យានជប៉ុន Hayabusa 2 កំពុងត្រៀមប្រអប់ខ្ចប់អាចម៍ផ្កាយមកផែនដីវិញ
(តូក្យូ)៖ យានអវកាសជប៉ុន Hayabusa 2 បានរៀបចំទុកដាក់រួចហើយនូវប្រអប់ ដែលត្រូវដឹកជញ្ជូនគំរូស្លាកស្នាមប្រមូលបានពី ផ្ទៃអាចម៍ផ្កាយ Ryugu ត្រឡប់ចុះមកកាន់ផែនដី ខណៈវាកំពុងត្រៀមចាកចេញមកវិញនៅចុងឆ្នាំនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
យាន Hayabusa2 បានបញ្ចប់ការប្រមូលគំរូតាងលើកទីពីរ និងជាលើកចុងក្រោយរបស់វា កាលពីខែកក្កដាកន្លងទៅ។ ប្រអប់ផ្ទុកនូវគំរូតាងទាំងនោះ នឹងក្លាយជាផ្នែកតែមួយគត់នៃយានអវកាស Hayabusa 2 ដែលចុះមកផែនដីវិញ។ ខណៈការចេញដំណើរនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០១៩ យាន Hayabusa 2 ត្រូវគេរំពឹងថា នឹងមកដល់គន្លងភពយើងនៅចុងឆ្នាំ២០២០។ Hayabusa 2 បានទៅដល់ថ្មអវកាស Ryugu ដែលនៅចម្ងាយ ១៨០លានគីឡូម៉ែត្រពីផែនដី កាលពីឆ្នាំ២០១៨។
គួរជម្រាបថា យ៉ាងណាមិញយានអវកាស Hayabusa 2 នៅមានយានរុករកធុនតូចមួយគ្រឿងទៀត ដែលត្រូវទម្លាក់ទៅលើផ្ទៃអាចម៍ផ្កាយ Ryugu។ វាគឺជាកិច្ចការងារចុងក្រោយរបស់ Hayabusa 2 មុនពេលចាកចេញពីអាចម៍ផ្កាយនោះ។ នៅពេលមកដល់គន្លងផែនដីយាន Hayabusa 2 នឹងបញ្ជូនប្រអប់ផ្ទុកគំរូតាងរបស់វា ឲ្យចុះមកកាន់ប្រទេសអូស្រ្តាលី ជាទីដែលអ្នកវិទ្យាសាស្រ្តរង់ចាំទទួលយក៕