បើជប៉ុន និងអាមេរិករួមគ្នា នោះការស្រាវជ្រាវទីអវកាសនឹងកាន់តែលឿន!
(បរទេស)៖ ថ្មីៗនេះទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រាប់ថា ជប៉ុនប្រហែលជាអាចមកចូលរួមកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
កាលពីខែកញ្ញាកន្លងទៅ ប្រធានអង្គការ NASA លោក Jim Bridenstine និងប្រធានទីភ្នាក់ងារអវកាសជប៉ុន JAXA បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចការងារស្រាវជ្រាវ និងរុករកឋានព្រះច័ន្ទ។ ប្រសិនបើទីភ្នាក់ងារអវកាសនៃប្រទេសទាំងពីរ សម្រេចចាប់ដៃគ្នាក្នុងបេសកកម្មទៅកាន់ព្រះច័ន្ទ ជប៉ុនប្រហែលជានឹងជួយ NASA ក្នុងការកសាងស្ថានីយច្រកទ្វារអវកាសហៅថា Gateway នៅគន្លងគោចរជុំវិញព្រះច័ន្ទហើយអាចបញ្ជូនអវកាសយានិកជប៉ុន ឲ្យទៅជាន់ផ្ទៃព្រះច័ន្ទជាមួយអាមេរិកថែមទៀតផង។
ក្រៅពីនេះអង្គការ NASA អាចនឹងអនុញ្ញាតឲ្យផ្កាយរណបខ្នាតតូច CubeSat របស់ជប៉ុន ធ្វើដំណើរតាមបេសកកម្ម Artemis ទី១ ផងដែរ។ បេសកកម្មនេះ គឺជាការបញ្ជូនយានអវកាស ដោយពុំមានមនុស្សទៅជាមួយឡើយ ឲ្យទៅហោះហើរក្រឡឹងព្រះច័ន្ទ រួចត្រឡប់មកកាន់ផែនដីវិញ។ ម៉្យាងវិញទៀត NASA ក៏ប្រហែលជាអាចសហការលើបេសកកម្មហៅថា SLIM (Smart Lander for Investigating the Moon) របស់ជប៉ុនផងដែរ។
គួរជម្រាបថា កន្លងមកនេះទីភ្នាក់ងារអវកាស NASA និង JAXA បានសហការគ្នាលើបេសកកម្មមួយចំនួនរួចស្រេចទៅហើយ ដោយរួមទាំងបេសកកម្មទាក់ទងនឹងស្ថានីយអវកាសអន្តរជាតិ ISS ជាដើម ដែលមានការបញ្ជូនអវកាសយានិក យានដឹកទំនិញ គ្រឿងយន្តរ៉ូបូត ព្រមទាំងបរិក្ខាជាច្រើនទៀត៕