១០នាទីមុនការចុះចត យានអវកាសឥណ្ឌាដាច់ការទាក់ទងជាមួយផែនដី, សង្ឃឹមថា អ្វីៗអាចស្តារឡើងវិញបាន…
(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបាត់បង់ការទាក់ទងជាមួយយាន ដែលនឹងត្រូវចុះចតលើព្រះច័ន្ទនៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះហើយ ដែលវាពិតជាក្តីរន្ធត់មួយសម្រាប់ក្រុមការងារលើផែនដី ខណៈពួកគេកំពុងស្វះស្វែងរកវិធីភ្ជាប់ទំនាក់ទំនងជាថ្មី។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍។
ប្រទេសឥណ្ឌាមានក្តីរំពឹងជាយូរណាស់មកហើយថា ខ្លួននឹងអាចឈរនៅលេខរៀងទី ៤ បន្ទាប់ពីប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការបញ្ជូនយានទៅចុះចតដោយជោគជ័យនៅលើផ្ទៃព្រះច័ន្ទ ប៉ុន្តែពេលនេះក្តីសង្ឃឹមបានប្រែជាស្រពិចស្រពិលហើយ។
ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដែលបាននិងកំពុងពិនិត្យដោយផ្ទាល់ ចំពោះការបញ្ជាយានវីក្រាម (Vikram) នៃបេសកកម្ម Chandrayaan-2 ពីទីក្រុងបេងហ្គាឡ័រ (Bangalore) ភាគខាងត្បូងឥណ្ឌា បានមើលឃើញអំពីផែនការ ដែលមិនបានប្រព្រឹត្តទៅដូចការរំពឹងទុកនេះ ប៉ុន្តែលោកក៏បានកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់ទីភ្នាក់ងារអវកាសឥណ្ឌាទាំងមូល។
គួរបញ្ជាក់ថា យាន Vikram ដែលផ្តាច់ចេញពីតួយាន-ផ្កាយរណប Chandrayaan-2 បានព្យាយាមធ្វើការចុះចតលើផ្ទៃព្រះច័ន្ទ នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង (ម៉ោងនៅឥណ្ឌា) ប៉ុន្តែនៅមុន ១០នាទី ដែលវាត្រូវបានគេរំពឹងថា នឹងចុះចតដល់ផ្ទៃព្រះច័ន្ទនោះ វាស្រាប់តែបាត់បង់ការទាក់ទង។ យ៉ាងក៏ដោយ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO មិនទាន់អាចផ្តល់ចម្លើយថា វាបានបរាជ័យទៅហើយ ឬមួយក៏យ៉ាងណានោះឡើយ៕