ស្វែងយល់បន្ថែមអំពីភព Super Earth ឬផែនដីយក្ស ដែលអាចល្អសម្រាប់ជីវិតរស់នៅ
(បរទេស)៖ ភពផែនដីយក្សដែលអ្នកវិទ្យាសាស្រ្តនិយមហៅថា Super-Earth អាចជាកន្លែងដ៏ប្រសើរសម្រាប់ឲ្យមនុស្សលោកយើងរស់នៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Business Insider នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។
ភពប្រភេទនេះអាចចាត់ទុកបានថា ជាប្រភេទភពដែលសម្បូរទៅដោយវត្តមាន នៅក្នុងកាឡាក់ស៊ីរបស់យើង។ គិតចាប់តាំងពីឆ្នាំ២០១៩មក កែវយឺតអវកាស Kepler របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានរកឃើញភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ឬហៅថា ភពអេលៀន (Exoplanet) ចំនួនខ្ទង់ ៤,០០០ភពដោយក្នុងនោះ ៣០ភាគរយជាប្រភេទភព Super-Earth ហើយក្នុងចំណោមនោះទៀតសោត មានមួយចំនួនតូចគោចរនៅតំបន់អំណោយផល ដែលមិនឆ្ងាយ ឬកៀកផ្កាយរបស់ពួកវាពេកឡើយ ពោលគឺល្មមឲ្យទឹករក្សាវត្តមានក្នុងទម្រង់ជាធាតុរាវ នៅលើផ្ទៃភពទាំងនោះ។
បើតាមអ្នកវិទ្យាសាស្រ្ត ភព Super-Earth ទាំងនេះក៏អាចមិនមែនជាភពថ្មដូចផែនដីយើងដែរ ដោយពួកវាអាចភពឧស្ម័នដូចទៅនឹងភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ដែលមិនអាចទ្រទ្រង់ជីវិតបានឡើយ។ ប៉ុន្តែវាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ខណៈការពិតជាក់ស្តែងគឺអ្នកវិទ្យាសាស្រ្ត នៅតែកំពុងបន្តស្វែងយល់លម្អិតពីពួកវានៅឡើយទេ។
យ៉ាងណាមិញយើងអាចស្រមៃមើលបានថា តើទម្រង់ជីវិតនឹងមានលក្ខណៈបែបណានៅលើភព Super-Earth ដែលជាភពថ្ម និងអាចទ្រទ្រង់ជីវិតបាន។ ភពទាំងនេះអាចមានមុខកាត់ស្ទើរតែទ្វេដងធៀបនឹងផែនដី ហើយមានម៉ាសច្រើនជាងរហូតដល់ ១០ដង។ អ្នកវិទ្យាសាស្រ្តយល់ថា ពពួកភព Super-Earth ជាកន្លែងដ៏ប្រពៃសម្រាប់ឲ្យមនុស្សលោកយើងរស់នៅ ដោយសារតែម៉ាស់ដ៏ច្រើននេះ។ ព្រោះភពថ្មមានម៉ាសកាន់តែច្រើន គឺមានកម្លាំងទំនាញកាន់តែខ្លាំង។ ក្នុងន័យនេះគឺភព Super-Earth អាចបង្កើតបរិកាសបានក្រាស់ ដែលសំខាន់ណាស់ក្នុងការការពារជីវិត ពីរលកវិទ្យុសកម្មដ៏គ្រោះថ្នាក់ពីអវកាស។
គួរជម្រាបថា ប្រភេទភព Super-Earth ទាំងនេះមានបញ្ហាមួយ គឺដោយសារតែកម្លាំងទំនាញខ្លាំងវា ពិបាកក្នុងការចាកចេញពីភពទាំងនោះ៕