គួររៀបចំ និងទទួលទាន តាមរបបអាហារទាំងនេះ បើចង់ឲ្យ «ជំងឺបេះដូងធូរស្រាល» មកវិញ!
(បរទេស)៖ បរិភោគឲ្យបានត្រឹមត្រូវ មិនល្មោភអាហារហួសហេតុពេក ជាករណីចាំបាច់សំរាប់អ្នកជម្ងឺបេះដូង ដែលត្រូវឃ្លាំមើលស្ថានភាពសុខភាពដោយខ្លួនឯង។ អត្រាកូឡេស្តេរ៉ូល អត្រាទ្រីគ្លីសេរីដ អត្រាស្ករ សម្ពាធឈាម ឬទម្ងន់ខ្លួន សុទ្ធតែជាបញ្ហាសំខាន់ៗសម្រាប់ត្រួតពិនិត្យជាចាំបាច់ កាលណាអ្នកជាជនរងគ្រោះដោយគ្រោះថ្នាក់បេះដូង ។
១៖ របបអាហាររបស់អ្នកជម្ងឺនេះមិនអាស្រ័យលើការបំបាត់ខ្លាញ់ ស្ករ និង អំបិលនោះទេ ប៉ុន្តែគួរជ្រើសរើសយកអាហារល្អៗ និងមានសមភាព។ ហេតុនេះគេត្រូវកាត់បន្ថយខ្លាញ់សត្វ ដែលជាប្រភពនៃកូឡេស្តេរ៉ូលអាក្រក់។ ជៀសវាងការទទួលទានប៊័រ ក្រែមស្រស់ និង ប៊័រធ្វើពីប្រេងរុក្ខជាតិ។
២៖ គួរជ្រើសរើសអាហារក្រែមដែលចំរាញ់ចេញពីទឹកដោះគោ និងបន្ថយការបរិភោគហ្រូម៉ាចំនួនមួយភាគក្នុងមួយថ្ងៃ ត្រូវយកខ្លាញ់ចេញពីសាច់គោ និងបន្ថយចំនួនភាគ ១០០ ទៅ ១២០ ក្រាមក្នុងមួយថ្ងៃ យកល្អគួរបរិភោគសាច់មាន់គ្មានស្បែក និងត្រីបីដងក្នុងមួយសប្តាហ៍។
៣៖ ទទួលទានអាហារដែលមានខ្លាញ់បន្លែ ដើម្បីរក្សាទុកកូឡេស្តេរ៉ូលល្អ ដូចជាប៊័រដែលធ្វើពីប្រេងរុក្ខជាតិ ឬ ប្រេងបន្លែ ២ទៅ៣ ស្លាបព្រា ឬ ប្រើប្រេងអូលីវ សម្រាប់ចម្អិនអាហារក្នុងមួយថ្ងៃ។ ជាពិសេសអ្នកត្រូវចម្អិនមុខម្ហូបជាមួយខ្ទឹមបារាំង ខ្ទឹមសនិងក្រហម អោយបានញឹកញាប់។ អ្នកមិនត្រូវបរិភោគអាហារដែលគ្មានបន្លែបៃតងទេ ហើយពិសារផ្លែឈើពី ២ ទៅ ៣ផ្លែក្នុងមួយថ្ងៃ។
៤៖ សូមប្រយ័ត្នប្រយែងចំពោះពេលវេលាបរិភោគអាហារ ការពិសារអាហារបីពេលក្នុងមួយថ្ងៃ ។ ត្រូវផឹកទឹកអោយបានច្រើន នៅចន្លោះពេលបរិភោគអាហារនិមួយៗ ហើយអាហារត្រូវសាប អ្នកគួរពិសារអាហារដែលផលិតពីទឹកដោះ នំបុ័ង និងបន្លែជាតិម្សៅ។
• អាហារពេលព្រឹក ៖ នំបុ័ង ១បន្ទះ, ស៊ុតចៀនយកតែពណ៌ស ចំនួន៤ ដាក់បន្លែតាមចូលចិត្ត, ក្រូចពោធិ៍សាត់ ១ផ្លែ និងទឹកតែក្តៅមួយកែវ។
• អាហារពេលថ្ងៃត្រង់៖ មីសរសៃ , ឆាតៅហ៊ូលាយជាមួយខាត់ណា១ចាន និងផ្លែត្របែក ១ផ្លែ
• អាហារពេលល្ងាច៖ បុកល្ហុងជាមួយការ៉ុត ១ចាន , ត្រីប្រឡាក់គ្រឿងអាំង, បន្លែឆាប្រេងខ្យង ១ចាន , បាយសំរូប ២ទៅ ៣ វែក និងផ្លែស្រកានាគកន្លះផ្លែ។
មុខម្ហូបទាំងនេះផ្តល់ជាតិសរសៃ ទាំងអស់ប្រហែលជា ៣០ក្រាម មានជាតិខ្លាញ់ឆ្អែតទាប និងមានវីតាមីន សារធាតុរ៉ែ ធាតុប្រឆាំងអុកស៊ីដករ ដែលមានចំណែកជួយការពាររោគបេះដូងបានខ្ពស់។
ក្រៅពីអាហារ អ្នកគួរធ្វើការហាត់ប្រាណ និងមានពេលសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសត្រូវតមបារី ដើម្បីអោយរួចផុតពីរោគបេះដូង៕