ពួកវាមកដល់ហើយ! អាចម៌ផ្កាយធំៗ៣ដុំនឹងហោះមកជិតៗផែនដី ក្នុងនោះមួយដុំនឹងហោះមកចន្លោះផែនដី និងព្រះច័ន្ទតែម្តង (រូបភាពខាងក្នុង)
(អាមេរិក)៖ ថ្ងៃយប់ពុធនេះមានអាចម៍ផ្កាយធំៗគួរសមចំនួន ០៣ដុំ នឹងហោះមកក្បែរផែនដីយើង ដោយក្នុងនោះមួយដុំនឹងមកជិតជាងគម្លាតរវាងភពផែនដី និងព្រះច័ន្ទទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
បើតាមពេលវេលានៅកម្ពុជាយើង អាចម៍ផ្កាយទាំង០៣នឹងចាប់ផ្តើមធ្វើដំណើរកាត់ភពយើង នៅកំឡុងវេលាយប់ថ្ងៃពុធនេះ (ខ្ទង់ម៉ោង០៨៖៣០នាទី) ហើយក្នុងនោះ អាចម៍ផ្កាយដែលនឹងមកដល់មុនគេឈ្មោះ 2015 HM10 ដែលមានមុខកាត់ជិត ១១០ម៉ែត្រ និងល្បឿន ៣៤,១៨២គីឡូម៉ែត្រក្នុងម៉ោង។ វានឹងមកឆ្វែលផែនដីយើងនៅចម្ងាយ ៤.៦លានគីឡូម៉ែត្រឯណោះ ដែលឆ្ងាយជាងគេក្នុងចំណោមអាចម៍ផ្កាយទាំង ០៣។
![]()
បន្ទាប់មកទៀតគឺ 2019 OD ដែលនឹងមកហោះកាត់នៅចម្ងាយជិតជាងគេគឺ ៣៥៧,៥៣១គីឡូ ម៉ែត្រ ខណៈចម្ងាយរវាងផែនដី និងព្រះច័ន្ទគឺ ៣៨៤,៤០០គីឡូម៉ែត្រ។ អាចម៍ផ្កាយ 2019 OD មានមុខកាត់ ១២០ម៉ែត្រ និងល្បឿនប្រហែល ៦៩,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចុងក្រោយគេវិញគឺអាចម៍ផ្កាយឈ្មោះថា 2019 OE ដែលនឹងហោះកាត់ផែនដីនៅចម្ងាយ ៩៦១,៩១៤គីឡូម៉ែត្រពីផែនដី។ វាមានល្បឿន ៣២,៤៤៤គីឡូម៉ែត្រក្នុងមួយម៉ោង និងមានទំហំតូចជាងគេក្នុងចំណោមអាចម៍ផ្កាយទាំង ៣ គឺជាង ៥១ម៉ែត្រប៉ុណ្ណោះ។

គួរជម្រាបថា យោងតាមអង្គការ NASA បច្ចុប្បន្នពុំមានការរកឃើញអាចម៍ផ្កាយណាមួយ ដែលអាចមានលទ្ធភាពខ្ពស់ថា នឹងមកបុកចំផែនដីយើង ក្នុងអំឡុងពេលមួយសតវត្សរ៍ខាងមុខនេះឡើយ។ ដោយឡែកបើតាមការគណនា អាចម៍ទំហំប្រហាក់ប្រហែលអាចម៍ផ្កាយខាងលើនេះ អាចនឹងបង្កបញ្ហាមិនសូវខុសពីការធ្លាក់អាចម៍ផ្កាយនៅទីក្រុងមួយរបស់រុស្ស៊ី កាលពីដើមឆ្នាំ២០១៣ នោះឡើយ៕
