តើប្រទេស​យក្សទាំង ១០ លើផែនដី​នេះ​មាន «ខេត្ត ឬរដ្ឋ» ចំនួនប៉ុន្មានរៀងៗខ្លួន?

336

 

(ភ្នំពេញ)៖ បើតាមតួលេខជាផ្លូវការចំនួនប្រទេសនៅលើសកលលោកយើងនេះ មានចំនួនរហូតដល់ទៅ ១៩៥ប្រទេស ក្នុងនោះមានទាំងប្រទេសដែលមាន​ប្រជាជន​តិច​បំផុតរហូតដល់ទៅរាប់ពាន់លាននាក់ និងពីប្រទេសដែលមានផ្ទៃដីស្ទើរតែប៉ុនកោះ​តូច មួយរហូតដល់ទំហំរាប់លានគីឡូម៉ែត្រក្រឡា។ ខាងក្រោមនេះជាចំនួនខេត្ត ឬរដ្ឋ ព្រមទាំងប្រជាជន នៃបណ្តាប្រទេសយក្សទាំង ១០ ដែលមានផ្ទៃដី​ធំជាងគេជាង​ឯងនៅលើសាកលលោក។

១០៖ ប្រទេសអាល់ហ្សេរី៖ ប្រទេសអាហ្វ្រិក​ខាងជើងមួយនេះ​មានផ្ទៃដីសរុប 2,381,741 គីឡូម៉ែត្រក្រឡា និងប្រជាជន​ជាង ៤០លាននាក់។ ប្រជាជាតិ​ដ៏ធំមួយនេះ​មានខេត្ត ឬ​ភាសាអាល់ហ្សេរីហៅថា វីឡាយ៉ាស ចំនួន ៤៨ ជាមួយនឹងរដ្ឋធានីឈ្មោះ អាល់ជីស។

០៩៖ ប្រទេស​កាហ្សាក់ស្ថាន៖ ប្រជាជាតិអតីតស្ថិត​នៅក្រោមសហភាពសូវៀតមួយនេះ ស្ថិតនៅតំបន់​អាស៊ីផងដែរ ដែលមានផ្ទៃដីធំធេងខ្លាំង​ណាស់រហូតដល់ទៅ 2,724,900 គីឡូម៉ែត្រក្រឡា ជាប់លេខ ៩ លើលោក ជាមួយនឹងប្រជាជន​សរុប ១៨លាននាក់ រស់នៅក្នុងខេត្តចំនួន ១៤ និងរដ្ឋធានីឈ្មោះអាស្តាណា។

០៨៖ ប្រទេសអាហ្សង់ទីន៖ ប្រទេសអាមេរិក​​ខាងត្បូងមួយនេះ​​មានផ្ទៃដីទំហំ 2,780,400 គីឡូម៉ែត្រក្រឡា ជាមួយនឹង​ប្រជាជន​សរុបជាង ៤៤លាននាក់។ ប្រទេសដ៏ធំ​ធេងមួយនេះ​មានខេត្តចំនួន ២៣ និងរដ្ឋធានីឈ្មោះ​ប៊ុយណូសអ៊ែរែស។

០៧៖ ប្រទេសឥណ្ឌា៖ មហាយក្សលេខពីរ​ប្រចាំតំបន់អាស៊ីមួយនេះ ក៏មានប្រជាជន​ច្រើនលំដាប់​លេខ ២ នៅលើលោកផងដែរ គឺរហូត​ដល់ជិត ១,៣០០លាន​នាក់ហើយ។ ជាមួយផ្ទៃដី​ដ៏ធំធេង ឥណ្ឌាមានរដ្ឋ​ចំនួន ២៩ និង​រដ្ឋធានីឈ្មោះ ញូដេលី ខណៈម៉ុមបៃជាទីក្រុង​សេដ្ឋកិច្ច​ធំ ដែលមានប្រជាជន​រស់នៅច្រើនបំផុត។​ប្រទេសឥណ្ឌាមានផ្ទៃក្រឡាជាង 3.287.000 គីឡូម៉ែត្រក្រឡា។

០៦៖ ប្រទេសអូស្ត្រាលី៖ ប្រទេសនេះមានផ្ទៃដីធំធេងណាស់ គឺយកមួយទ្វីបតែឯងតែ​ម្តងដែលមានទំហំ 7,741,220 គីឡូម៉ែត្រក្រឡា។ ជាមួយផ្ទៃដីធំធេងខ្លាំងបែបនេះ អូស្ត្រាលីមានប្រជាជនរស់នៅក្នុងរដ្ឋចំនួន ៦ របស់ខ្លួនតែជាង ២៤លាននាក់ប៉ុណ្ណោះ ខណៈរដ្ឋធានីរបស់ប្រទេសនេះ គឺ កង់បេរ៉ា ប៉ុន្តែកន្លែងដែលមានប្រជាជនរស់នៅច្រើន គឺមែលប៊ន និងស៊ីដនី។

០៥៖ ប្រទេស​​ប្រេស៊ីល៖ ប្រទេសដ៏ធំធេងបំផុត​ប្រចាំតំបន់​អាមេរិកឡាទីន​មួយនេះ ក៏ជាប្រទេសមាន​​ផ្ទៃដីធំបំផុតលំដាប់​លេខ ៥ នៅលើសកលលោក​​ផងដែរ ជាមួយនឹង​ផ្ទៃដី​សរុប 8,514,877 គីឡូម៉ែត្រក្រឡា។ ប្រេស៊ីលមាន​​ប្រជាជនសរុបជិត ២១០លាននាក់ រស់នៅតាមបណ្តា​​រដ្ឋចំនួន ២៦ និងទីក្រុងធំៗ​ដូចជា រីយ៉ូ, សៅប៉ូឡូ ព្រមទាំង​រដ្ឋធានី​ឈ្មោះ​ប្រេស៊ីឡា។

០៤៖ ប្រទេសចិន៖ មហាយក្ស​លេខ ១ ទាំងសេដ្ឋកិច្ច និងចំនួនជាប្រជាជន​នៅទ្វីបអាស៊ី​មួយនេះ មានផ្ទៃដីធំធេង​ណាស់រហូតដល់ 9,596,961 គីឡូម៉ែត្រក្រឡា​ឯណោះ ដែល​ជាប់លេខ ៤ នៅលើពិភពលោក។ ប្រទេសចិនមាន​ខេត្តសរុប​ចំនួន ៣៤ និងទីក្រុងធំៗ​ជាច្រើនទៀត​ដូចជា ប៉េកាំង (រដ្ឋធានី), ធានជិន, សៀងហៃ, ចុងគីង, ហុងកុង និងម៉ាកាវ​ជាដើម ខណៈប្រជាជន​សរុបគឺក្បែរ ១,៤០០លាននាក់​ទៅហើយ។

០៣៖ សហរដ្ឋអាមេរិក៖ មហាអំណាច​យោធា និងសេដ្ឋកិច្ច​លំដាប់លេខ ១ នៅលើ​ពិភពលោកនេះ​មានផ្ទៃដីសរុប 9,826,675 គីឡូម៉ែត្រ​ក្រឡា ជាប់លេខបី​លើភពផែនដី។ អាមេរិកមាន​រដ្ឋសរុបចំនួន ៥០ និងរដ្ឋធានី​ឈ្មោះវ៉ាស៊ីនតោនឌីស៊ី ជាមួយប្រជាជន​រស់នៅ​សរុបជិត ៣២៦​លាននាក់។

 

០២៖ ប្រទេស​កាណាដា៖ ប្រជាជាតិដ៏ត្រជាក់សន្ធឹង​ដល់ជិតប៉ូលខាងជើង​ភពផែនដី​នេះ មានផ្ទៃដីធំធេងខ្លាំង​ណាស់រហូតដល់ទៅ 9,984,670 គីឡូម៉ែត្រក្រឡា ប៉ុន្តែ​ប្រជាជន​វិញមានតែ​ចំនួនជាង ៣៧លាននាក់ប៉ុណ្ណោះ។ កាណាដា​មានខេត្តចំនួនតែ ១០ និងទីក្រុងធំៗ​ដូចជា អូតាវ៉ា (រដ្ឋធានី) និង​កេប៊ិចជាដើម។

 

០១៖ ប្រទេសរុស្ស៊ី៖ មហាអំណាច​យោធា​លេខ ២ ប្រចាំ​ពិភពលោកនេះ គឺមានផ្ទៃដី​ធំធេងខ្លាំងជាងគេ​បំផុតរហូត​ដល់ទៅ 17,098,242 គីឡូម៉ែត្រក្រឡា ស្មើនឹងប្រទេស​ប្រេស៊ីល​គុណនឹងពីរទៅហើយ។ ប្រជាជនរុស្ស៊ី​ក៏មិនតិចនោះដែរ គឺមានចំនួន​រហូតដល់ខ្ទង់ ១៤៥លាននាក់។ ជាការ​ពិតខេត្ត ឬតំបន់ ព្រមទាំង​សាធារណរដ្ឋ គឺត្រូវបានចាត់​ចូលក្នុងទឹកដីរុស្ស៊ី​ទាំងអស់ ដែលមាន​សរុបចំនួន​ជាង ៨០ (តំបន់រដ្ឋបាលគ្រប់គ្រង) និងមានរដ្ឋធានីឈ្មោះម៉ូស្គូ៕

 

ចងក្រងដោយ៖ Cambo Space
ប្រភព៖ Wikipedia និង infoplease.com

480×240 Banner