ភពអេលៀន​យ៉ាងតិច «១០,០០០ភព» នឹងត្រូវរកឃើញ​ក្រោយ TESS ដំណើរការ​ផ្លូវការ!

176

 

(វ៉ាស៊ីនតោន)៖ កែវយឺតឆ្លុះភពថ្មី​បំផុត​របស់ទីភ្នាក់ងារ​អវកាស NASA ទើបតែបានចាប់​ផ្តើមបេសកកម្មរបស់វា​ប៉ុណ្ណោះ ប៉ុន្តែចូរទស្សន៍​ទាយ​ទៅមើលថា តើ​ភពថ្មីៗចំនួនប៉ុន្មាន​ថែមទៀត ដែលនឹងត្រូវកែវយឺត​អវកាសនេះរុករក​ឃើញ។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញ​ពីវែបសាយ Space.com នៅយប់ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

បើតាមការប៉ាន់​ស្មាន​របស់​ក្រុមអ្នក​វិទ្យាសាស្រ្ត​​ នៅពីក្រោយ​បេសកកម្ម Transiting Exoplanet Survey Satellite ហៅ​កាត់ថា TESS ​យាន​អវកាសនេះ គួរឲ្យអាចស្វែងរក​ឃើញ​​ភព​​ប្រមាណ ១០,០០០ភព នៅក្នុងបេសកកម្ម​រយៈពេល ០២ឆ្នាំ​ របស់វា​ហើយ ​៣,៥០០ភព​ ក្នុង​ចំណោមនោះ គួរតែមានទំហំ​តូចជាង​ណិបទូន ដែលជាការផ្តោតសំខាន់​​​របស់​បេសកកម្មនេះ។

ម៉្យាងវិញទៀត​ប្រសិន​បើកែវយឺត​​អវកាសនេះ អាចបន្តធ្វើការ​បានយូរជាងគម្រោង​រំពឹងទុក​បច្ចុប្បន្ននោះ​ចំនួនភពអេលៀន​ដែលអាចត្រូវរក​ឃើញ ក៏នឹងកើនឡើង​​ទៅ​តាមនោះដែរ ប៉ុន្តែសម្រាប់​ការវិភាគថា ភពនោះអាចទ្រទ្រង់ជីវិតបាន ឬមួយក៏អត់នោះ គឺត្រូវរង់ចាំដល់ James Webb បាញ់បង្ហោះនៅឆ្នាំ២០២១ ដែលមានវាសមត្ថភាព វិភាគដឹងអំពីធាតុផ្សំ និងបរិយាកាស​នៃភពដែលត្រូវបាន​រកឃើញ។

គួរជម្រាបថា TESS បានចាប់ផ្តើមធ្វើ​ប្រតិបត្តិការឆ្លុះរកភព​ នៅក្រៅប្រព័ន្ធព្រះអាទិត្យ កាលពីប្រមាណ ០២សប្តាហ៍មុន ក្រោយពីវាត្រូវ​បាន​គេបាញ់បង្ហោះឡើងទៅ​ទីអវកាស កាលពី​ខែមេសាកន្លងទៅ ប៉ុន្តែសម្រាប់​ដំណើរការផ្លូវការ និងលទ្ធផល​បឋមរបស់វា នឹងចេញនៅ​អំឡុង​ឆ្នាំ២០២០៕

480×240 Banner