របកគំហើញថ្មី! NASA ប្រកាសពីរកឃើញភព ៣ ក្នុងប្រព័ន្ធផ្កាយចម្ងាយ ៧៣ឆ្នាំពន្លឺពីយើង!
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីរបកគំហើញថ្មីផ្សេងទៀត របស់កែវយឺតអវកាស TESS ដោយលើកនេះគឺជាការរកឃើញភពសរុបចំនួន ៣ នៅក្នុងប្រព័ន្ធផ្កាយមួយដែលស្ថិតនៅចម្ងាយ ៧៣ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
យោងតាម NASA ភពទាំង ៣នោះគោចរជុំវិញផ្កាយមួយប្រភេទជា M-type dwarf star ដែលត្រូវគេដាក់ឈ្មោះសម្គាល់ឲ្យថា TOI 270 (TOI=TESS Object of Interest)។ ផ្កាយនេះតូចជាងព្រះអាទិត្យ ៤០ភាគរយទាំងទំហំ និងម៉ាស ហើយសីតុណ្ហភាពនៅលើ ផ្ទៃរបស់វាគឺស្មើនឹងមួយភាគបី នៃកម្រិតសីតុណ្ហភាពនៅលើផ្ទៃព្រះអាទិត្យរបស់យើង។

ក្នុងចំណោមភពទាំង ៣ ភពដែលនៅកៀកជាងគេត្រូវបានហៅថា TOI 270b មានទំហំធំជាងផែនដី ២៥ភាគរយ និងម៉ាសជិតស្មើពីរដងនៃម៉ាសភពរបស់យើង។ ភព TOI 270b ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានសីតុណ្ហភាពក្តៅខ្លាំង គឺមិនអំណោយផលទេ និងទំនងជាភពថ្ម។ ជាទូទៅដោយសារភពនេះមានទំហំ និងម៉ាសធំជាងផែនដី តែតូចជាងភពអ៊ុយរ៉ាណូស និងណិបទូនឆ្ងាយវាត្រូវគេហៅថា «Super Earth»។
ចំណែកឯភពពីរទៀត ត្រូវបានអង្គការ NASA ហៅថា «Mini Neptune» ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ត្រូវការទិន្នន័យបន្ថែមអំពី ភពទាំងពីរដែលមានឈ្មោះសម្គាល់ថា TOI 270c និង TOI 270d។ ភព TOI 270c មានទំហំ ២.៤ធំជាងផែនដី រីឯ TOI 270d គឺធំជាងភពយើង ២.១ដង។ TOI 270c មានម៉ាសប្រហែលស្មើនឹងម៉ាសផែនដី ៧ដង រីឯ TOI 270d គឺស្មើម៉ាសផែនដី ៥ដង។

គួរជម្រាបថា NASA ទើបតែបានប្រកាសពីការបំពេញបេសកកម្ម បានមួយឆ្នាំដំបូងរបស់កែវយឺតអវកាស TESS។ ចាប់តាំងតែពីវាបានចាប់ផ្តើមប្រតិបត្តិការកាលពីខែកក្កដា ឆ្នាំ២០១៨ TESS បានរកឃើញវត្ថុជាង ៨៥០ហើយ ដែលអាចជាភពថ្មីនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែមានតែ ២៤ប៉ុណ្ណោះរួមទាំងភពចំនួន ០៣ខាងលើ ដែលត្រូវបានហៅពេញមាត់ថា «ជាភពពេញលក្ខណៈ»។
អំឡុងការបំពេញបេសកកម្មមួយឆ្នាំដំបូង កែវយឺតអវកាស TESS បានផ្តោតការឆ្លុះមើលនៅតំបន់ភាគខាងត្បូងនៃទីអវកាស។ សម្រាប់នៅឆ្នាំក្រោយវិញ TESS ត្រូវបានកំណត់ថា នឹងងាកទៅសំឡឹងមើលផ្នែកខាងជើងម្តង។ នៅពេលសម្រេចបេសកកម្ម នៅភាគខាងជើងនោះ TESS នឹងបានអង្កេតលំហអវកាសសរុប ៨៧ភាគរយ៕
