ទីបំផុតការបញ្ជូនយានទៅព្រះច័ន្ទទឹកកក Europa នៃភពព្រហស្បតិ៍មានសង្ឃឹមវិញហើយ!

107

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្រេចអនុញ្ញាតឲ្យគម្រោងបេសកកម្ម Europa Clipper ដែលមានគោលដៅសិក្សាអំពីព្រះច័ន្ទទឹកកក Europa របស់ភពព្រហស្បតិ៍ (Jupiter) បន្តជំហានបន្ទាប់ទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយរបស់ NASA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។

សម្រាប់ដំណាក់កាលបន្ទាប់ គម្រោងបេសកកម្ម Europa Clipper នឹងឈានទៅបញ្ចប់ការងារបង្កើតគំរូរចនាចុងក្រោយ មុនការចាប់ផ្តើមការសាងសង់ និងការធ្វើតេស្តសាកល្បងលើយានអវកាស និងឧបករណ៍វិទ្យាសាស្រ្តនានា ដែលត្រូវបំពាក់នៅលើនោះ។ អង្គការ NASA បានដាក់គោលដៅថា នឹងបញ្ចប់គម្រោងអភិវឌ្ឍន៍យាន Europa Clipper ដោយអាចឲ្យវាចេញដំណើរពីផែនដីបាននៅឆ្នាំ២០២៣។

គួរជម្រាបថា ប្រព័ន្ធបេសកកម្មខាងលើ នឹងធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីព្រះច័ន្ទ Europa របស់ភព Jupiter ហើយនឹងស៊ើបមើលឲ្យដឹងថា តើព្រះច័ន្ទទឹកកកនេះអាចលាក់ទុកជីវិត​ក្នុងទម្រង់ណាមួយដែរ ឬអត់។ កន្លងមក NASA ធ្លាប់បញ្ជូនយានចំនួនពីរគ្រឿងឲ្យទៅសិក្សាពីប្រព័ន្ធភពព្រហស្បតិ៍ គឺយាន Galileo (ចេញពីផែនដីឆ្នាំ១៩៨៩ ទៅដល់ឆ្នាំ១៩៩៥ បញ្ចប់នៅឆ្នាំ២០០៣) និងមួយគ្រឿងទៀតគឺ Juno (ចេញពីផែនដីឆ្នាំ២០១១ ទៅដល់ឆ្នាំ២០១៦ និងកំពុងបន្តសិក្សានៅក្បែរ ភពព្រហស្បតិ៍)។

Europa ជាព្រះច័ន្ទទឹកកកមួយក្នុងចំណោមព្រះច័ន្ទធំៗបំផុតទាំង ៤ នៃភពព្រហស្បតិ៍ ហើយបើធៀបជាព្រះច័ន្ទរបស់ផែនដី វាមានទំហំតូចជាងតែបន្តិចប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា នៅក្រោមផ្ទាំងទឹកកកកម្រាស់ ១០គីឡូម៉ែត្ររបស់វា គឺមានលាក់សមុទ្រទឹករាវ ដែលមានលទ្ធផលទ្រទ្រង់ជីវិត នៅក្នុងទម្រង់ណាមួយ។ តែយ៉ាងណាក៏ដោយបើគ្មានយាន ឬឧបករណ៍ស្រាវជ្រាវចុះទៅរកការពិតនៅទីនោះផ្ទាល់ ការសន្និដ្ឋានានានឹងមិនបញ្ចប់នោះឡើយ៕

480×240 Banner