ទើបរកឃើញប្រហោងខ្មៅមហាយក្ស «Ultramassive Black Hole» មានចម្ងាយ៧០០លានឆ្នាំពន្លឺពីផែនដី!

173

(ប៊ែរឡាំង)៖ ក្រុមតារាវិទូមកពីវិទ្យាស្ថានស្រាវជ្រាវរូបវិទ្យាទីអវកាស Max Planck នៅអាល្លឺម៉ង់ ទើបតែបានប្រទះឃើញ «ប្រហោងខ្មៅដ៏ធំមហាសាលមួយ» ស្ថិតនៅចម្ងាយប្រមាណ ៧០០លានឆ្នាំពន្លឺពីប្រព័ន្ធផ្កាយរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Futurism នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

បើតាមក្រុមអ្នកវិទ្យាសាស្រ្ត ប្រហោងខ្មៅដ៏សម្បើមនោះ មានម៉ាសស្មើនឹងម៉ាសរបស់ព្រះអាទិត្យដល់ទៅ ៤០ពាន់លានដង ហើយទំហំរបស់វាគឺធំជាងប្រហោងខ្មៅយក្សគេហៅថា Supermassive Black Hole ដែលមានវត្តមាននៅកណ្តាលកាឡាក់ស៊ីយើងទៅទៀត។ ដោយសារតែធំខ្លាំងពេកបែបនេះ គេបានសម្រេចហៅវាថា Ultramassive Black Hole។ ប្រហោងខ្មៅ Supermassive Black Hole ឈ្មោះថា Sagittarius A* ដែលនៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើងមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យត្រឹម ០៤លានដងប៉ុណ្ណោះ។

ប្រហោងខ្មៅខាងលើត្រូវបានដាក់ឈ្មោះឲ្យថា Holm 15A* ស្ថិតនៅក្នុងកាឡាក់ស៊ីមានឈ្មោះថា Holmberg 15A ដែលមានចម្ងាយ ៧០០លានឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យ ឬពីផែនដីយើង។ ខណៈអ្នកវិទ្យាសាស្រ្តដឹងថា ប្រហោងខ្មៅធម្មតា (Stellar Mass Black Hole) និងប្រហោងខ្មៅយក្ស (Supermassive Black Hole) កើតចេញពីបាតុភុតបន្ទុះហៅថា ស៊ូភើណូវ៉ា នៅពេលផ្កាយយក្សធំៗអស់អាយុ ប៉ុន្តែពួកគេមិនទាន់ច្បាស់អំពីការចាប់កំណើតរបស់ Holm 15A* ឬប្រភេទប្រហោងខ្មៅ Ultramassive Black Hole នេះឡើយ។

គួរជម្រាបថា យ៉ាងណាមិញគិតត្រឹមបច្ចុប្បន្ននេះ មេប្រហោងខ្មៅដែលធំជាងគេបំផុតនោះ គឺទំនងជាប្រហោងខ្មៅ ដែលមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យដល់ទៅ ៦៦ពាន់លានដង ស្ថិតនៅតំបន់មួយដែលបញ្ចេញថាមពលពន្លឺយ៉ាងខ្លាំងហៅថា «Quasar» ឈ្មោះ TON 618៕

480×240 Banner