តារាវិទូអាមេរិកប្រទះឃើញភព Alien ដ៏ធំមួយ ដែលមានគន្លងគោចរយ៉ាងចម្លែក!
(អាមេរិក)៖ ក្រុមតារាវិទូបានប្រទះឃើញភពអេលៀនធំមួយ ដែលមានគន្លងគោចរយ៉ាងចម្លែក នៅជុំវិញផ្កាយរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
ក្រុមតារាវិទូនៅសាកលវិទ្យាល័យ Caltech របស់អាមេរិកបាននិយាយថា ភពខាងលើដែលមានឈ្មោះសម្គាល់ HR 5183 b មានគន្លងគោចររាងទ្រវែងខ្លាំង ហើយផ្កាយរបស់វាមិននៅចំកណ្តាលគន្លងនោះទេ។ គន្លងភព HR 5183 b នេះ គឺពុំធ្លាប់ឃើញ ភពអេលៀនណាផ្សេងទៀតមានដូចគ្នាឡើយ កុំថាឡើយប្រៀបធៀបជាមួយគន្លងរបស់ភព នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនោះ។
គួរជម្រាបថា ភព HR 5183 b ស្ថិតនៅក្នុងប្រព័ន្ធផ្កាយដែលមានចម្ងាយប្រហែល ១០០ឆ្នាំពន្លឺពីផែនដី។ របកគំហើញនៃភពនេះ គឺជាភស្តុតាងថ្មីមួយទៀតថា ភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា Exoplanet គឺមានលក្ខណៈចម្លែកឆ្ងាយ ពីភពនៅក្នុងប្រព័ន្ធព្រះអាទិត្យដ៏តូចរបស់យើងនេះ៕