លទ្ធផលសិក្សាថ្មី៖ ភាគច្រើននៃប្រហោងខ្មៅ (Black Hole) ក្នុងកាឡាក់ស៊ីយើង គឺកំពុងចល័តយ៉ាងលឿន
(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ប្រហោងខ្មៅភាគច្រើននៅក្នុងកាឡាក់ស៊ីរបស់យើង (Milky Way) កំពុងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ដោយសារតែកម្លាំងរុញច្រានដែលពួកវាទទួលបាន នៅក្រោយបាតុភូតបន្ទុះស៊ូភើណូវ៉ាដ៏ខ្លាំងមហិមាបំផុត។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
ជាទូទៅប្រហោងខ្មៅធម្មតាត្រូវអ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា បានកើតឡើងចេញមកពីការផុតរលត់អាយុជីវិតរបស់ផ្កាយធំៗ តាមរយៈព្រឹត្តិការណ៍បន្ទុះដ៏ខ្លាំងមួយហៅថា «ស៊ូភើណូវ៉ា»។ ដូច្នេះហើយនៅពេលចាប់កំណើត ប្រហោងខ្មៅទាំងនោះនៅមាន លឿននិងគោលដៅធ្វើដំណើរដូចកាលពីពួកវានៅផ្កាយដដែល។
ប៉ុន្តែតាមការសិក្សារកឃើញថ្មី ប្រហោងខ្មៅអាចទទួលបានល្បឿនរុញច្រានយ៉ាងកម្រោល ដោយសារតែស៊ូភើណូវ៉ា ដែលផ្តល់កំណើតឲ្យពួកវា ខណៈបាតុភូតនេះគេហៅថា Blaauw kick ឬ Natal kick។ ខណៈបាតុភូតនេះកន្លងមក តារាវិទូធ្លាប់តែឃើញកើតមានលើពពួកតារាណឺត្រុង ឥឡូវនេះអ្នកវិទ្យាសាស្រ្តជឿជាក់ថា ប្រហោងខ្មៅក៏អាចទទួលរងបាតុភូតនេះដូចគ្នាដែរ។ បាតុភូត Blaauw kick អាចធ្វើឲ្យប្រហោងខ្មៅធ្វើដំណើររហូតដល់ល្បឿន ៧០គីឡូម៉ែត្រក្នុងមួយវិនាទី។
គួរជម្រាបថា លទ្ធផលសិក្សាខាងលើនេះ គឺធ្វើឡើងក្នុងចំណោមប្រហោងខ្មៅចំនួន ១០លាន ហើយបើតាមអង្គការ NASA គឺអាចដល់ ០១ពាន់លាន ដែលមានវត្តមានក្នុងកាឡាក់ស៊ី Milky Way ខណៈ ៧.៥លានក្នុងចំណោមប្រហោងខ្មៅទាំងនោះ ប្រហែលកំពុងតែធ្វើដំណើរ ក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែក៏នៅតែស្ថិតក្នុងការឃុំគ្រងនៃកាឡាក់ស៊ីយើង ដែលកំពុងចល័តក្នុងល្បឿនជិត ១លានគីឡូម៉ែត្រក្នុងមួយម៉ោងដដែល៕