អ្នកវិទ្យាសាស្ត្រ NASA បកស្រាយ៖ «ភពស្រោបដោយផ្ទៃទឹក អាចមានលាក់ជីវិតអេលៀនក្នុងទឹកនោះ ឬជាទីក្រុងក្រោមទឹក»

122

(បរទេស)៖ លោក Alan Stern អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានលើកឡើងថា ភពអេលៀនដែលពោរពេញដោយ ផ្ទៃទឹកអាចមានលាក់ទុកជីវិតឆ្លាតវៃនៅក្រោមនោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នាថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អ្នកវិទ្យាសាស្រ្តនៅលើផែនដីយើង បានជជែកដេញដោលមតិគ្នាថា តើទម្រង់ជីវិតឆ្លាតវៃ អាចមានវត្តមាននៅក្រៅពីភពរបស់យើងដែរ ឬអត់ ហើយបើតាមលោក Stern ភពដែលសម្បូរទៅដោយផ្ទៃទឹក អាចផ្តល់នូវបរិស្ថានសម្រាប់ទម្រង់ជីវិតឆ្លាតវៃ រក្សាវត្តមានប្រកបដោយស្ថិរភាព ហើយក៏អាចផ្តល់ការការពារពីរលកវិទ្យុសកម្មនៃទីអវកាស និងការវាយប្រហារពីអាចម៍ផ្កាយផងដែរ។

លោក Alan Stern បាននិយាយថា សម្រាប់ទម្រង់ជីវិតនៅលាក់ពួនក្រោមផ្ទៃទឹក ការវាយប្រហារពីអាចម៍ផ្កាយ ព្យុះព្រះអាទិត្យ បន្ទុះស៊ូភើណូវ៉ា គន្លងគោចរនៃភព ស្រទាប់ម៉ាញេទិច និងលក្ខខណ្ឌបរិយាកាស កត្តាទាំងអស់នេះគឺមិនសំខាន់នោះឡើយ តែភពគ្របដណ្តប់ដោយទឹកទាំងស្រុង នោះក៏ប្រៀបដូចជាកន្លែងឃុំឃាំងមួយ របស់ទម្រង់ជីវិតឆ្លាតវៃទាំងនោះដែរ។

តួយ៉ាងប្រសិនបើពួកគេចង់បាញ់ផ្សាយអ្វីមួយ ឡើងទៅកាន់ទីអវកាសនោះក៏អាចជារឿងពិបាក ហើយបើពួកគេមានទីក្រុងក្រោមផ្ទៃទឹក ក៏មិនងាយនឹងឲ្យនរណាមើលឃើញដែរ រីឯការមានយានអវកាស ដែលអាចហោះឡើងទីអវកាសដូចជានៅផែនដីយើង ក៏ជារឿងមិនងាយស្រួលដូចគ្នា។ ប៉ុន្តែបច្ចេកវិទ្យាពិតជាគ្មានដែនកំណត់នោះឡើយ បើសិនជាជីវិតអេលៀនណាមួយនោះ មានខួរក្បាលកាន់តែវៃឆ្លាតនោះ។

គួរជម្រាបថា បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ភពផែនដីយក្ស ឬ Super-Earth ដែលជាភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានម៉ាសចន្លោះពី ២-១០ដង​ធៀបនឹងម៉ាសរបស់ផែនដី គឺជាជម្រើសល្អជាងគេ ដើម្បីស្រាវជ្រាវ និងរុករកទម្រង់ជីវិតអេលៀនឆ្លាតវៃនៅថ្ងៃអនាគត។ ភពទាំងនោះ ត្រូវគេចាត់ទុកថា មានគន្លងគោចរដ៏ល្អគឺមិនឆ្ងាយ ឬក៏កៀកផ្កាយរបស់ពួកវាពេកឡើយ ដែលសមល្មមសម្រាប់ឲ្យជីវិតអាចកកើតឡើងបាន ប៉ុន្តែពួកវាអាចមានស្រទាប់បរិយាកាសក្រាស់ និងទំនាញខ្លាំងជាងភពរបស់យើង៕

480×240 Banner