តើច្រកឆ្លងចក្រវាល «Wormhole» ដូចក្នុងខ្សែភាពយន្ត «Interstellar» មានពិត ឬអាចកកើតឡើងទេ? (វីដេអូ)

944

(អវកាស)៖ ច្រកសម្ងាត់នៃចក្រវាឡ​ដែលត្រូវបាន​គេហៅថា «Wormhole» គឺជាច្រកផ្លូវកាត់នៃ Space-Time មួយ ដែលអនុញ្ញាត​ឲ្យអ្នកធ្វើដំណើរ​​ផ្សង​ព្រេងឆ្លង​កាន់ពីប្រព័ន្ធអាទិត្យ​មួយ ទៅកាន់ប្រព័ន្ធព្រះអាទិត្យ​មួយទៀត​នៅក្នុងរយៈ​ពេលដ៏ខ្លី ហើយជាទូទៅវាគឺជាមូលដ្ឋានគ្រឹះ​សំខាន់​របស់​​ខែ្ស​ភាព​យន្ត​ក៏ដូចជាសៀវភៅ​ទាំងឡាយណា ដែលពាក់ព័ន្ធ​នឹង​ការស្រមើស្រមៃ​នៅទីអវកាស ដូចជារឿង​ហូលីវូដ​ដ៏ល្បីល្បាញមួយនោះគឺ «Interstellar» កាលពី​ឆ្នាំ២០១៤ ក៏ប៉ុន្តែសំណួរ​​ចោទ​ជាសំខាន់​គឺថា​ តើវាអាចទៅរួច​បានដែរ​ឬយ៉ាងណា? តើយើងពិតជាអាច​បត់​និងពត់ពេលវេលា និងលំហអវកាស (Space-Time) ដើម្បីបង្កើត​ចេញជាច្រកផ្លូវឆ្លង​កាត់សម្រាប់​ដំណើរដ៏ងាយស្រួល​មួយ ហើយធ្វើឲ្យក្តី​សុបិនដ៏ធំ​មហិមា​ក្លាយជា​ការ​ពិតមែន​ឬ។ នេះបើ​តាមការដកស្រង់​ការផ្សាយ​ចេញពី​គេហទំព័រ SPACE នៅរសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧

(Video From YouTube: Cambo Space Edu)

ចម្លើយដ៏​ល្បីបំផុត​នោះគឺ៖ «ទំនងជាមិនអាចទៅរួចឡើយ»។ ពីព្រោះ? ដោយសារ​តែបញ្ហាទីមួយ​នោះគឺថា គំនិតនៃ​​ការអាចកើត​​មាន​ច្រកចក្រ​វាឡ (Wormhole) បានចាប់​ផ្តើមនៅពេល​ដែលអ្នកវិទ្យាសាស្រ្ត​ដូចជាលោក Ludwig Flamm និងក្រោយ​មកលោក Albert Einstein ព្រមទាំង​​លោក Nathan Rosen បានជ្រាបថា​ប្រហោងខ្មៅ «Blackhole» អាចលាត​សន្ធឹងខ្លួន​បាន។ នៅពេលអ្នក​មនុស្សម្នាក់ស​ម្រេច​​ចាប់​ផ្តើមធ្វើ​ការ​​ដោះ​ស្រាយ​សមីការ​ពាក់ព័ន្ធទូទៅ យន្តការ​ដែលព្យាករលើប្រហោងខ្មៅ​មួយ ស្របពេល​ជាមួយគ្នា​ក៏ធ្វើការព្យាករណ៍​អំពីបាតុភូតមួយ​​​ឲ្យ​ឈ្មោះថា​ប្រហោងស (Whitehole) ផងដែរ អ្វីដែល​សំខាន់នោះគឺថា​ ខណៈពេលដែលមាត់ច្រកនៃ​ពេល​វេលា (Event Horizon) របស់​ប្រហោងខ្មៅ ធ្វើការកំណត់​នូវ​​លំហរ​​អា​កាស​ដែលនៅ​ពេលអ្នកចូល​ទៅកាន់វា​ ហើយមិនអាច​មានឱកាស​ចេញមកវិញ​នោះឡើយ វា​មិន​អាច​​ទៅ​រួច​ក្នុង​ការ​ចូល​ទៅ​កាន់​ Event Horizon របស់​ប្រហោងស ទោះបីជា​អ្វីក៏ដោយ​ដែលស្ថិតនៅ​ក្នុងនោះ​រួចជាស្រេច​អាចចាកចេញ​បានយ៉ាង​ណាក្តី។

(រូបភាពពីបរទេស)

ជាមួយគ្នានេះ​យន្តការដូចគ្នា​ដដែលនោះ​ក៏ផ្តល់នូវកត្តា​បន្ថែមមួយ​ផងដែរគឺ៖ គ្រប់ប្រហោង​ខ្មៅ​ទាំងអស់​ជាធម្មជាតិ​ នឹងធ្វើការ​តភ្ជាប់​ជាមួយ​ប្រហោង​ស​តាមរយៈ Singularities របស់ពួកវា​ទាំងពីរ ដែលប្រការ​នេះនឹងបង្កើត​ចេញជាចក្រ​ផ្លូវចក្រវាឡ (Wormhole)… ឬមួយអត់​ទៅ​វិញ​ក៏ថាបាន ពីព្រោះ​ខណៈយើង​មានភស្តុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​អំពីវត្តមាន​របស់​ប្រហោងខ្មៅ ប្រហោងស​ហាក់ដូចជារឿង​ប្រឌិតមួយ​​នៅឡើយ ដោយបច្ចុប្បន្ន​ពុំទាន់មាន​នីតិវិធី​ណាមួយ​ ដែលយើងដឹង​នៅក្នុង​ចក្រវាឡ​របស់យើង ដែលនឹង​ពិតជា​អាចធ្វើឲ្យ​កកើតពួកវា​នោះ​ឡើយ ហើយប្រសិន​បើប្រហោងស​ទាំងនោះ ពិតជាលេច​រូបរាងមែន​នោះ កម្រិតអស្ថិរភាព​ធម្មជាតិ​ដ៏ខ្លាំងសម្បើម​របស់ពួកវា ​នឹងបណ្តាល​ឲ្យពួកវា​រលាយបាត់​ទៅវិញមួយរំពិច​ជាក់ជា​មិនខាន។

ម៉្យាងវិញទៀត​ដំណើរការ​នៃការបង្កើតប្រហោងខ្មៅ (ការរលាយ​នៃផ្កាយដ៏ធំៗ​មហិមា) ក៏នឹងធ្វើ​ការរារាំង​ដោយស្វ័យប្រវត្តិ​ចំពោះការកកើត​​របស់​ប្រហាងស ដែលមាន​សម្ព័ន្ធរួមគ្នា​ផងដែរ។ ដោយឡែក​បើសិន​ជាពួកវា​ទាំងពីរ (ប្រហោងខ្មៅ​និងប្រហោងស) អាចកកើត​ជាមួយគ្នា​​បាន​មែននោះ (ធាតុពិតមិន​អាចជាដាច់ខាត) ទំនាញដ៏​ខ្លាំងក្លានៃ Singularities របស់ពួកវា​នឹងបង្កឲ្យ​ចក្រផ្លូវ Wormhole ពន្លាត​ខ្លួនភ្លាមៗ ហើយ​​រលាយ​បាត់យ៉ាងឆាប់រហ័ស​ជាទីបំផុត លឿនជាង​អ្វីមួយអាច​ឆ្លងកាន់វា​បានទៅទៀត។

(រូបភាពពីបរទេស)

ទោះបីជាបែបនេះក្តី​ក៏មិនអាចហាមឃាត់​មនុស្សចំនួន​ប្រើប្រាស់ពាក្យ «បើសិនជា» នោះដែរ។ បើសិនជា​ប្រហោងស (Whiteholes) អាចកកើត​​ឡើងបានដោយ​ធម្មជាតិ ឬមួយក៏​បង្កើតឡើង​តើយ៉ាងម៉េចវិញ? បើសិនជា​យើងអាច​ធ្វើឲ្យពួកវា​មានលំនឹង​តើយ៉ាងម៉េចវិញ? បើសិនជា​យើង​​អាចតភ្ជាប់ Singularity របស់​ប្រហោងស​ជាមួយ​ប្រហោងខ្មៅ ហើយបង្កើត​ចេញជាច្រកចក្រវាឡ​តើយ៉ាងម៉េចវិញ?

បញ្ហានោះគឺថាចក្រ​ទ្វារចូល​របស់ Wormhole (ប្រៀបដូចជា​បំពង់ក) ស្ថិតនៅ​ផ្នែកខាង​ក្នុងនៃ Event Horizon របស់ប្រហោង​ខ្មៅតែម្តង ដែល​នេះ​ហើយគឺជាបញ្ហា​ចម្បងទីពីរ។ អត្ថន័យ​ចម្បងរបស់ Event Horizon គឺថា​នៅពេលដែល​អ្នកធ្វើ​ដំណើរ​ឈានចូល​ក្នុងតំបន់វា​ហើយ អ្នក​ពុំអាចចាក​ចេញពី​​ទីនោះ​បាន​ឡើយ ដោយគ្មាន​ផ្លូវឬមួយ​ក៏មធ្យោបាយ​អ្វីទាំងអស់ ហេតុនេះ​ហើយវា​មិនជារឿងសំខាន់ទៀតនោះ​ឡើយ ដែល​រូងផ្លូវ Wormhole ស្ថិតនៅ​ក្នុងនោះ ព្រោះថា​អ្នកគ្មាន​ឱកាសចាកចេញ​ឡើយ។

(រូបភាពពីបរទេស)

នៅក្នុង Event Horizon របស់ប្រហោងខ្មៅ អ្នកមានគោល​ដៅតែមួយគត់គឺ «Singularity Town» ដែលជាកន្លែង​កម្លាំងទំនាញ​ដ៏មានឥទ្ធិពល​ខ្លាំងក្លាជាទីបំផុត និងមានសម្ពាធ​ឥតឈប់ឈរ​នោះឡើយ។ ដូច្នេះនិយាយ​ថា​ អ្នកបានចូល​ទៅដល់ចក្រផ្លូវ​ចក្រវាឡ (Wormhole) ទៅចុះ​ នៅពេល​នោះអ្នកអាច​មើលឃើញពន្លឺ​នៃផ្នែកមួយ​របស់ចក្រវាឡ​ពីចក្រវាឡម្ខាង​ទៀត ប៉ុន្តែបាន​ត្រឹមរង់ចាំ​សេចក្តីស្លាប់​ដោយរងទុក្ខវេទនា​តែ​​ប៉ុណ្ណោះ​ ស្របពេល​ដែល​កំពុង​ឆ្ពោះយ៉ាង​សន្សឹមៗ​ទៅកាន់ Singularity របស់​ប្រហោងខ្មៅ។

ដូច្នេះតើមាន​មធ្យោបាយ​ដើម្បីបង្កើត​ច្រកចក្រវាឡ (Wormhole) ដែលអា​ប្រើប្រាស់បានមួយ​ដែរឬយ៉ាងណា ជាជាង​ចក្រផ្លូវ​ដ៏គួរឲ្យភ័យ​ខ្លាច​ ដែលឆ្ពោះទៅ​រកសេចក្តីវិនាស​មិនអាចគេច​ផុតវិញនោះ? ចម្លើយពិត​ជា​គួរឲ្យភ្ញាក់​ផ្អើលគឺ «មាន» ក៏ដូចជាមិនមានដែរ ពីព្រោះដើម្បី​បង្កើត​​ច្រកចក្រវាឡ​មួយដែល​អាចធ្វើ​ដំណើរ​បាន អ្នកត្រូវយកឈ្នះលើបញ្ហាពីរយ៉ាងគឺ ទីមួយ៖ មាត់ទ្វាចូលរបស់ Wormhole ចាំបាច់ត្រូវតែស្ថិត​នៅ​ផ្នែកខាងក្រៅនៃច្រក​ពេលវេលា (Event Horizon) របស់ប្រហោងខ្មៅ ដែលប្រការ​នេះនឹងអនុញ្ញាត​ឲ្យអ្នកចូល​ទៅកាន់ច្រកចក្រវាឡ​ ហើយ​ឆ្លងកាត់​ដើម្បី​ចាកចេញ​ឆ្ពោះទៅកាន់​គោលដៅ​ដ៏សែនឆ្ងាយ​របស់អ្នក ដោយមិនខ្លាច​ជួបប្រទះនូវ Singularity ​ណា​មួយ​ឡើយ។ ទីពីរ៖ ផ្លូវ​របស់ Wormhole ផ្ទាល់ត្រូវ​តែមានលំនឹង​ហើយរឹងមាំ ដោយចាំ​បាច់ត្រូវតែ​អាចទប់ទល់​នឹងទំនាញ​ដ៏ខ្លាំងរបស់ Singularities របស់​​ប្រ​ហោង​​ខ្មៅ​​ និង​ប្រហោងស ហើយអត់ធន់​នឹងការដាច់ចេញ​ពីគ្នា នៅពេល​ដែលមាន​វត្ថុហោះ​ធ្វើដំណើរ​ឆ្លងវា។

តើច្រកឆ្លងចក្រវាល «Wormhole» ដូចក្នុងខ្សែភាពយន្ត «Interstellar» មានពិត ឬអាចកកើតឡើងទេ? (វីដេអូ)
(រូបភាពពី Interstellar 2014)

អ្វីដែល​ពិសេសនោះ​គឺជារូបធាតុម៉្យាង​ដែលអាចដោះស្រាយ​បញ្ហារាំងស្ទះទាំងពីរ​នេះបាន ប៉ុន្តែរូបធាតុ​នេះ​មានបញ្ហា​របស់ខ្លួន​វាផ្ទាល់​គឺ៖ វាមាន​ម៉ាស​អវិជ្ជមាន (Negative Mass)។ យ៉ាងណាមិញ បណ្តុំ​នៃរូបធាតុ​ដែលមានម៉ាស​អវិជ្ជមាន​នេះ អាចយក​ទៅប្រើប្រាស់​ក្នុងការ​​បង្កើត​ច្រកចក្រវាឡ​ដែលមាន​ប្រយោជន៍​ និងប្រើប្រាស់​យ៉ាងពេញ​លេញ​មួយបាន។ រូបធាតុ​នេះមាន​សមត្ថភាព​ធ្វើឲ្យមាត់ទ្វារ​របស់ Wormhole ស្ថិត​នៅ​ក្រៅតំបន់​នៃចក្រពេល​វេលា (Event Horizon) និងផ្តល់​ស្ថិរភាព​ដល់រូងផ្លូវ​របស់ Wormhole ប្រឆាំង​នឹងអស្ថិរភាព​បាន ក៏ប៉ុន្តែ​តើរូបធាតុ​​បែប​នេះអាច​មានវត្តមាន​ដែរឬទេ? ក្រុមអ្នក​វិទ្យាសាស្រ្ត​បានតាមដាន​ និងពិនិត្យ​មើល​ផ្នែកជាច្រើន​នៃចក្រវាឡ ហើយពួកគេ​មិនដែល​បានប្រទះ​​ឃើញ​រូបធាតុ Negative Mass នោះ​ឡើយ តែបើសិនជា​រូបធាតុ​នេះមាន​ពិតមែន​នោះ វាគឺជារឿង​ដ៏អស្ចារ្យ​បំផុត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (អត្ថបទចេញក្នុងឆ្នាំ២០១៧)

480×240 Banner