អង្គការ NASA ចង់បិទស្ថានីយអវកាសអន្តរជាតិ ISS និងងាកទៅបង្កើតស្ថានីយអវកាសឯកជនវិញ
(វ៉ាស៊ីនតោន)៖ អង្គការ NASA កំពុងព្យាយាមចង់ផ្តោតទៅលើការគាំទ្រ ការអភិវឌ្ឍស្ថានីយអវកាសលក្ខណៈពាណិជ្ជកម្មវិញ ដើម្បីងាកចេញពីការពឹងផ្អែកស្ថានីយអវកាសអន្តរជាតិ ISS ដែលត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space News នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។
កាលពីសប្តាហ៍មុន អង្គការ NASA ទើបចេញសំណើព្រាងមួយស្តីពីគម្រោងកម្មវិធីហៅកាត់ថា Free Flyer ដែលសំដៅគាំទ្រដល់ការអភិវឌ្ឍស្ថានីយអវកាស លក្ខណៈពាណិជ្ជកម្មរបស់វិស័យឯកជន នៅគន្លងទីអវកាសកម្រិតទាបរបស់ផែនដី (LEO)។ វាគឺជាផ្នែកនៃគម្រោងផ្តួចផ្តើមដ៏ធំទូលាយមួយ ដែល NASA បានប្រកាសកាលពីខែមិថុនាកន្លងទៅ ដោយក្នុងនោះរួមមានទាំងកម្មវិធី មួយទៀតហៅថា NextSTEP ទាក់ទងនឹងការដំឡើង Module (តួស្ថានីយ) សម្រាប់បម្រើវិស័យពាណិជ្ជកម្មនៅលើស្ថានីយ ISS។
នាពេលខាងមុខ NASA គ្រោងផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនមួយចំនួន ដើម្បីសិក្សាអំពីលទ្ធភាពនៃការអភិវឌ្ឍស្ថានីយអវកាស សម្រាប់បម្រើក្នុងលក្ខណៈពាណិជ្ជកម្ម ។ ប្រសិនបើស្ថានីយអវកាសលក្ខណៈពាណិជ្ជកម្មមានការីកដុះដាល វានឹងអនុញ្ញាតឲ្យ NASA បញ្ចប់ប្រតិបត្តិការរបស់ស្ថានីយ ISS ហើយងាកទៅធ្វើជាអតិថិជន នៃស្ថានីយអវកាសឯកជនទាំងនោះវិញ។
គួរជម្រាបថា បើតាមក្រុមអ្នកជំនាញធ្លាប់សន្និដ្ឋានកន្លងមក ស្ថានីយអវកាសអន្តរជាតិ ISS អាចដំណើរការបានជាប្រក្រតីយ៉ាង ហោចណាស់រហូតដល់ឆ្នាំ២០២៨ ឬមួយដល់ទសវត្សរ៍២០៣០ ក៏ថាបាន ដោយពុំចាំបាច់ត្រូវធ្វើការជួលជុលធំៗដុំ ឬផ្លាស់ប្តូរគ្រឿងគ្រូវសំខាន់ៗរបស់វាឡើយ៕