HOT NEWS: ភ្នំភ្លើងលើ​កោះហាវ៉ៃ «ផ្ទុះ​ឡើងយ៉ាង​ខ្លាំង​ក្លា និងជះកម្អែរផេះទៅមេឃ ក្នុង​កម្ពស់​ជិត​១០គីឡូម៉ែត្រ»

333

 

(អាមេរិក)៖ ភ្នំភ្លើង​គីឡូអៀ (Kilauea) នៅរដ្ឋហាវ៉ៃ​​​របស់​សហរដ្ឋអាមេរិក បានផ្ទុះសាជាថ្មី​ម្តងទៀត ដោយជះកម្អែលផេះ​​យ៉ាងក្រាស​ឃ្មឹកឡើង​ទៅលើ​ផ្ទៃអាកាស​កម្ពស់ជិត ១០គីឡូម៉ែត្រ ដែលជាហេតុធ្វើ​ឲ្យអាជ្ញាធរ​ក្នុងតំបន់ធ្វើការណែនាំ​ក៏ដូចជាទទូច​ឲ្យ​​ប្រជាពលរដ្ឋ​កុំឲ្យចាកចេញទៅ​ក្រៅលំនៅឋានឲ្យ​សោះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ឃ្លាំមើលសកម្មភាព​ភ្នំ​ភ្លើង​កោះហាវ៉ៃ HVO បានឲ្យដឹងថា បន្ទុះភ្នំភ្លើងនេះ​​បានបង្កឲ្យមាន​ដុំពពកដ៏ធំ​សម្បើមមួយ ដែល​​មាន​​កម្ពស់ដល់​ទៅ ៩,១០០ម៉ែត្រ ហើយកំពុងរសាត់ទៅភាគ​អាគ្នេយ៍។ ភ្លាមៗក្រោយ​ពីវាបានផ្ទុះ ទីភ្នាក់ងារ​ការពារជនស៊ីវិល​ នៃកោះហាវ៉ៃ​បាន​ទទូចឲ្យ​ប្រជាពលរដ្ឋ​ស្វែងរក​កន្លែងសុវត្ថិភាព​ដើម្បីជ្រកកោន និងកុំចេញ​ទៅខាងក្រៅ ដោយសារ​តែកម្អែលផេះ នឹងគ្របដណ្តប់​ពី​លើតំបន់​នៅ​ជុំវិញ​​នោះ។

ប្រជុំកោះហាវ៉ៃ ត្រូវបានក្រុមស្ទាបស្ទង់​ភូមិសាស្ត្រអះអាងថា ស្ថិតនៅពី​លើសណ្ឋានដី​​ស្តើង ដែលក្រាលពី​លើមាត់រណ្តៅភ្នំ​ភ្លើងដ៏ធំ ហើយភស្តុតាង​ត្រូវបានស្តែងចេញ​យ៉ាងច្បាស់ នៅពេលមាន​គ្រោះរញ្ជួយដី​ជិត ៧រ៉ិចទ័រ កាលពីប៉ុន្មានសប្តាហ៍មុន ដែលទីតាំងមួយ​ចំនួន​បានរហែក និងហៀរកម្អែលភ្លើងចេញ​មកលើទីវាលដីទំនាប​យ៉ាងស្រស់ៗ​តែម្តង។ ប្រជាជនក្នុង​តំបន់ត្រូវ​បានជម្លៀស​ចេញ ប្រកបដោយ​ការភ័យខ្លាចបំផុត។

គួរជម្រាបថា ការផ្ទុះ​លើកនេះ​បានកើតមាន​ឡើង ​​​នៅពីរសប្តាហ៍​បន្ទាប់​ពី​គ្រោះ​រញ្ជួយដី​មួយកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារ​កោះហាវ៉ៃ ​បានបណ្តាល​ឲ្យភ្នំភ្លើង Kilauea ផ្ទុះឡើង​ម្តងរួច​ទៅហើយ និងប​ង្កឲ្យមាន​សកម្មភាព​ភ្នំភ្លើង ដែលបានបង្ហូរ​កម្អែលភ្លើង ទៅ​កាន់​​សហ​គមន៍​នានា​ដែលនៅ​​ក្បែរនោះ ដោយបំផ្លាញលំនៅឋាន​ចន្លោះពី ២០ ទៅ ៣០ខ្នង ព្រមទាំងបង្ខំឲ្យ​មានការជម្លៀសខ្លួន​មនុស្សជាច្រើន​នាក់។

បញ្ជាក់បន្ថែម៖ គ្រោះរញ្ជួយដី​មួយ​ បានវាយប្រហារត្រង់​ចំណុចស្ថិត​នៅចម្ងាយ ១៦គីឡូម៉ែត្រ ពីភាគនិរតី​នៃកោះ ឡៃឡានី អ៊ីស្តេតស៍ (Leilani Estates) ដែលជាកោះធំមួយ​ក្នុងប្រជុំកោះ​នៃរដ្ឋហាវ៉ៃ។ សម្រាប់ជម្រៅ​នៃការញ័រ​រញ្ជួយ​គឺតែ ០៥គីឡូម៉ែត្រ ប៉ុណ្ណោះ​ពីក្នុងដី។ ទីភ្នាក់ងារ USGS បានបញ្ជាក់​នៅក្នុង Twitter របស់​ខ្លួនថា «ការរញ្ជួយដីលើក​នេះ វាមិនខុស​ពី​ការរញ្ជួយដី​ដ៏មហាប្រល័យ​កម្រិត ៧.១រ៉ិចទ័រ ដែលបានកើត​មានឡើងកាលពី​ឆ្នាំ១៩៧៥ នោះឡើយ»៕

480×240 Banner