ ស្ថិតនៅក្នុង​ប្រជុំកោះ​ហាវ៉ៃ​ នៃ​សហរដ្ឋអាមេរិក នាកណ្តាល​មហាសាគរ​​​ប៉ាស៊ីហ្វិកនាព្រឹក​​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

បញ្ជាក់បន្ថែម៖ គ្រោះរញ្ជួយដី​ខាងលើនេះ​ វាយប្រហារត្រង់​ចំណុចស្ថិត​នៅចម្ងាយ ១៦គីឡូម៉ែត្រ ពីភាគនិរតី​នៃកោះ ឡៃឡានី អ៊ីស្តេតស៍ (Leilani Estates) ដែលជាកោះធំមួយ​ក្នុងប្រជុំកោះ​នៃរដ្ឋហាវ៉ៃ កាលពី​វេលា​ម៉ោង ១២៖៣២នាទីរសៀល​ថ្ងៃសុក្រ (ម៉ោងនៅ​ទីក្រុង​វ៉ាស៊ីនតោន) ត្រូវនឹងព្រឹក​ថ្ងៃសៅរ៍នេះ ពេលវេលា​នៅអាស៊ី​ខាងកើត។

សម្រាប់ជម្រៅ​នៃការញ័រ​រញ្ជួយ​គឺតែ ០៥គីឡូម៉ែត្រ ប៉ុណ្ណោះ​ពីក្នុងដី។ ទីភ្នាក់ងារ USGS បានបញ្ជាក់​នៅក្នុង Twitter របស់​ខ្លួនថា «ការរញ្ជួយដីលើក​នេះ វាមិនខុស​ពី​ការរញ្ជួយដី​ដ៏មហាប្រល័យ​កម្រិត ៧.១រ៉ិចទ័រ ដែលបានកើត​មានឡើងកាលពី​ឆ្នាំ១៩៧៥ នោះឡើយ»។ ប្រជាជន​កោះហាវ៉ៃ ត្រូវបានគេ​រាយការណ៍បាន​ចេញពី​អគារនានា មករក​ទីវាល​សុវត្ថិភាព បន្ទាប់ពី​រំញ័រដ៏​ខ្លាំងក្លា ដែលមាន​រយៈពេលត្រឹមតែ ១៥វិនាទី។

ពុំមានការ​ព្រមានអំពី​រលកយក្ស​ស៊ូណាមិ​នោះទេ។ សម្រាប់​ភ្នំភ្លើង​ស្ងប់​មួយ ក៏បានបញ្ចេញសកម្មភាព​​ឡើងវិញដែរ តាមរយៈការបញ្ចេញកម្អែល និងផ្សែង​យ៉ាងខ្លាំង ដោយសារ​តែការអង្រួន​ព្រះធរណី​យ៉ាងខ្លាំងក្លានៅ​លើកោះហាវ៉ៃ​នោះ។

តាម​រយៈរូបភាព​​ដែលថតដោយ​ឧទ្ធម្ភាគចក្រ នៃអាជ្ញាធរ​កោះហាវ៉ៃ ភ្នំភ្លើងបាន​បង្ហូរកម្អែល​ភ្លើងយ៉ាងក្តៅគគុកធ្លាក់មកលើ​ព្រៃឈើ និងទីវាល​មួយចំនួន នៅក្នុងតំបន់​ភាគខាងត្បូង នៃប្រជុំកោះ​ហាវ៉ៃ ដែលបង្ក​ជាការឆាបឆេះ និងទិដ្ឋភាព​ជារួមគួរឲ្យ​ព្រឺព្រួចណាស់៕

480×240 Banner