ឆ្ងល់តាំង​​ពីក្មេង! តើផ្កាយ​ទាំងបី​ជា​ជួរ ដែល​យើង​​ឃើញរាល់​យប់​ហ្នឹង មាន​អ្វី​ពិសេស?

1,687

(ភ្នំពេញ)៖ មានប្រិយមិត្ត Cambo Space មួយចំនួន​ធ្លាប់សាកសួរអំពីផ្កាយទាំងបី ដែលតម្រៀបគ្នា​ស្ទើរត្រង់មួយជួរនេះ ហើយយើងបានធ្វើការសិក្សាស្រាវជ្រាវឯកសារបន្តិច ដើម្បីឲ្យបាន​ដឹងទាំងអស់គ្នា អំពីផ្កាយ​តម្រៀបគ្នា​ទាំងបីជាជួរនៅម្តុំកន្ទុយ​នៃបណ្តុំផ្កាយ​សេះនេះ។ ដូច្នេះ​សូមបងប្អូន​​ស្វែងយល់ពី​បណ្តុំផ្កាយនៃខ្សែក្រវាត់​អរ៉ៃអិន (Orion’s Belt) ឬស្តេច​ទាំងបី ដូច​ខាងក្រោម៖

(រូបភាពពីបរទេស)

១. ឈ្មោះពិត​របស់វា៖ នៅប្រទេសយើងគេហៅថា ក្រុម «ផ្កាយយាមនង្គ័ល» ប៉ុន្តែសម្រាប់​​​លោកខាង​លិចវិញ ផ្កាយ​ទាំងបី​​ជាជួរនេះ​​គេហៅពួកវាថា «ស្តេច​ទាំងបី ឬបង​ប្អូន​ស្រី​​​ទាំងបី» ដោយក្នុងនោះ​​វាជាការតម្រៀប​គ្នា​ជាជួរ​រាងកោងបន្តិច នៃផ្កាយដ៏ភ្លឺថ្លា​​ចំនួនបី​មាន​​ឈ្មោះ​ថា Alnitak, Alnilam និង Mintaka

២. ការបង្ហាញខ្លួន៖ សម្រាប់ការ​ទស្សនា ឬស្វែងរកផ្កាយ​ទាំងបីនេះ គឺជារឿង​ងាយ​បំផុត ឬអាច​​និយាយបាន​ថា លោកអ្នកបាន​ចាប់អារម្មណ៍​​ពួកវាយូរ​ណាស់​មកហើយ ប៉ុន្តែគ្រាន់​តែ​មិន​ស្គាល់​ឈ្មោះ និងលក្ខណៈសម្បត្តិ​​របស់វា​​ប៉ុណ្ណោះ។ បើនៅ​ប្រទេស​​កម្ពុជា​យើង​វិញ ចាប់ពី​ពេល​ម៉ោង ៩៖០០នាទីយប់ (ពេលមេឃ​ស្រឡះល្អ) យើងគ្រាន់​តែងើយមើល​​ទៅលើមេឃឲ្យចំទីតាំង​ពីលើក្បាល ហើយ​សំឡឹង​មួយសន្ទុះ រកមើលផ្កាយ​ភ្លឺ​ខ្លាំងចំនួនបី​តម្រៀបគ្នា​​ជាជួរ នោះហើយគឺ​ជា​តារាស្តេច​ទាំងបី។

៣៖ ផ្កាយអាល់នីតាក់ (Alnitak)៖ ជាប្រព័ន្ធផ្កាយ​ភ្លោះបី នៅចុងប្រព័ន្ធ​​ស្តេចទាំងបី ដែលមាន​ឈ្មោះថា Alnitak ចម្ងាយ ១,២៦០ឆ្នាំ​ពន្លឺពីភពផែនដី (១.២៦ពាន់ឆ្នាំពន្លឺ)។ វាជាចង្កោមផ្កាយ​បីដែលទី១មាន​ឈ្មោះ Alnitak B គឺជាផ្កាយ​​​លំដាប់ B-type ដែល​គោចរ​​ជុំវិញ​ផ្កាយមួយទៀត Alnitak A ក្នុងរយៈពេល​​​មួយជុំ ១,៥០០ឆ្នាំ។ សម្រាប់​មួយ​ទៀត គឺ Alnitak Aa ដែលប្រភេទ​​ផ្កាយពន្លឺខៀវ​តិចៗ ហើយវា​មាន​ទំហំធំមែនទែន គឺធំជាង​ព្រះអាទិត្យយើង ២៨ដង និងភ្លឺខ្លាំង​បំផុត​ផងដែរ។ ផ្កាយ​​​ទាំងបីនេះ គឺស្ថិតនៅជា​​មួយ​គ្នា​ជា​ចង្កោម ប៉ុន្តែមួយ​​​ចង្កោមនេះ គឺស្ថិតក្នុង​ប្រព័ន្ធ​​ស្តេច​ទាំងបី។

៤៖ ផ្កាយ​អាល់នីឡេម (Alnilam)៖ ជាប្រភេទ​ផ្កាយយក្ស ដែលមានចម្ងាយ ១,៣៤០ឆ្នាំពន្លឺពីភពផែនដី និងជាផ្កាយមានពន្លឺភ្លឺលំដាប់ទី ២៩ នៅលើមេឃរបស់​យើង និងលំដាប់ទី ៤ នៅក្នុងប្រព័ន្ធស្តេចទាំងបី។ វាមានពន្លឺភ្លឺជាងព្រះអាទិត្យ​យើង ៣៧៥,០០០ដង។ ទីតាំងរបស់វា គឺស្ថិតកណ្តាលជាផ្កាយទោល និងមានទីតាំងថេរ ដែលជាហេតុ​​​ធ្វើឲ្យតារាវិទូ​​ ងាយស្រួលយក​​វាធ្វើជាទីតាំង​​គោល ដើម្បីសម្គាល់​ផ្កាយផ្សេងៗ​​ទៀត ដោយ Alnilam មានទំហំធំ​ជាងព្រះអាទិត្យ​យើង ៤០ដង។

៥៖ ផ្កាយ​មីនតាកា (Mintaka)៖ វាជាប្រព័ន្ធផ្កាយ​ដើមគេ នៃប្រព័ន្ធផ្កាយ Orion Belt ឬស្តេច​ទាំងបី ដែលមាន​ចម្ងាយ ១,២០០ឆ្នាំពន្លឺពី​ភពផែនដី ហើយពន្លឺរបស់វា គឺខ្លាំងជាងព្រះអាទិត្យ​យើងរហូតដល់ ៩០,០០០ដង។ Mintaka ឬ Delta Orionis គឺជាប្រព័ន្ធផ្កាយ​ភ្លោះពីរ ដែលផ្កាយទាំងពីរនេះ​វិលជុំវិញគ្នាទៅវិញ​ទៅមក ក្នុងរយៈពេល ៥.៧៣ថ្ងៃ​របស់ផែនដី ជាមួយនឹងពន្លឺ​ភ្លឺលំដាប់ទី ៦៧ ឬ ៧៣ នៅលើ​ផ្ទៃមេឃ និង លំដាប់​ទី ៧ នៅក្នុងប្រព័ន្ធ​ស្តេចទាំងបី ហើយទំហំ​​របស់វា​វិញ អាច​​ស្មើនឹង​ព្រះអាទិត្យ​យើង​​គុណនឹង ២០ ឬលើស​ពីនេះ។

ឆ្ងល់តាំង​​ពីក្មេង! តើផ្កាយ​ទាំងបី​ជា​ជួរ ដែល​យើង​​ឃើញរាល់​យប់​ហ្នឹង មាន​អ្វី​ពិសេស? (ពិបាក​​យល់​​បន្តិច)

គួរបញ្ជាក់ថា ប្រព័ន្ធ​ផ្កាយ​ស្តេចទាំងបី ដែលផ្តុំទៅ​ដោយ​ផ្កាយទាំងបី​​ចង្កោមខាង​លើនេះ ពិតជា​លក្ខណៈស្មុគស្មាញ និងពិសេស​អមជាមួយគ្នា ហើយក្រុមតារា​វិទូបានអះអាងថា មានភពគោចរ​​ជុំវិញផ្កាយ​ទាំងនោះផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/EarthSky


480×240 Banner