ជិតដល់ថ្ងៃ២០ខែកញ្ញា តារា YouTube មួយចំនួនត្រូវចាប់ខ្លួនក្បែរតំបន់ ៥១
(វ៉ាស៊ីនតោន)៖ តារា YouTube លោក Ties Granzier និងមិត្តភក្តិម្នាក់ឈ្មោះ Govert Charles Wilhelmus Jacob Sweep មកពីប្រទេសហូឡង់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Nye County នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសារតែការចង់លួចចូលតំបន់ Nevada National Security (អគារសន្តិសុខរដ្ឋណេវ៉ាដា) ដែលស្ថិតនៅក្បែរតំបន់ Area 51 នោះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអាមេរិក លោក Granzier មានអាយុ ២០ឆ្នាំ និងលោក Wilhelmus មានអាយុ ២១ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោយរថយន្ដរបស់ពួកគេ បានចតនៅក្បែរច្រកចូល ដែលស្ថិតនៅចំងាយតែជាង ៤គីឡូម៉ែត្រប៉ុណ្ណោះពីអគារ Nevada National Security។ បន្ថែមពីលើនេះក្រោយការចាប់ខ្លួនអ្នកទាំងពីរ កាមេរ៉ា យន្ដហោះដ្រូន និងទូរស័ព្ទដៃជាច្រើនគ្រឿង ត្រូវបានរកឃើញនៅក្នុងរថយន្ដរបស់ពួកគេ។
ប៉ុន្តែព្រមពេលជាមួយគ្នា បុរសទាំងពីរនាក់នេះបានអះអាងថា ខ្លួនមិនបានចូលក្នុងតំបន់ ហាមឃាត់ដោយគ្មានការអនុញ្ញាតនោះទេ ដោយគ្រាន់តែពួកគេចង់ឃើញអគារ នៅក្នុងតំបន់សុវត្ថិភាពនេះតែប៉ុណ្ណោះ។ Nevada National Security គឺជាតំបន់សុវត្ថិភាពស្ថិតនៅចំងាយ ១០គីឡូម៉ែត្រពីតំបន់ Area 51ជាទីដែលមនុស្សច្រើនជាង ២លាននាក់ នាំគ្នាចុះហត្ថលេខាចូលរួមក្នុងគម្រោងសម្រុកចូល ដើម្បីបើកកកាយការពិត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញានេះ៕