កំណាត់ធំៗនៃគ្រាប់រ៉ុក្កែត កំពុងបំពុលតំបន់គន្លងគោចរជុំវិញភពផែនដី, អ្នកជំនាញណែនាំឲ្យសំអាតវាចេញជាបន្ទាន់

97

(បរទេស)៖ អ្នកជំនាញម្នាក់ឈ្មោះ ដារែន ម៉ាកណៃ (Darren McKnight) បានលើកឡើងនូវក្តីព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសំរាមក្នុងលំហអវកាសនៅជុំវិញភពរបស់យើង ពោលគឺកំណាត់គ្រាប់រ៉ុក្កែតដែលបានបន្សល់ទុកនៅជាកញ្ចុំៗ និងកំពុងតែបង្កការគំរាមកំហែងធំឡើងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space News នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

លោក McKnight បាននិយាយថា កំណាត់គ្រាប់រ៉ុក្កែតរាប់រយ កំពុងនៅផ្តុំគ្នាជាកញ្ចុំជុំវិញផែនដី ដែលពួកវាអាចបង្កហានិភ័យខ្លាំង ដោយសារតែទំហំ និងការខ្វះលទ្ធភាពផ្លាស់ទីបានរបស់ពួកវា។ លោក McKnight បានរកឃើញនូវកញ្ចុំសំរាមអវកាស គួរឲ្យកត់សម្គាល់មួយចំនួន រួមមានមួយកញ្ចុំកម្ទេចកម្ទីស្ថិតនៅរយៈកម្ពស់ ៧៧៥គីឡូម៉ែត្រពីផ្ទៃផែនដី ដែលអាចបង្កផលប៉ះពាល់ដល់ផ្កាយរណបនានា ដែលកំពុងធ្វើប្រតិបត្តិការភាគច្រើន។

បន្ថែមពីខាងលើនេះ កញ្ចុំទីពីរគឺស្ថិតនៅកម្ពស់ ៨៥០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលមានផ្ទុកវត្ថុធំៗ និងអាចបង្កជាការបុកគ្នាហើយកើតចេញជាកម្ទេចកម្ទីជាច្រើន។ រីឯកញ្ចុំទីបីវិញ ស្ថិតនៅរយៈកម្ពស់ ៩៧៥គីឡូម៉ែត្រពីផ្ទៃផែនដី គឺជាកញ្ចុំដែលមានទំហំធំជាងគេ និងមានលទ្ធភាពខ្ពស់ជាងគេក្នុងការប៉ះទង្គិចគ្នា ដែលអាចបែកខ្ញែកចេញទៅជា សំរាមអវកាសតូចៗដ៏ច្រើនថែមទៀត។

គួរជម្រាបថា បើតាមលោក McKnight លោកចង់ឲ្យមានកម្មវិធីគ្រប់គ្រង​បរិស្ថាននៅទីអវកាស ដែលមិនមែនផ្តោតតែទៅលើការកាត់ បន្ថយចំនួនសំរាមថ្មីក្នុងទីអវកាសប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងការលុបបំបាត់សំរាម ដែលមានវត្តមាននៅទីនោះស្រាប់ ដូចជាកំណាត់គ្រាប់រ៉ុក្កែតទាំងនោះជាដើម ព្រោះបើមិនដូច្នេះទេបេសកកម្មថ្មីៗទៀត នឹងត្រូវរងគ្រោះដោយពួកវាមិនខាន៕

480×240 Banner