រូបថតចំនួនបីសន្លឹកដ៏អស្ចារ្យពីទីអវកាស ដែលទើបត្រូវបានបញ្ចេញថ្មីៗនេះ (រូបភាពខាងក្នុង)
(អាមេរិក)៖ ថ្មីៗនេះអង្គការ NASA ទើបតែបញ្ចេញរូបភាពចំនួនបីសន្លឹក អំពីទីអវកាស ដែលលោកបានឃើញហើយស្ទើរតែមិនជឿថាជារូបភាពពិត ប៉ុន្តែប្រាកដណាស់ វាត្រូវបានថតដោយយានអវកាស អ្នកជំនាញនិងកែវយឺតអវកាសផងដែរ។ ចង់ដឹងថា លក្ខណៈពិសេសនៃរូបភាពទាំងបីនេះដូចម្តេចខ្លះ សូមទស្សនាដូចខាងក្រោម៖
១៖ ស្វាគមន៍ការមកដល់ផ្ទះវិញ នៃក្រុមអវកាសយានិកចំនួនបីរូប ដែលត្រូវបានទម្លាក់ខ្លួនមកកាន់ផ្ទៃភពផែនដី តាមរយៈឆ័ត្រយោងនៃយានអវកាសរុស្ស៊ី Soyuz ក្រោយពួកគេបំពេញបេសកកម្មរួចរាល់ នៅស្ថានីយអវកាសអន្តរជាតិ (ISS)។ រូបភាពនេះត្រូវបានថតដោយអ្នកជំនាញមួយរូបនៃអង្គការ NASA គឺលោក Bill Ingalls។
២៖ ចំណុចពណ៌សភ្លឺៗចំកណ្តាលរូបភាព គឺជាព្រះច័ន្ទទឹកកកអាន់សេឡាដឹស (Enceladus) នៃភពសៅរ៍ ហើយស្រមោលសៗរាងកោងពីលើព្រះច័ន្ទនេះ គឺជារង្វង់នៃកំសួលទឹកកក ដែលព្រះច័ន្ទនេះបង្កើតឡើងជារង្វង់ព័ទ្ធជុំវិញភពសៅរ៍ នៅពេលវាគោចរនៅជុំវិញភពសៅរ៍ រាប់លានឆ្នាំមកនេះ។ រូបភាពនេះត្រូវបានថតដោយយានអវកាស Cassini។
៣៖ រូបភាពថ្មីនេះត្រូវបានថតដោយកែវយឺតអវកាស Spitzer នៃអង្គការ NASA បានបង្ហាញអំពីដុំពពកធូលីធំៗមហាសាល ដែលជាជម្រុកនៃផ្កាយរាប់សែនដួង។ វាជាបណ្តុំនៃធូលីអវកាស និងពពួកផ្កាយតូចៗដែលទើបចាប់កំណើត និងពោពេញដោយធាតុវិទ្យុសកម្មផងដែរ ក្រោយតារាធំៗបានផ្ទុះ (Super Nova) នៅក្នុងតំបន់មួយនៃកាឡាក់ស៊ីមៀលគីវេយ៍ (Milky Way) របស់យើង៕
ប្រភពព័ត៌មាន និងរូបភាព៖ វែបសាយ Space (ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩)