NASA ទម្លាយអាថ៌កំបាំងនៃកញ្ចុំផ្កាយ «កូនមាន់» ដែលធំធេងលើសពីការស្មាន… (មានវីដេអូ)

1,207

(បរទេស)៖ បើនិយាយជាទូទៅ មនុស្សលោកលើផែនដីរួមទាំងនៅប្រទេសកម្ពុជាយើង សុទ្ធតែបានស្គាល់ និងចាប់អារម្មណ៍ចំពោះ «ផ្កាយកូនមាន់» ដែលលោកខាងលិចហៅថា Pleiades នោះជាយូរយាណាស់មកហើយ។ ប្រសិនបើត្រឹមមើលនឹងភ្នែកពេលរាត្រី នៅពេលមេឃស្រឡះល្អ ភ្នែករបស់យើងអាចត្រឹមកំណត់បានថា ផ្កាយកូនមាន់ មានសមាជិកសរុបក្រោម ១០ដួង ប៉ុណ្ណោះ…។ តែទោះជាយ៉ាងណា សមត្ថភាពនៃភ្នែកមនុស្សឬតេឡេស្កូបជាច្រើននៅមានកម្រិតណាស់…។

(សូមចុចទស្សនាវីដេអូនេះផ្ទាល់ក្នុងយូធូប Cambo Space Edu)

នៅអំលុងនៃការចាប់ផ្តើមការងារជាថ្មីក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គការ NASA បានទម្លាយចេញនូវរបកគំហើញថ្មីមួយដ៏គួរឲ្យភ្ញាក់ផ្អើលអំពី ផ្កាយកូនមាន់ ដែលមានចម្ងាយចាប់ពី ៤៤៤ឆ្នាំពន្លឺពីភពផែនដីយើងនោះ ហើយគ្រប់គ្នាពិតជានឹកស្មានមិនដល់ឡើយ។ ជាច្រើនឆ្នាំមកនេះ ក្រុមតារាវិទូបានគណនាថា សមាជិកនៅក្នុងកញ្ចុំផ្កាយកូនមាន់ (Pleiades Cluster) មានតែខ្ទង់ ១,០០០ដួងប៉ុណ្ណោះ ប៉ុន្តែលទ្ធផលសិក្សាថ្មីពីតេឡេស្កូបអវកាស TESS របស់ NASA, តេឡេស្កូបអវកាស Gaia របស់ ESA និងតេឡេស្កូបលើដីមួយចំនួនទៀត បានចេញលទ្ធផលថ្មីដែលលើសទិន្នន័យចាស់គុណនឹង៣ឯណោះ។

នេះជាទំហំ ២/៣ នៃផ្ទៃមេឃផែនដី ដែលពោពេញដោយផ្កាយស្ថិតក្នុងកញ្ចុំផ្កាយកូនមាន់ the Greater Pleiades Complex (Credit: NASA’s Goddard Space Flight Center; background, ESA/Gaia/DPAC; Boyle et. al. 2025)

ពិតណាស់! កញ្ចុំផ្កាយកូនមាន់ដែលយើងឃើញនឹងភ្នែករៀងរាល់រាត្រីនោះ មិនមែនមានតែផ្កាយប៉ុន្មានសិបដួងនោះឡើយ ដោយពេលនេះចំនួនត្រូវបានរកឃើញ គឺកើនដល់ទៅជាង ៣,០០០ដួងឯណោះ ដែលលាតសន្ធឹងក្នុងកញ្ចុំផ្កាយរួមមានអង្កត់ផ្ចិតជាមធ្យម ១,៩០០ឆ្នាំពន្លឺ ហើយក្រុមតារាវិទូហៅភាពធំធេងនៃក្រុមផ្កាយកូនមាន់ជាថ្មីបែបនេះថា The Greater Pleiades Complex។ ទំហំនេះពិតជានាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះជាច្រើនឆ្នាំមកនេះក្រុមតារាវិទូធ្លាប់គិតថា ពួកគេបានឈ្វេងយល់ច្បាស់លាស់ហើយ ពីក្រុមផ្កាយដែលមានវ័យក្មេងៗខ្ទង់តែ ១០០លានឆ្នាំនោះ ប៉ុន្តែតាមការពិត Pleiades នៅមានអាថ៌កំបាំងជាច្រើនដែលលាក់បាំងពីយើង…។

NASA ទម្លាយអាថ៌កំបាំងនៃកញ្ចុំផ្កាយ «កូនមាន់» ដែលធំធេងលើសពីការស្មាន… (មានវីដេអូ)
ផ្កាយពណ៌ខៀវៗ ក្មេងៗ និងក្តៅៗនៃកញ្ចុំផ្កាយកូនមាន់ (Credit: NASA, ESA and AURA/Caltech)

សម្រាប់អ្នកដែលមិនទាន់យល់ នោះគឺយើងត្រូវរម្លឹកដល់លទ្ធផលសិក្សាមុនសិន ដោយចំនួនផ្កាយសរុបក្នុង Pleiades Cluster (Messier 45 ឬ M45) មានចំនួនតែជាង ១,០០០ដួង ហើយក្នុងនោះប្រមាណជា ៦-៧ដួង ប៉ុណ្ណោះត្រូវបានមនុស្សតាំងពីបុរាណសម្គាល់ឃើញ និងដាក់ឈ្មោះឲ្យរាប់ពាន់លានឆ្នាំមកហើយ ខណៈនៅប្រទេសកម្ពុជាយើងចាស់ពីបុរាណមកបានហៅក្រុមផ្កាយនោះថា «ផ្កាយកូនមាន់»។ លទ្ធផលសិក្សាចាស់នោះបានបញ្ជាក់ទៀតថា អង្កត់ផ្ចិតរបស់ Pleiades គឺចន្លោះពី ១៧ – ៣៥ឆ្នាំពន្លឺ ប៉ុណ្ណោះ ប៉ុន្តែតាមរយៈការសិក្សាថ្មីនៅក្នុងឆ្នាំ២០២៥នេះ ចំនួនផ្កាយ និងប្រវែងអង្កត់ផ្ចិតនៃ Pleiades Cluster ត្រូវបានបង្កើនបន្ថែមលើសលទ្ធផលសិក្សាចាស់ដល់ទៅ ៣ដង

តារារាប់ពាន់ដួងក្នុងកញ្ចុំផ្កាយកូនមាន់ The Greater Pleiades Complex (Credit: NASA’s Goddard Space Flight Center; background, ESA/Gaia/DPAC; Boyle et. al. 2025)

ទោះជាយ៉ាងណា លទ្ធផលស្រាវជ្រាវថ្មីខាងលើនេះ ហាក់មិនទាន់បញ្ចប់ត្រឹមនឹងឡើយ… ព្រោះបើតាមក្រុមតារាវិទូមកពីសាកលវិទ្យាល័យរដ្ឋ North Carolina សហរដ្ឋអាមេរិក ដែលបាននិងកំពុងដឹកនាំការស្រាវជ្រាវមួយនេះបានសង្ស័យថា ផ្កាយរហូតដល់ទៅជាង ១០,០០០ដួងឯណោះ អាចស្ថិតនៅក្នុងសម្ព័ន្ធជាមួយ The Greater Pleiades Complex, នេះបើយោងលើទិន្នន័យចម្បងបន្សល់ទុកពីបេសកកម្ម Gaia របស់ ESA

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥)

480×240 Banner