អាជ្ញាធរអាមេរិកនៅតែកម្លាំងការពារ Area 51 ទោះបីគំរោងសម្រុកចូលបែបលេងសើចត្រូវបានលុបចោល
(អាមេរិក)៖ ទោះបីគម្រោងចង់សម្រុកចូលមូលដ្ឋានយោធាសម្ងាត់របស់អាមេរិក Area 51 ត្រូវបានលុបចោលហើយអ្នកបំផុសដំបូងគេ បានចេញមុខអះអាងថា «ត្រឹមជារឿងលេងសើចក៏ដោយ» ក៏អាជ្ញាធររដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក នៅតែកំពុងត្រៀមលក្ខណៈទប់ទល់ដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចល្ងាចថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ព្រឹត្តិការណ៍ឈ្មោះថា «Storm Area 51» នៅលើ Facebook ដែលបានទាក់ទាញមនុស្សរាប់លាននាក់ និងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញានេះ ត្រូវបានលុបចោលវិញ ដោយតែការព្រួយបារម្ភផ្នែកសុវត្ថិភាព ក្រោយពីមានការព្រមានពីយោធាអាមេរិក។ ទោះជាបែបនេះក្តី អាជ្ញាធររដ្ឋ Nevada ជាទីដែលមូលដ្ឋានយោធាអាមេរិក Area 51 តាំងនៅនោះ កំពុងតែត្រៀមលក្ខណៈដដែល ព្រោះអាចនៅមានមនុស្សម្នាជាច្រើននាក់ នឹងនាំគ្នាមកកាន់តំបន់ក្បែរនោះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ភាពអាថ៌កំបាំងនៃមូលដ្ឋានយោធា Area 51 បានស្ថិតក្រោមការសង្ស័យជាយូរណាស់ហើយ ពីសាធារណជនអាមេរិកមួយចំនួនថា វាអាចជាកន្លែងរដ្ឋាភិបាលអាមេរិក លាក់ទុកព័ត៌មានអំពីជីវិតក្រៅភព (អេលៀន) ហើយទើបមានការផុសផុលខ្លាំងជាថ្មីម្តងទៀត កាលពីប៉ុន្មានខែមុន ដោយអ្នកប្រើប្រាស់បណ្តាញសង្គម Facebook រាប់លាននាក់ បានចុះឈ្មោះថា នឹងចូលរួមព្រឹត្តិការណ៍សម្រុកចូលបន្ទាយយោធានេះ ដើម្បីស្វែងរកការពិត រហូតបង្ខំឲ្យយោធាអាមេរិកចេញមុខព្រមានធ្ងន់ៗជាលើកដំបូង។
គួរជម្រាបថា មូលដ្ឋាន Area 51 ស្ថិតនៅតំបន់ភាគខាងត្បូងរដ្ឋ Nevada ចម្ងាយប្រហែល ១៣៤គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុង ឡាសវេហ្គាស (Las Vegas)។ បើតាមយោធាអាមេរិក មូលដ្ឋាននេះត្រូវបានប្រើប្រាស់ដើម្បីធ្វើតេស្តបច្ចេកវិទ្យា នៃយន្តហោះបំបាំងកាយដូចជា U-2 និង B-2 កាលពីអំឡុងទសវត្សរ៍១៩៥០ និង១៩៨០។
រដ្ឋាភិបាលអាមេរិកបានចំណាយពេលរាប់ទសវត្សរ៍ ដោយមិនទទួលស្គាល់វត្តមានរបស់ មូលដ្ឋានយោធាសម្ងាត់នេះឡើយ រហូតដល់នៅឆ្នាំ២០១៣ ទើបមានការទទួលស្គាល់ជាផ្លូវការ។ ប៉ុន្តែភាពអាថ៌កំបាំងរបស់វា នៅតែបង្កឲ្យមានការសង្ស័យដដែលថា មូលដ្ឋានយោធា Area 51 ជាកន្លែងដែលរដ្ឋាភិបាលអាមេរិកសិក្សាអំពីថាសហោះ មនុស្សភពផ្សេង ឬអេលៀនមកទល់សព្វថ្ងៃ៕