រឿងចម្លែកមួយ​កើតឡើងលើតារាភ្លោះ​ដ៏អាថ៌កំបាំង ដែលអ្នក​វិទ្យាសាស្ត្រ​កំពុងសិក្សា!

168

 

(អាមេរិក)៖ ការសិក្សាថ្មីមួយ​បានរៀបរាប់​ឲ្យដឹងពី ​ការផុតរលត់អាយុកាល​របស់ផ្កាយ​ដ៏ធ្ងន់មួយ ដែលបានផ្ទុះក្នុង​បាតុភូត​បន្ទុះ​​សូភើណូវ៉ា​ដ៏ចម្លែក ដែលឲ្យតំរុយថា​ផ្កាយមួយដួងនោះ ប្រហែលជាមាន​ដៃគូរបស់វាមួយ​ដែលគេមើល​ពុំឃើញ។ នេះ​បើ​តាម​ការ​​ដក​​ស្រង់​​ការ​​ផ្សាយ​​ចេញ​ពី​​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

យោងតាមការ​សិក្សាខាងលើ ផ្កាយមួយដួង​ទៀត (ភ្លោះ) ដែលគេមើលពុំឃើញ ទំនងជាបាន​ស្រូបយកម៉ាស​របស់ផ្កាយ​ខាងលើ ​ដែលជា​ហេតុ​ធ្វើ​ឲ្យវាផ្ទុះចេញជាបន្ទុះ​សូភើណូវ៉ា (Supernova) ដ៏រហ័សមួយ ហើយជាលទ្ធផល​វាបានក្លាយទៅជាផ្កាយណឺត្រុង​ងាប់មួយដួង ដែល​នៅ​ធ្វើគោចរ​ជុំវិញ​​ដៃគូអាថ៌កំបាំង​របស់វា។ ដោយសារផ្កាយ​ណឺត្រុងថ្មីខាងលើ និងដៃគូ​របស់វា​ស្ថិតនៅក្បែរគ្នាខ្លាំង ទីបំផុត​ពួកវា​ទាំង​ពីរ​​នឹង​ប៉ះ​ទង្គិច​គ្នា ដូចក្នុង​ព្រឹត្តិការណ៍​ឆ្នាំ២០១៧ ដែលបាន​បង្កើតចេញពី​រលកទំនាញ និងរលកអេឡិចត្រូម៉ាញេទិច​ក្នុងទីអវកាស។

នៅពេល​ផ្កាយធ្ងន់មួយ ដែលមានម៉ាសច្រើន​ជាង​ព្រះអាទិត្យយ៉ាងតិច ០៨ដង លែងមាន​សារធាតុទ្រទ្រង់ចំហេះវា ស្នូលរបស់វានឹងរលំ​រលាយដោយ​សារ​​កម្លាំងទំនាញ ហើយ​ឈានទៅរក​ហេតុការណ៍ផ្ទុះ​ដ៏កក្រើកមួយ ដែលនឹងធ្វើឲ្យរាល់​​ស្រទាប់ផ្នែកខាងក្រៅ​របស់​ផ្កាយនោះ​ខ្ទាត​ចេញ​ពី​ខ្លួនវា ដោយបន្សល់ទុកនូវ​​ផ្កាយណឺត្រុង​ដ៏ក្រាស់មួយវិញ។ ផ្កាយណឺត្រុង​តែមួយចំណិត​តូចប៉ុណ្ណោះ អាចមានទម្ងន់ធ្ងន់​ស្មើនឹងភពនៅលើ​​ផែនដី។

ក្នុងអំឡុង​បាតុភូត Supernova រាល់រូបធាតុនានានៅ​ស្រទាប់ផ្នែកខាងក្រៅ​​​​របស់ផ្កាយ ដែលជាធម្មតា​ធ្ងន់ជាង​ព្រះអាទិត្យពីរទៅបីដង​​ឯណោះនោះ នឹងត្រូវខ្ទាតចេញ​ពីខ្លួនវា។ ប៉ុន្តែ​សម្រាប់ព្រឹត្តិការណ៍​ខាងលើនេះ អ្នកវិទ្យាសាស្រ្ត​បានសង្កេត​ឃើញថា រូបធាតុដែល​ខ្ទាត​ចេញ គឺមានទម្ងន់ត្រឹមតែ ០១ភាគ០៥ នៃម៉ាសរបស់ព្រះអាទិត្យ​ប៉ុណ្ណោះ។

គួរជម្រាបថា ហេតុដូចនេះ​ហើយ ទើបអ្នកវិទ្យាសាស្រ្ត​បាន​សន្និដ្ឋានថា ម៉ាសរបស់​វាប្រហែលជា​ត្រូវបាន​លួចស្រូបយក​ ដោយ​វត្ថុជា​​ដៃ​គូម៉្យាង​ដែលក្រាស់ ហើយនៅ​កៀកគ្នា ដោយវាអាចជា​ផ្កាយស White Dwarf ផ្កាយ​ណឺត្រុង ឬក៏​ប្រហោងខ្មៅ៕

480×240 Banner