ហេតុអ្វីកម្ពុជាមិនដែលរងគ្រោះរញ្ជួយដី? ស្វែងយល់ប្រវត្តិ និងការសិក្សាកន្លងមក…
(ភ្នំពេញ)៖ អាចថាជាមេរៀនដែលសិស្សានុសិស្សខ្មែរយើង ធ្លាប់សិក្សារួចមកហើយ ដោយប្រទេសកម្ពុជា ស្ថិតនៅលើតំបន់ទ្រនរទ្វីបចាស់ (ជាបន្ទះចាស់នៃទ្វីបមួយ ដែលកកើតឡើងរាប់ពាន់លានឆ្នាំមកហើយ) ដោយមានសណ្ឋានរឹង និងបិទជិតយ៉ាងល្អពីកំសួលចេញពីស្នូលភពផែនដី។ សណ្ឋានដី ឬថ្មបែបនេះ វាប្រៀបីដូចជាកម្រាលយ៉ាងក្រាស់ឃ្មឹក ដែលការពារយើងមិនឲ្យកើតមានរំញ័រដី ឬក៏ទទួលរងឥទ្ធិពលពីរំញ័រនៅតំបន់ក្បែរខាងនោះឡើយ។
អ្វីដែលបន្ថែមពីខាងលើនេះទៀត បើតាមក្រុមអ្នកអង្កេតផ្នែកភូមិសាស្ត្រ ឬក៏ការកត់ត្រាផ្នែកប្រវត្តិសាស្ត្ររបស់កម្ពុជាផ្ទាល់ ប្រទេសស្ថិតនៅជ្រោយឥណ្ឌូចិន និងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មិនដែលទទួលរងគ្រោះរញ្ជួយដីនោះ ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ (នៅរយៈពេលមុននេះទៀត មិនមានការកត់ត្រាអំពីរញ្ជួយដី ឬក៏ភស្តុតាងថា ប្រទេសកម្ពុជាធ្លាប់កើតមានរញ្ជួយដី ក្នុងកម្រិតណាមួយនោះឡើយ)។
មិនមែនថាអត់មានទាំងស្រុងនោះទេ ដោយតាមក្រុមជំនាញបរទេសមួយ ដែលធ្វើការសិក្សានៅតំបន់វារីអគ្គិសនីសេសាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងនោះ បានបង្ហាញការសង្ស័យថា តំបន់មួយនេះអាចធ្លាប់បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ កាលពីឆ្នាំ១៩៧៨ ប៉ុន្តែដោយសារតែកាលណោះស្ថិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបច្ចេកវិទ្យាតាមដានភូមិសាស្ត្រសកលលោកនៅមានកម្រិតនោះ ទើបគ្រោះរញ្ជួយដីនេះមិនត្រូវបានដឹងដោយអន្តរជាតិ ហើយកាលណោះទៀតសោត កម្ពុជាយើងក៏ត្រូវបានបិទទ្វារពីអន្តរជាតិផងដែរ។
ទោះបីជាបែបនេះក្តី ការរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ គឺត្រូវបានចាត់ទុកជាកម្រិតមធ្យម ឬខ្សោយប៉ុណ្ណោះ បើទោះបីជាកើតមាននៅតំបន់ប្រជុំជន ក៏ទំនងជាមិនអាចបង្កការខូចខាតអ្វីនោះដែរ។ សម្រាប់អន្តរជាតិ គ្រោះរញ្ជួយដីចាប់ពីកម្រិត ៦.០រ៉ិចទ័រឡើងទៅ ទើបមានលទ្ធភាពបង្កគ្រោះមហន្តរាយដូចជា អគារ និងលំនៅឋានបាក់រលំ ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាដើម។
តាមការបង្ហាញលទ្ធផលស្រាវជ្រាវរបស់អ្នកសិក្សាមួយចំនួនដូចជា លោក Michael Borgwardt និង Andrew Pike ផងដែរបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនអាចទទួលរងគ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើងនោះទេ ហើយបើតាមសណ្ឋានដីរបស់យើងនេះ ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីនោះ ក៏វាគ្មានឥទ្ធិពលអ្វីមកដល់យើងនោះដែរ។ ដោយឡែកព្យុះសង្ឃរា និងទឹកជំនន់ គឺជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ។
សរុបសេចក្តីមក ប្រទេសកម្ពុជានឹងមិនអាចកើតមានគ្រោះរញ្ជួយដី ឬមួយក៏រលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងនោះឡើយ ទាំងពេលនេះ និងទៅអនាគតរាប់រយឆ្នាំទៅមុខ ព្រោះយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ ហើយវាមានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងកម្មវិធីសិក្សារួចអស់ទៅហើយ៕