រណ្តៅអាចម៍ផ្កាយធំមួយទំនងជាបានបង្កើត រលកយក្សស៊ូណាមិលើភពអង្គារ
(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានដាក់ការសង្ស័យថា រណ្តៅយក្សមួយនៅលើភពអង្គារ (Mars) ប្រហែលជាទីតាំងដែលបានបង្កើតចេញជា «រលកស៊ូណាមិដ៏ធំសម្បើមមួយ» កាលពីជាង ៣ពាន់លានឆ្នាំមុន ខណៈកាលពីអតីតកាលភពក្រហមនេះត្រូវគេជឿជាក់ថា អាចមានទឹកនៅលើផ្ទៃរបស់វា និយាយរួមគឺភពអង្គារទំនងមានលក្ខណៈ ស្រដៀងនឹងផែនដីយើងដែរ។ នេះបើតាមការចេញ ផ្សាយដោយវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

ការសិក្សាថ្មីមួយបានបង្ហាញថា អាចម៍ផ្កាយដែលជាអ្នកផ្តល់កំណើតឲ្យរលកយក្សកាលនោះ ប្រហែលជាបានទៅបុកផ្ទៃ Mars ហើយបង្កជារណ្តៅឈ្មោះថា Lomonosov ដែលមានមុខកាត់ ១២០គីឡូម៉ែត្រនៅឯតំបន់ប៉ូលទឹកកករបស់ភពអង្គារ។ យោងតាមទំហំនៃរណ្តៅអាចម៍ផ្កាយ Lomonosov អ្នកវិទ្យាសាស្រ្តអាចសន្និដ្ឋានបានថា ដុំថ្មដែលមកពីអវកាសនោះមានទំហំធំ ដែលអាចស្រដៀងទៅនឹងអាចម៍ផ្កាយមុខកាត់ ១០គីឡូម៉ែត្រ ដែលបានធ្លាក់មកលើឧបទ្វីប Yucatan របស់ប្រទេសម៉ិចស៊ីកូ កាលពី ៦៦លានឆ្នាំមុន និងផ្តាច់ជីវិតអម្បូរសត្វ ៧៥ភាគរយនៅលើភពផែនដីរួមមានទាំងដាយណូស័រ។

គួរជម្រាបថា អាចម៍ផ្កាយទំហំធំបែបនេះ មិនសូវងាយធ្លាក់មកចំភពអង្គារឡើយ គឺក្នុងគម្លាតរាប់លានឆ្នាំឯណោះ ហើយក្រៅពីនេះសកម្មភាពស្រទាប់ទិចតូនិករបស់វា ក៏កម្រកើតឡើងដែរ ដូចហេតុហើយទើបអ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា រលកយក្សកម្ពស់រាប់រយម៉ែត្រ បានកើតឡើងកាលពី ៣ពាន់លានឆ្នាំមុននៅលើ Mars គឺបណ្តាលមកពីបាតុភូតនៃការធ្លាក់អាចម៍ផ្កាយធំៗ៕
