យានអវកាសឥណ្ឌាបន្តហោះក្រឡឹង និងថតរូបព្រះច័ន្ទ មុននឹងបង្កើតប្រវត្តិសាស្ត្រថ្មី (រូបភាពខាងក្នុង)

107

(ញូដេលី)៖ ខណៈយានអវកាសឥណ្ឌា Chandrayaan-2 កំពុងត្រៀមខ្លួន ដើម្បីចុះចតលើផ្ទៃព្រះច័ន្ទនៅខែក្រោយ វាក៏បានបន្តផ្តិតយករូបភាព នៃតំបន់ផ្សេងៗរបស់ព្រះច័ន្ទបន្ថែមទៀតដែរកុំឲ្យខាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

យានបេសកកម្ម Chandrayaan-2 ចាកចេញពីគន្លងផែនដី ហើយចូលទៅដល់គន្លងព្រះច័ន្ទកាលពីថ្ងៃទី២០ ខែសីហា។ នាពេលនេះ វាកំពុងតែគោចរជុំវិញឋានព្រះច័ន្ទ ដើម្បីទៅដល់ចំណុចទីតាំងដែលត្រូវទម្លាក់យាន ឲ្យទៅព្យាយាមចុះចតនៅលើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី០៧ ខែកញ្ញា។ ខណៈយានចុះចតឈ្មោះ Vikram និងយានអាចចល័តបានឈ្មោះ Pragyan នឹងធ្វើការនៅលើផ្ទៃព្រះច័ន្ទ យានផ្កាយរណបដែលនាំពួកវាទៅដល់គន្លងព្រះច័ន្ទ នឹងបន្តគោចរក្នុងទីអវកាស ដើម្បីសិក្សាពីចម្ងាយ និងដើម្បីបញ្ជូនទិន្នន័យពីយានទាំងនោះ មកកាន់ផែនដីវិញ។

គួរជម្រាបថា វាគឺជាបេសកកម្មលើកទីពីរហើយ ដែលឥណ្ឌាបានឆ្ពោះទៅព្រះច័ន្ទ ដោយលើកទីមួយគឺយាន Chandrayaan-1 ដែលជាការបញ្ជូនយានប្រភេទផ្កាយរណប ឲ្យទៅសិក្សាព្រះច័ន្ទពីចម្ងាយកាលពីឆ្នាំ២០០៨។ បើការចុះចតទទួលជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី ៤ ដែលបានបញ្ជូនយានទៅចុះចតនៅលើព្រះច័ន្ទដោយជោគជ័យ បន្ទាប់ពីសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងប្រទេសចិន៕

480×240 Banner