តារាវិទូទើបថតបានទិដ្ឋភាពចម្លែក ដែលអាចជាអាចម៍ផ្កាយធ្លាក់លើភពព្រហស្បតិ៍!

173

(អាមេរិក)៖ ប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងវិស័យតារាសាស្ត្រអន្តរជាតិ ដោយតារាវិទូមួយរូបឈ្មោះ Ethan Chappel បានបញ្ចេញនូវរូបភាព ដែលលោកផ្តិតបានកាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅថ្មីនេះប៉ុណ្ណោះ ខណៈគ្រប់បានសន្និដ្ឋានថា វាជាអាចម៍ផ្កាយដ៏ធំដែលធ្លាក់បុកផ្ទៃភពព្រហស្បតិ៍ ទើបអាចបង្កើតចេញជាបន្ទុះឲ្យឃើញយើងឃើញបែបនេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយពីវែបសាយ Space នាថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

ទោះបីជាមានការសន្និដ្ឋានបែបនេះក្តី ក្រុមតារាវិទូនានាជាពិសេសអង្គការ NASA នៅតែកំពុងរង់ចាំមើលលទ្ធផលបន្ថែមទៀតថា តើមាននរណាផ្សេងទៀតទេក្រៅពីតារាវិទូមួយរូប​ខាងលើនេះ ដែលបានចាប់យកទិដ្ឋភាពលើភពព្រហស្បតិ៍ដ៏គួរឲ្យព្រឺព្រួចនោះ។ ទិដ្ឋភាពដែល​គ្រប់គ្នាបានឃើញតាមរយៈរូបនោះ គឺតំបន់ខ្សែឆ្នូតនៃដុំពពកដ៏កញ្ជ្រោលនៅអឌ្ឍគោលខាងត្បូង​របស់ភពព្រហស្បតិ៍ មានពន្លឺផ្ទុះឡើងដ៏ចម្លែកដែលវាមិនសូវខុសពីកាលអាចម៍ផ្កាយ Shoemaker Lavy 9 ដែលត្រូវបានកម្លាំងម៉ាញេទិចដ៏មហិមានៃភពព្រហស្បតិ៍ បំបែកចេញជាកម្ទេចកម្ទីតូចៗ និងធ្លាក់ស្រោចលើភពយក្សនេះ កាលពីខែកក្កដា ឆ្នាំ១៩៩៤ នោះឡើយ។

ជុំវិញរូបភាពដ៏អស្ចារ្យដែលត្រូវបានថតកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វិញនោះ តារាវិទូ Chappel ដែលជាម្ចាស់រូបភាពបានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំមានអារម្មណ៍ថា វាដូចជារឿងប្រឌិតសម្រាប់ខ្ញុំ…។ ខ្ញុំសង្ឃឹមថាអ្នកផ្សេងៗទៀត ក៏បានផ្តិតយកនូវអ្វីដែលបាន​កើតមាននេះដែរដើម្បីជួយគាំទ្រចំពោះរឿងនេះ…»។ ដោយឡែកអ្នកថតទិដ្ឋភាពពេលរាត្រី​ដ៏ល្បីល្បាញមួយរូបដែរគឺលោក Goerge Chappel បានចែករំលែកនូវអ្វីដែលតារាវិទូ Ethan Chappel នៅក្នុងវែបសាយរួមរបស់ពួកគេគឺ Chappel Astro។

គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីនោះឡើយ ចំពោះការបានដឹងអំពីអាចម៍ផ្កាយតូចធំ ដែលបានធ្លាក់បុកផ្ទៃភពព្រហស្បតិ៍ ព្រោះតារាវិទូអន្តរជាតិបានអះអាងថា វាតែងតែកើតមានឡើង​ស្ទើរតែរាល់ខែ ប៉ុន្តែសម្រាប់ការផ្តិតបានរូបភាពនៅពេលដែលវាបុកចំ និងកើតចេញជាបន្ទុះតែម្តងនេះ គឺវាជាពិសេសកម្រកើតមានឡើងបំផុត។ ភពព្រហស្បតិ៍​ត្រូវបានគេដឹងថា ជាស្តេចភពនៃប្រព័ន្ធព្រះអាទិត្យ ដែលអ្វីៗគ្រប់យ៉ាងអំពីភពនេះ​សុទ្ធតែខ្លាំងក្លា និងធំធេងជាងភពនានាទាំងអស់ រហូតដល់អ្នកវិទ្យាសាស្ត្រខ្លះទៀតបានអះអាងថា ភពនេះអាចក្លាយជាកូនផ្កាយថែមទៀតផង៕

480×240 Banner