អស្ចារ្យ! ម្ចាស់ SpaceX ត្រៀមបង្ហាញ «នាវាអវកាសអាចដឹកមនុស្ស១០០នាក់» នៅខែសីហា
(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX គឺលោក Elon Musk ទើបតែបានសន្យាថា មិនយូរទៀតទេលោកនឹងបង្ហាញគំរូនៃរចនាជាថ្មីរបស់ «យានអវកាស Starship» ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងធ្វើតេស្ត។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
បើតាមលោក Musk ការបញ្ចេញគំរូរចនាថ្មីនេះ ប្រហែលជានឹងធ្វើឡើងនៅពាក់កណ្តាលខែសីហា។ លោក Musk បានរៀបរាប់ លម្អិតពីគំរូរចនារបស់យាន Starship ជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៦។ កាលនោះយានដែលផ្ទុកអ្នកដំណើរបានខ្ទង់ ១០០នាក់នេះ ព្រមទាំងគ្រាប់រ៉ុក្កែតធំមួយ ត្រូវបានហៅបញ្ចូលគ្នាថា Interplanetary Transport System ឬ ITS។

បន្ទាប់មកនៅខែកញ្ញា ឆ្នាំ២០១៧ លោក Musk បានធ្វើការអាប់ដេតថា ប្រព័ន្ធយាន ITS ត្រូវបានកែប្រែទៅជា BFR ដែលជាអក្សកាត់នៃឈ្មោះ Big Falcon Rocket វិញ។ ដោយសារប្រព័ន្ធយាននេះមានពីរកំណាត់ បើតាមបច្ចេកទេស BFR គឺសំដៅទៅលើ កំណាត់ម៉ាស៊ីនគ្រាប់រ៉ុក្កែត រីឯកំណាត់ខាងលើដែលជាយានសម្រាប់មនុស្សជិះធ្វើដំណើរ ឬដឹកទំនិញហៅថា BFS (Big Falcon Spaceship)។ ប៉ុន្តែមនុស្សភាគច្រើនហៅតែ BFR រួមតែម្តង។
ក្រោយមកទៀតនៅខែកញ្ញា ឆ្នាំ២០១៨ លោក Musk បានប្រាប់ថា ប្រព័ន្ធរ៉ុក្កែត និងយានអវកាសនេះនឹងមានកម្ពស់ ១១៨ម៉ែត្រ នៅពេលបញ្ឈរសម្រាប់បាញ់បង្ហោះ ខណៈរាងរបស់យាន Starship នឹងមានបន្ទះព្រុយចំនួនបីនៅផ្នែកកន្ទុយរបស់វា ដែលមាន មុខងារជួយក្នុងការធ្វើដំណើរ និងសម្រាប់ការចុះចត។ ប្រព័ន្ធយាននេះ គឺអាចប្រើប្រាស់ឡើងវិញបាន មិនមែនចេញបេសកកម្មម្តងហើយបោះចោលនោះទេ គឺវាដូចទៅនឹងយាន ព្រមទាំងគ្រាប់រ៉ុក្កែតដទៃទៀតរបស់ក្រុមហ៊ុន SpaceX ដែរ។

ពីរខែបន្ទាប់លោក Musk បានប្រកាសការផ្លាស់ប្តូរឈ្មោះថ្មីទៀត គឺ BFS ត្រូវប្រែមកជា Starship រហូតមកទល់ ពេលនេះ ហើយ BFR ត្រូវហៅ Super Heavy វិញ។ សម្រាប់ចក្ខុវិស័យបច្ចុប្បន្ន យាន Starship នឹងមានបំពាក់ម៉ាស៊ីនដ៏មាន អានុភាពហៅថា Raptor ចំនួន០៦គ្រឿង ខណៈគ្រាប់រ៉ុក្កែត Super Heavy នឹងមានបំពាក់ដល់ទៅ៣៥គ្រឿង ហើយអាចបន្ថែម ពីរគ្រឿងពីលើទៀតបើចាំបាច់។
ក្រុមហ៊ុន SpaceX មានក្តីសង្ឃឹមថា យាន Starship និងគ្រាប់រ៉ុក្កែត Super Heavy នឹងអាចធ្វើប្រតិបត្តិការបានគ្រប់ប្រភេទចាប់ តាំងពីការបាញ់បង្ហោះផ្កាយរណប ការដឹកជញ្ជូនមនុស្សទៅ និងមកពីឋានព្រះច័ន្ទព្រមទាំងភពអង្គារ ហើយនិងការនាំអ្នកដំណើរធ្វើ ទស្សនកិច្ចកម្សាន្តនៅជុំវិញផែនដីយើងជាដើម។ SpaceX គ្រោងបាញ់ផ្កាយរណប ដោយប្រើយាន Starship និងគ្រាប់រ៉ុក្កែត Super Heavy នៅឆ្នាំ២០២១។ សម្រាប់គម្រោងដឹកមនុស្សជាលើកដំបូង ដើម្បីទៅលេងជុំវិញព្រះច័ន្ទគឺនៅឆ្នាំ២០២៣៕
