ទីបំផុតរថយន្ត Tesla និងមនុស្សសិប្បនិម្មិត Starman ធ្វើដំណើរបានមួយជុំព្រះអាទិត្យហើយ

110

(វ៉ាស៊ីនតោន)៖ មនុស្សសិប្បនិម្មិត Starman និងរថយន្ត Tesla ដែលក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX បាញ់បញ្ជូនទៅក្នុងលំហអវកាស កាលពីឆ្នាំមុននោះ ទីបំផុតអាចធ្វើដំណើរជុំវិញព្រះអាទិត្យបានមួយជុំហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

រថយន្ត Tesla និងមនុស្សសិប្បនិម្មិត Starman ដែលជិះលើនោះ ត្រូវបានបញ្ជូនឡើងទីអវកាស ក្នុងឱកាសសម្ពោធការហោះហើរនៃគ្រាប់រ៉ុក្កតធុនធ្ងន់ Falcon Heavy របស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ វាធ្វើដំណើរបានជុំវិញ ព្រះអាទិត្យមួយជុំកាលពីចុងសប្តាហ៍កន្លងទៅ។ បើតាមការគណនា រថយន្ត Tesla នោះមានគន្លងធ្វើដំណើររយៈពេល ៥៥៧ថ្ងៃ (ថ្ងៃលើផែនដី) និងបានស្ថិតនៅក្នុងទីអវកាសអស់រយៈពេលជាង ៥៦០ថ្ងៃហើយ ព្រមទាំងធ្វើដំណើរបានជាង ១.២ពាន់លានគីឡូម៉ែត្រ។

ការដែលមហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX រួមទាំងក្រុមហ៊ុនផលិតរថយន្ត Tesla ជ្រើសយកវត្ថុទាំងពីរខាងលើធ្វើជាទំនិញ ដើម្បីឲ្យគ្រាប់រ៉ុក្កែត Falcon Heavy នាំយកឡើងទីអវកាសជាជាងផ្កាយរណប ទំនងមកពីហេតុផលថា ការហោះហើរលើកដំបូងរបស់រ៉ុក្កែតត្រូវប្រឈមនឹងហានិភ័យខ្ពស់។ លោក Musk ផ្ទាល់បានបញ្ជាក់ថា ការជ្រើសយកមនុស្ស Starman និងរថយន្ត Tesla គឺដើម្បីតែការកម្សាន្តអារម្មណ៍ប៉ុណ្ណោះ តែការជ្រើសរើសបាញ់បញ្ជូនរថយន្ត Tesla ក្នុងឱកាសសម្ពោធ Falcon Heavy ក៏ត្រូវគេយល់ឃើញដែរថា អាចធ្វើឡើងក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម រថយន្តដើរដោយថាមពលអគ្គិសនីនេះ។

គួរជម្រាបថា រថយន្ត Tesla និងមនុស្សសិប្បនិម្មិត Starman របស់ក្រុមហ៊ុន SpaceX ប្រហែលជានឹងនៅបន្តធ្វើដំណើរជាច្រើនជុំទៀតជុំវិញព្រះអាទិត្យ។ ដោយឡែក កាលពីឆ្នាំមុន ការវិភាគសិក្សាមួយបានគណនាឃើញថា រថយន្តនោះនឹងធ្លាក់មកលើ ផែនដីយើងវិញ ឬក៏ទៅលើភពសុក្រ (Venus) ប៉ុន្តែទាល់តែរាប់សិបលានឆ្នាំទៀតឯណោះ ហើយក៏មានភាគរយទាបគឺចន្លោះពី ២-៦ភាគរយផងដែរ៕

480×240 Banner