ត្រៀមៗ! នៅថ្ងៃទី៣១ ខែកក្កដា ភពអង្គារនឹងគោចរមកគន្លងកៀកផែនដីបំផុត ដែលជាបាតុភូតកម្រកើតមាន…
(អាមេរិក)៖ ក្នុងអំឡុងខែមិថុនានេះ ភពអង្គារ (Mars) បានចំណាយពេលស្ថិតនៅក្នុងចំណោមកញ្ចុំផ្កាយ Capricornus ដោយចាប់តាំងពីដើមខែនេះ វាបានបន្តលេចឡើងនៅក្រោយពាក់កណ្តាលអាធ្រាតជារៀងរាល់ថ្ងៃ ហើយបន្តអាចឲ្យយើងតាមទស្សនាបានរហូតដល់ពេលព្រលឹម នៅឯតំបន់ភាគអាគ្នេយ៍នៃផ្ទៃមេឃ។ នេះបើតាម Space.com ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ដោយឡែក នៅពេលផុតពាក់កណ្តាលខែទៅ ភពអង្គារបានចាប់ផ្តើមរះឡើងនៅមុនពាក់កណ្តាលអាធ្រាតវិញ ដែលនឹងបន្តរហូតដល់ចុងរដូវក្តៅរបស់អាមេរិក។ ពេលមកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញ Mars នឹងបញ្ឈប់ចលនាគោចរឆ្ពោះទៅរកភាគខាងកើតរបស់វា ហើយចាប់ផ្តើមចលនាមើលទៅដូចបញ្រ្ចាស់ដែលគេហៅថា Retrograde Loop ដែលនឹងប្រព្រឹត្តទៅរហូតដល់ចុងខែសីហា។
គួរជម្រាបថា ក្នុងអំឡុងខែមិថុនានេះ ចលនគន្លងគោចររបស់ផែនដី នឹងបន្តកាត់បន្ថយគម្លាតរវាងយើងពីភពក្រហម Mars។ ជាលទ្ធផលភពអង្គារនឹងកើនឡើងពន្លឺ និងមើលទៅធំជាងមុខ។ កាលពីថ្ងៃទី០៣ ខែមិថុនា ព្រះច័ន្ទបានរះឡើងនៅកម្រិត ០៣ដឺក្រ ខាងក្រោម Mars ខណៈនៅពេលដែល Mars លេចឡើងនាយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញ ព្រះច័ន្ទនឹងនៅកម្រិត ៤.៥ដឺក្រេ ពីផ្នែកលើខាងដៃរបស់វា (នៅជិតព្រះច័ន្ទ និងមានពន្លឺទឹកក្រូច នឹងនរប្លែកពីគេ)។
គួរជម្រាបថា នៅថ្ងៃទី៣១ ខែកក្កដា ចុងខែក្រោយវិញនោះ ភពអង្គារនឹងធ្វើដំណើរដល់ចំណុចកៀកបំផុត នៅក្នុងគន្លងរបស់វាមកផែនដី គឺនៅចម្ងាយប្រហែល ៥៧.៦លានគីឡូម៉ែត្រពីភពរបស់យើងប៉ុណ្ណោះ ខណៈនេះគឺជារយៈចម្ងាយដ៏ខ្លីបំផុតរវាងភពទាំងពីរ គិតចាប់តាំងពីឆ្នាំ២០១៣មក។
យ៉ាងណាក្តី ភពអង្គារនឹងមើលទៅខ្សោយចុះពន្លឺទៅវិញ នៅពាក់កណ្តាលខែសីហា ដោយសារភពក្រហមនេះ និងផែនដី នឹងធ្វើដំណើរឃ្លាតឆ្ងាយពីគ្នា នៅក្នុងគន្លងរៀងៗខ្លួនជុំវិញព្រះអាទិត្យ៕