គួរឲ្យត្រេកអរ! ទីបំផុតកែវយឺតអវកាស James Webb ត្រូវផ្គុំចូលគ្នារួច១០០% និងចាំតែថ្ងៃត្រូវបង្ហោះប៉ុណ្ណោះ!

99

(អាមេរិក)៖ កែវយឺតអវកាសខ្នាតធំជំនាន់ថ្មីចុងក្រោយបំផុត របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានដំឡើងរួចរាល់ជាស្ថាពរហើយ ក្រោយការធ្វើតេស្តផ្ទាំងកញ្ចក់សំខាន់មួយ ដោយជោគជ័យកាលពីខែកក្កដា។ នេះបើតាមការចេញផ្សាដោយវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

អង្គការ NASA បានប្រកាសឲ្យដឹងនាថ្ងៃពុធសប្តាហ៍នេះថា កែវយឺតអវកាស James Webb បានលេចចេញរូបរាងពេញលក្ខណៈហើយ បន្ទាប់ពីក្រុមវិស្វកររបស់ខ្លួន បានផ្តុំចូលគ្នានូវគ្រឿងបរិក្ខាផ្សេងៗ។ វាជាជោគជ័យធំមួយរបស់ទីភ្នាក់ងារអវកាស NASA ខណៈគម្រោងអភិវឌ្ឍន៍កែវយឺតអវកាសនេះ បានជួបការពន្យារពេលជាច្រើនលើក និងថវិកាសម្រាប់ចំណាយក៏លើសច្រើនខ្លាំងផងដែរ ពោលគឺគម្រោងថវិកាបានកើនឡើង​ស្ទើរតែទ្វេដង រីឯបើធៀបនឹងកាលបរិច្ឆេទដំបូងវិញ គឺវាត្រូវបានពន្យារជិត០៧ឆ្នាំ។

គួរជម្រាបថា ជាជំហានបន្ទាប់ទៀត NASA នឹងធ្វើការតេស្តសាកល្បងផ្សេងៗលើកែវយឺតអវកាសនេះ ដើម្បីធានាថានៅពេល បាញ់បង្ហោះឡើងទីអវកាសនៅខែមីនា ឆ្នាំ២០២១ James Webb នឹងធ្វើប្រតិបត្តិការដោយពុំមានបញ្ហានៅចម្ងាយប្រហែល ១.៥លានគីឡូម៉ែត្រពីផែនដី។ កែវយឺតអវកាសនេះមានលក្ខណៈពិសេសបំផុត ដោយវាអាចចោលមុខព្រួញទៅរកភពណាមួយនៅប្រព័ន្ធផ្កាយផ្សេង ដែលគេគិតថាអាចមានជិវិតនោះ ដើម្បីបានដឹងពីធាតុផ្សំនៃបរិយាកាសរបស់ភពនោះបាន ហើយនៅពេលដឹងអំពីធាតុផ្សំហើយ វាពិតណាស់ថាការវិភាគអំពីជីវិតនឹងងាយស្រួលបំផុត៕

480×240 Banner