តើថាមពលនុយក្លេអ៊ែរអាចយកទៅបំភ្លឺផ្នែកងងឹតនៃព្រះច័ន្ទ និងដើម្បីប្រើប្រាស់លើភពអង្គារ?
(អាមេរិក)៖ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា បច្ចេកវិទ្យា Kilopower ដែលជាការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផ្គត់ផ្គង់ថាមពលក្នុងទីអវកាស អាចប្រើប្រាស់សម្រាប់ប្រតិបត្តិការនាពេលយប់ ព្រមទាំងបេសកកម្មផ្សេងៗទៀតនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
បច្ចេកវិទ្យានេះបាននិងកំពុងស្ថិតក្រោមកិច្ចសហការអភិវឌ្ឍន៍រួមគ្នារវាងអង្គការ NASA និងក្រសួងថាមពលអាមេរិក ដែលកំពុងតែត្រូវបានធ្វើតេស្តនៅមូលដ្ឋាន Nevada National Security Site ក្នុងរដ្ឋ Nevada។ ក្រោយការធ្វើតេស្តនៅលើផែនដី បច្ចេកវិទ្យា Kilopower នេះនឹងត្រូវធ្វើតេស្តនៅក្នុងទីអវកាស ដើម្បីបើកផ្លូវសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានេះ ផ្គត់ផ្គង់ថាមពលដល់បេសកកម្ម រយៈពេលយូរនៅលើផ្ទៃព្រះច័ន្ទ និងភពអង្គារ (Mars) ជាដើម។
គួរជម្រាបថា Kilopower គឺជាប្រព័ន្ធថាមពលរ៉ែអាក់ទ័រធុនស្រាលលក្ខណៈ Fission ដែលមួយគ្រឿងអាចផលិតថាមពលបានដល់ ១០គីឡូវ៉ាត់ជាប់រហូតសម្រាប់រយៈពេលយ៉ាងតិច ១០ឆ្នាំ។ និយាយរួចទៅគឺតែប៉ុន្មានគ្រឿងប៉ុណ្ណោះ នឹងពួកវាអាចផ្តល់ថាមពលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់មូលដ្ឋានទំហំសមល្មមមួយ នៅលើផ្ទៃព្រះច័ន្ទ ឬភពដទៃទៀត។
ជាមួយគ្នានេះអង្គការ NASA ក៏មានគោលដៅបញ្ជូនមនុស្សជាថ្មីម្តងទៀត ទៅកាន់ព្រះច័ន្ទនៅឆ្នាំ២០២៤ ប៉ុន្តែមិនមែនគ្រាន់តែទៅជាន់ដីដោតទង់ជាតិ និងប្រមូលគំរូតាងមួយភ្លែតហើយមកវិញ ដូចកាលពីប៉ុន្មានទសវត្សរ៍មុនឡើយ គឺនឹងមានការបោះមូលដ្ឋានស្នាក់នៅរយៈពេលយូរតែម្តង តាមរយៈការយកព្រះច័ន្ទធ្វើទីសំចត (ស្ថានីយច្រកទ្វារអវកាស) និងស្រាវជ្រាវមុននឹងធ្វើដំណើរទៅកាន់កន្លែងផ្សេងៗទៀតជាពិសេសភពព្រះអង្គារ៕