ពន្យារពេល! គំរោងនាំមនុស្សទៅទីអវកាសនៅចុងឆ្នាំ២០១៩ ដោយ Amazon មិនអាចទៅរួច…
(អាមេរិក)៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Amazon គឺ Blue Origin របស់កំពូលមហាសេដ្ឋីលេខ ១ លើលោក Jeff Bezos បានបង្ហើបឲ្យដឹងថា យានអវកាសដឹកមនុស្សដំបូងឡើងទៅកាន់ទីអវកាស ដែលត្រូវបានគ្រោងនាំទៅកាន់ទីអវកាសនៅចុងឆ្នាំ២០១៩ ទំនងជាមិនអាចកើតមានឡើង ទៅតាមកាលកំណត់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។
ជុំវិញបញ្ហាខាងលើនេះ នាយកប្រតិបត្តិរបស់ Blue Origin លោក Bob Smith បានបញ្ជាក់នៅទីក្រុង San Francisco យ៉ាងដូច្នេះថា «វាមើលទៅដូចជាមិនអាចទៅរួចទេ ពីព្រោះថាឆ្នាំ២០១៩ កាន់តែជិតផុតទៅហើយ…។ ក្រុមហ៊ុនត្រូវការធ្វើតេស្តបាញ់បង្ហោះយាន សាកល្បងដោយគ្មានមនុស្សជិះ យ៉ាងហោចណាស់ក៏ពីរដងទៀតដែរ។ ប្រសិនបើការហោះហើរទាំងនោះប្រព្រឹត្តទៅបានប្រសើរ បន្ទាប់មកទៀតយើងអាចអនុញ្ញាតឲ្យមនុស្សឡើងជិះវាកាន់តែឆាប់។ ប៉ុន្តែបើមិនដូច្នោះទេ យើងនឹងរៀបចំការហោះហើរ នៅពេលណាដែលយើងប្រាកដថាមានសុវត្ថិភាព»។
បើតាមការសន្និដ្ឋានយ៉ាងហោចណាស់នៅអំឡុងឆ្នាំ២០២០ ទើបក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ Amazon មួយនេះអាចបំពេញមហិច្ឆតា នាំមនុស្សឡើងទៅកម្សាន្តនៅទីអវកាសបាន។ ជាមួយគ្នានេះ Blue Origin ក៏កំពុងបន្តការធ្វើតេស្តបាញ់បង្ហោះសាកល្បងនូវគ្រាប់រ៉ុក្កែត ញូសេផាដ (New Shepard) របស់ខ្លួននៅឡើយ ដើម្បីធ្វើឲ្យប្រាកដច្បាស់នូវប្រព័ន្ធសុវត្ថិភាព។
គួរជម្រាបថា Blue Origin មិនទាន់មានមហិច្ឆតាដល់ថ្នាក់ដូចក្រុមហ៊ុន SpaceX របស់លោក Elon Musk តាមរយៈការទទួលបានកុងត្រាយោធាដ៏សំខាន់មួយ សម្រាប់គ្រាប់រ៉ុក្កែត Falcon Heavy នោះឡើយ។ រ៉ុក្កែត New Shepard របស់ Blue Origin បើធៀបនឹង Falcon Heavy ឬក៏សូម្បីតែ Falcon 9 គឺមានទំហំតូចមែនទែន ហើយវាមានកម្រិតហោះហើរដល់រយៈពេលកម្ពស់ទាបជាងឆ្ងាយ ធៀបនឹងកម្រិតរយៈកម្ពស់នៃគ្រាប់រ៉ុក្កែតទាំងពីររបស់ SpaceX៕