បច្ចេកដែលមានក្នុងខ្សែភាពយន្ត Alien Covenant លេចចេញមកតិចៗហើយ!
(បរទេស)៖ យានអវកាសតូចមួយដែលប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរ ដោយផ្អែកលើប្រភពថាមពលពន្លឺព្រះអាទិត្យ (Solar Sail) កាលពីប៉ុន្មានខែមុន បានសម្រេចជោគជ័យក្នុងការធ្វើតេស្ត នៅទីគន្លងអវកាសរបស់ផែនដីហើយ ខណៈបច្ចេកវិទ្យានេះត្រូវគេបានរំពឹងថា នាថ្ងៃអនាគតនឹងអាចជួយឲ្យការធ្វើដំណើរក្នុងទីអវកាស កាន់តែមានប្រសិទ្ធភាពថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
កំឡុងការធ្វើតេស្តបច្ចេកវិទ្យានោះ យានអវកាសខាងលើដែលមានមាឌត្រឹម ១០x១០x៣០សង់ទីម៉ែត្រ បានផ្លាស់ប្តូរទិសដៅធ្វើ ដំណើររបស់វា ដោយប្រើថាមពលសន្ទុះរុញច្រានពីពន្លឺព្រះអាទិត្យសុទ្ធសាធ។ យានអវកាសនេះមានឈ្មោះថា LightSail ទី ២ ខណៈជោគជ័យរបស់វាត្រូវគេមើលឃើញថា គឺជាជំហានដំបូងតូចមួយ ដើម្បីឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរក្នុង ទីអវកាសនេះឲ្យកាន់តែទូលំទូលាយ។
យានអវកាសដែលប្រើប្រាស់បច្ចេកវិទ្យា Solar Sail ដើម្បីផ្តល់ល្បឿនឲ្យពួកវាផ្លាស់ទីទៅមុខ គឺមានផ្ទាំងក្តោងចំណាំងផ្លាងធំៗ ដែលសម្រាប់ស្តុកទុកថាមពលជម្រុញសន្ទុះ បានមកពីពន្លឺព្រះអាទិត្យចាំងមកលើពួកវា ហើយប្រើកម្លាំងនោះរុញច្រានយានអវកាស។ បើតាមទ្រឹស្តីនៃអ្នកវិទ្យាសាស្ត្រ យានដែលប្រើបច្ចេកវិទ្យានេះ អាចបង្កើនល្បឿនដល់កម្រិតដែលមិនអាចសម្រេចបានដោយយានធម្មតាៗ ដែលប្រើឥន្ធនៈឯណោះ គឺវាបន្តកើនល្បឿនរហូតដរាបណាឲ្យមានពន្លឺសម្រាប់ឲ្យវាប្រើប្រាស់។ ក្នុងខ្សែភាពយន្តហូលីវូដ Alien: Covenant គឺនាវាអវកាស Covenant បានប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីធ្វើដំណើរទៅក្នុងទីអវកាស។
គួរជម្រាបថា យ៉ាងណាមិញនោះយាន LightSail 2 មិនមែនជាយានដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យា Solar Sail នេះឡើយ ខណៈយាន LightSail 1 ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៥ គឺគ្រាន់តែបានធ្វើតេស្តហោះហើរ និងបញ្ចេញក្តោងរបស់វាប៉ុណ្ណោះ ពោលគឺពុំមានការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរគន្លងធ្វើដំណើរឡើយ។
សម្រាប់យានមុនគេបង្អស់ គឺយានអវកាស IKAROS របស់ទីភ្នាក់ងារអវកាសជប៉ុន ដែលបានបាញ់បង្ហោះកាលពីឆ្នាំ២០១០។ យាននោះបានបាត់បង់ការទាក់ទង ជាមួយអ្នកគ្រប់គ្រងនៅលើផែនដីកាលពីឆ្នាំ២០១៥។ យាន LightSail 2 ត្រូវបានអភិវឌ្ឍន៍ ឡើងដោយប្រើប្រាស់មូលនិធិ បានមកពីការបរិច្ចាគរបស់មនុស្សចំនួន ៥០,០០០នាក់ ក្រោមកិច្ចផ្តួចផ្តើមនៃអង្គការ The Planetary Society៕