បើមិន​អាច​ចៀសវាងបាន តើគួរឲ្យ​ក្មេងលេង​ស្មាតហ្វូន​ប៉ុន្មានម៉ោង​ក្នុង​មួយថ្ងៃ?

494

(អាមេរិក)៖ ឪពុក-ម្តាយគ្រប់​រូបគួរឲ្យកត់ចំណាំ​ទាំងអស់គ្នាថា ប្រសិនបើអ្នក​ចូលចិត្តបើកទូលាយ​ឲ្យកូនៗ​​ លេង​ស្មាត​ហ្វូន​ ឬ​ថេប្លេតតាម​តែអំពើចិត្ត​នោះ វានឹងបង្កផលវិភាគ​ធ្ងន់ធ្ងរដល់​ពួកគេ ជាពិសេសនោះ​គឺវាអាចបំផ្លាញខួរក្បាល​របស់ក្មេងៗ​ទាំងអស់នោះបានថែមទៀត។ នេះមិនមែន​ជាលើកទីមួយ​នោះឡើយ សម្រាប់​ការ​ព្រមាន ពីសំណាក់វេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវ​សុខភាពនានារបស់អន្តរជាតិ។

បើតាម​ការសិក្សាស្រាវជ្រាវថ្មីៗ​បានឲ្យដឹងថា ការប្រើប្រាស់ និងសំឡឹងមើលទូរស័ព្ទ​​យូរ​ៗពេក អាចឈានទៅ​រកជំងឺ​ញៀន​ស្រ្គីន (Screen Dependency Disorder ឬហៅកាត់ថា SDD) ដែលនាំមកជា​មួយនូវរោគសញ្ញាជាច្រើន​រួមមានដូចជា ការមិន​ងងុយ​គេង ឈឺ​ខ្នង ឡើង​ឬស្រកទម្ងន់ បញ្ហាភ្នែកស្រវាំងទៅៗ ឈឺក្បាល និងកង្វះអាហារ​រូបត្ថម្ភជាដើម។

ក្រៅពីអាការៈ​ផ្នែករូបរាងកាយ ជំងឺ SDD ក៏បង្ករោគសញ្ញា​ផ្នែកសតិអារម្មណ៍​ផងដែរ ដូចជា ភាពតានតឹង ភាព​មិនស្មោះ​ត្រង់ ភាពមានកំហុស និងភាព​ឯកោ។ អ្វីដែលគួរឲ្យ​ព្រួយបារម្ភបំផុត​នោះ គឺជំងឺញៀនស្រ្គីននេះ អាចឈាន​ទៅដល់​ការ​បំផ្លាញ​ប្រព័ន្ធប្រសាទ​​បាន ដោយគេរក​ឃើញថា អ្នកដែលមាន SDD បានបង្ហាញ​សញ្ញាមិនប្រក្រតី នៅក្នុង​ប្រព័ន្ធ​​ខួរក្បាល​របស់​​ពួកគេ។

យ៉ាងណាក៏ដោយ បែបនេះ​ពុំមែន​មានន័យថា យើងមិនគួរ​ឲ្យក្មេងៗប្រើ​គ្រឿង​អេឡិចត្រូនិក​ទាំងស្រុងឡើយ។ ឧបករណ៍​​​ទាំងនេះ បានដើរ​តួនាទីយ៉ាងសំខាន់​សម្រាប់ការទំនាក់ទំនង ការសិក្សាជ្រាវជ្រាវ រៀនសូត្រ និងកម្សាន្ត ក្នុង​ចំណោម​មុខ​ងារ​​ដទៃទៀត។ ដូច្នេះឪពុក-ម្តាយ អាចឲ្យពួកគេ​ប្រើបាន ប៉ុន្តែការប្រើប្រាស់​ត្រូវមានតុល្យភាព​ត្រឹមត្រូវ។ ​

គួរជម្រាបថា ក្មេងៗ​អាយុ​ចាប់ពី ២-៥ឆ្នាំ គួរចំណាយ​ពេលច្រើនបំផុតត្រឹម​តែ ១ម៉ោងប៉ុណ្ណោះ នៅពីមុខស្រ្គីន​ទូរស័ព្ទ​ដៃ ឬ​​ឧបករណ៍អេឡិចត្រូនិក​ដទៃទៀតក្នុងមួយថ្ងៃ។ ចំណែកឯទារក​អាយុក្រោម ១៨ខែ គួរតែមិនឲ្យ​មើលស្រ្គីនទាំងនេះ​សោះ​​​តែ​ម្តង​៕​

480×240 Banner