រយៈពេល៧ឆ្នាំលើភពព្រះអង្គារ Curiosity រកឃើញភាពអស្ចារ្យជាច្រើន
(អាមេរិក)៖ មកទល់ពេលនេះវាមានរយៈពេល ០៧ឆ្នាំហើយដែលយានរុករក Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចុះទៅដល់លើភពអង្គារ ដើម្បីសិក្សាស្រាវជ្រាវអាថ៌កំបាំងជាច្រើននៃភពក្រហម ដែលធ្លាប់មានលក្ខណៈស្រដៀងផែនដីនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
មួយរយៈចុងក្រោយនេះ យាន Curiosity បានផ្តោតសំខាន់លើការសិក្សាក្នុងតំបន់មួយ នៅចង្កេះភ្នំ Sharp ដែលស្ថិតក្នុងរណ្តៅយក្សឈ្មោះ Gale។ អ្វីដែលអ្នកវិទ្យាសាស្រ្តចាប់អាម្មណ៍ពីតំបន់នោះ គឺវត្តមានដ៏ច្រើននៃដីឥដ្ឋ ដែលពួកគេជឿជាក់ថា អាចជួយបង្កើនការស្វែងយល់អំពីបរិស្ថាននៅលើភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន នៅពេលដែលវានៅមានសំណើម ឬអាចទ្រទ្រង់ ជីវិតក្នុងទម្រង់ណាមួយថែមទៀតផង។

គួរជម្រាបថា ចាប់តាំងពីការចុះទៅដល់កាលពីខែសីហា ឆ្នាំ២០១២ យាន Curiosity ធ្វើដំណើរបានត្រឹម ២១គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើកិច្ចការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តជាច្រើន រួមមានទាំងការប្រមូលយកគំរូតាងចំនួន ២២ ពីភពក្រហមនេះ។ បើតាមអង្គការ NASA យានរុករកនេះអាចនៅមានថាមពលគ្រប់គ្រាន់ ដើម្បីបន្តធ្វើប្រតិបត្តិការបានប៉ុន្មានឆ្នាំទៀត។ ដោយឡែកយានដែលអាចស្នងតំណែងពីវានោះ គឺ Mars Rover 2020 ដែលនឹងបាញ់បង្ហោះនៅឆ្នាំក្រោយនេះហើយ៕
