ផ្កាយដុះកន្ទុយមួយហោះចូលព្រះអាទិត្យ និងរលាយខ្លួនខ្ទេចភ្លាមៗតែម្តង (វីដេអូខាងក្នុង)
(បរទេស)៖ កែវយឺតអវកាសអឺរ៉ុប SOHO (Solar and Heliospheric Observatory) ទើបថតជាប់នូវសកម្មភាពផ្កាយដុះកន្ទុយមួយ ហោះមុជសំដៅចូលទៅកាន់ផ្ទៃព្រះអាទិត្យ ហើយក៏រលាយខ្លួនខ្ទេចភ្លាមៗតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
ក្នុងឃ្លីបវីដេអូបង្ហាញពីទិដ្ឋភាពនោះ យើងក៏អាចឃើញផងដែរនូវភពសុក្រ (Venus) ដែលបញ្ចេញពន្លឺយ៉ាងភ្លឺនៅកៀកជាប់ព្រះអាទិត្យ ព្រមទាំងភពអង្គារ (Mars) ខណៈផ្កាយដុះកន្ទុយប្រភេទ Kreutz sungrazer ហោះសំដៅទៅរកផ្កាយដ៏ក្តៅគគុកយើង។
Kreutz sungrazer គឺជាគ្រួសារផ្កាយដុះកន្ទុយ (Comet) ដែលគោចរនៅកៀកនឹងព្រះអាទិត្យខ្លាំង ដោយពេលខ្លះគឺត្រឹមតែ ប៉ុន្មានពាន់គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃរបស់វា និងយកឈ្មោះតាមតារាវិទូអាល្លឺម៉ង់ លោក Heinrich Kreutz ដែលជាអ្នករកឃើញថា ក្រុមផ្កាយដុះកន្ទុយទាំងនេះ តាមពិតជាបំណែកមកពីផ្កាយដុះកន្ទុយធំផ្សេងទៀត។
ផ្កាយដុះកន្ទុយមួយប្រភេទទៀត ដែលធ្វើដំណើរកាត់ព្រះអាទិត្យដែរនោះ គេហៅថា Meyer sunskirter តែមិនជិតដូចពពួក sungrazer ឡើយ ដែលជារឿយៗគឺត្រូវឆេះ រលាយខ្ទេចដូចផ្កាយដុះកន្ទុយខាងលើយ៉ាងដូច្នោះ។
គួរជម្រាបថា កែវយឺតអវកាស SOHO វិញ ដែលមានតួនាទីអង្កេតតាមដានព្រះអាទិត្យពីចម្ងាយ ចាប់ផ្តើមប្រតិបត្តិការរបស់វា ចាប់តាំងពីឆ្នាំ១៩៩៦។ គម្រោងកែវយឺតអវកាសនេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិរួមគ្នារវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសអាមេរិក NASA។ កែវយឺតអវកាសនេះ ក៏បានរកឃើញផ្កាយដុះកន្ទុយជាង ៣,០០០ដុំផងដែរ៕