យានអវកាសជប៉ុន Hayabusa-2 ទម្លាក់យានចល័តចុងក្រោយលើអាចម៍ផ្កាយ Ryugu មុនត្រឡប់មកផែនដីវិញ

133

(តូក្យូ)៖ ទីបំផុតយានអវកាសជប៉ុន Hayabusa-2 បានទម្លាក់គ្រឿងយន្តរ៉ូវើចុងក្រោយ ទៅលើផ្ទៃអាចម៍ផ្កាយ Ryugu ហើយ ខណៈវាជាកិច្ចការចុងក្រោយគេបង្អស់ មុនពេលយាននេះវិលត្រឡប់មកកាន់ផែនដីវិញ ជាមួយគំរូតារាងដែលប្រមូលបានពី Ryugu។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

យាន Hayabusa-2 បានបន្តការសិក្សាស្រាវជ្រាវនៅក្បែរអាចម៍ផ្កាយ Ryugu ចាប់តាំងតែពីខែមិថុនា ឆ្នាំ២០១៨ ហើយធ្លាប់បានទម្លាក់គ្រឿងយន្តរ៉ូវើចំនួន ០៣រួចហើយ ឲ្យចុះទៅលើផ្ទៃរបស់ Ryugu។ បន្ទាប់ពីនោះវាក៏បានងាកទៅផ្តោតលើការប្រមូល គំរូស្លាកស្នាមផ្សេងៗពីអាចម៍ផ្កាយ Ryugu ហើយនាពេលនេះ Hayabusa-2 បានសម្រេចការងារចុងក្រោយរបស់វា គឺការទម្លាក់គ្រឿងយន្តរ៉ូវើ (ចល័ត) MINERVA-II2 មុនពេលត្រឡប់មកកាន់ផែនដីវិញនៅកំឡុងចុងឆ្នាំនេះតែម្តង។

មុនចាប់ផ្តើមការងារខាងលើ យានអវកាស Hayabusa-2 បានធ្វើតេស្តទម្លាក់ឧបករណ៍កំណត់គោលដៅចំនួន ០២ ចុះទៅលើផ្ទៃរបស់អាចម៍ផ្កាយ Ryugu ដើម្បីជាការហាត់សមកាលពីថ្ងៃទី១៦ ខែកញ្ញា។ ដោយឡែកគ្រឿងយន្តរ៉ូវើ MINERVA-II2 ដែលត្រូវបានទម្លាក់កាលពីថ្ងៃទីពុធសប្តាហ៍នេះត្រូវគេរំពឹងថា នឹងបន្តដំណើរការរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។

គួរជម្រាបថា ពេលត្រឡប់មកដល់ក្បែរផែនដីវិញ យាន Hayabusa-2 នឹងបញ្ជូនឧបករណ៍ដែលស្តុកទុកនូវគំរូតាង ដ៏មានតម្លៃរបស់អាចម៍ផ្កាយ Ryugu ចុះមកកាន់តំបន់វាលខ្សាច់នៅរដ្ឋអូស្រ្តាលីភាគខាងត្បូង នៅកំឡុងចុងឆ្នាំ២០២០ ដើម្បីឲ្យអ្នកវិទ្យាសាស្រ្តវិភាគ និងសិក្សាទៅលើវា៕

480×240 Banner