គួរឲ្យអបអរ! មហាយក្សចិន «សំរេចជោគជ័យដំបូង ក្នុងដំណើររុករកប្រហោងខ្មៅ និងប្រព័ន្ធផ្កាយ Pulsar» ទោះបីជាស្ថិតនៅឆ្ងាយពីជំហានអាមេរិក!
(ប៉េកាំង)៖ នាថ្ងៃនេះប្រទេសចិនបានធ្វើការបាញ់បង្ហោះជាប្រវត្តិសាស្រ្ត នូវកែវយឺតអវកាសប្រភេទ X-Ray ដំបូងបំផុតរបស់ខ្លួន ដើម្បីធ្វើការតាមដានក៏ដូចជាអង្កេតមើលប្រហោងខ្មៅ (Black Hole) និងប្រភេទផ្កាយ Pulsar រួមទាំងអភូតហេតុដ៏អស្ចារ្យដទៃៗផ្សេងទៀត នៅក្នុងចក្រវាឡ តាមរយៈគ្រាប់រ៉ុក្កែត Long March-4B ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ភាគពាយ័ព្យវាលខ្សាច់ Gobi នៃប្រទេសចិន នាវេលាម៉ោង ១១៖០០នាទីព្រឹកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
កែវយឺតអវកាស HXMT ឬ Insight មានទម្ងន់២.៥តោន ត្រូវបានបញ្ជូនទៅកាន់គន្លងអវកាស ក្នុងកម្ពស់ប្រមាណ ៥៥០គីឡូម៉ែត្រពីលើផ្ទៃភពផែនដី ក្នុងគោលបំណងជួយដល់អ្នកវិទ្យាសាស្រ្ត ក្នុងការស្វែងយល់ឲ្យបានកាន់តែច្បាស់ អំពីការវិវឌ្ឍន៍របស់ប្រហោងខ្មៅ និងដែនម៉ាញេទិចដ៏ខ្លាំងក្លា រួមទាំងផ្នែកខាងក្នុងរបស់ប្រភេទផ្កាយ Pulsar។ ម៉្យាងវិញតាមរយៈកែវយឺតនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏នឹងសិក្សាស្រាវជ្រាវ អំពីរៀបនៃការប្រើប្រាស់កម្លាំងរបស់ Pulsars សម្រាប់ការធ្វើដំណើររបស់យានអវកាស ក៏ដូចជាការតាមស្វែងរកបន្ទុះកាំរស្មី Gamma-Ray ដែលដូចទៅនឹងរលកទំនាញផងដែរ។
គួរបញ្ជាក់ថា កែវយឺត Insight ដែលជាសមិទ្ធិផលនៃចំណេះដឹង បូករួមទាំងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកវិទ្យសាស្រ្តចិនជាច្រើនជំនាន់ ត្រូវបានគេរំពឹងថា នឹងជំរុញការអភិវឌ្ឍន៍វិស័យតារាសាស្រ្ត និងធ្វើឲ្យបច្ចេកវិទ្យាចាប់សញ្ញាដោយ X-Ray នៅទីអវកាស កាន់តែរីកចម្រើនថែមទៀតនៅក្នុងប្រទេសចិន។ បច្ចុប្បន្នប្រទេសដែលនាំមុខខ្លាំងជាងគេបំផុត ទៅលើការស្រាវជ្រាវប្រព័ន្ធផ្កាយ និងប្រហោងខ្មៅនោះ គឺមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ៕