ព័ត៌មានថ្មី! អង្គការ NASA ទើបប្រកាសថា «រកឃើញភពចំនួន ២១៩ ទៀតក្នុងនោះ ១០ភព ពិតជាកន្លែងដែលមនុស្ស អាចរស់នៅបាន!»

223

(អាមេរិក)៖ ក្រុមការងារ​នៃបេសកកម្មកែវយឺត​អវកាស Kepler របស់អង្គការ NASA ទើបតែបាន​រកឃើញបេក្ខភាព​ភពថ្មីៗចំនួន ២១៩ថែម​ទៀត​ ដោយ១០ភព​ក្នុងចំណោមនោះ អាចក្លាយជា​ក្តីសង្ឃឹមដ៏អស្ចារ្យ​បំផុត សម្រាប់មនុស្សលោក ក្នុងការស្វែង​រកជីវិតក្រៅពីភពផែនដីនៅ​ក្នុងចក្រវាឡ។ នេះ​បើ​តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

ភពនៅក្រៅប្រព័ន្ធ​ព្រះអាទិត្យទាំងនេះ គឺសុទ្ធតែមានទំហំ​ប្រហាក់ប្រហែលនឹង​ផែនដី និងស្ថិតក្នុងតំបន់​អាចទ្រទ្រង់ជីវិតបាន (Habitable ឬ Goldilocks Zone) នៃប្រព័ន្ធផ្កាយ​របស់ពួកវា ជាទីដែលវត្ថុរាវ​ដ៏សំខាន់បំផុត​សម្រាប់ជីវិតដូចជាទឹក នឹងមានវត្តមាន​នៅក្នុងទម្រង់ដ៏​សាកសម​បាន។

លទ្ធផលនៃការរកឃើញថ្មីនេះ​របស់កែវយឺត Kepler ត្រូវបានប្រកាស​ឲ្យដឹងនៅក្នុង សន្និសីទ​សារព័ត៌មានថ្មី​មួយនា​ថ្ងៃចន្ទសប្តាហ៍នេះ នៅ​ឯ​មជ្ឈមណ្ឌល​ស្រាវស្រាវ Ames របស់ទីភ្នាក់ងារ​អវកាស NASA ក្នុងតំបន់ Silicon Valley នៃរដ្ឋកាលីហ្វរញ៉ា។ ដោយឡែក​គិតមកទល់ពេល​​នេះ Kepler បានរកឃើញបេក្ខភាព​ភពសរុបចំនួន ៤,០៣៤ហើយ ដោយ​២,៣៣៥ភពក្នុងចំណោម​នោះ ត្រូវបានទទួល​ស្គាល់ជាផ្លូវការ​ថា ជា​ភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ម៉្យាងវិញទៀត​ក្នុងចំណោមភព​ទាំងនោះ មានភពមាន​ទំហំប្រហាក់ប្រហែល​នឹងផែនដី ហើយស្ថិតក្នុងតំបន់​អាច​ទ្រទ្រង់ជីវិតបានសរុប​ចំនួន៥០ ក៏ត្រូវបានរក​ឃើញផងដែរ ដោយក្នុងនោះ៣០ភព​ត្រូវបានទទួល​ស្គាល់។

សម្រាប់ព័ត៌មានបន្ថែម អំពីចម្ងាយ, ឈ្មោះប្រព័ន្ធព្រះអាទិត្យនៃភពទាំងនោះ, និងចំនួនភពនៅក្នុងប្រព័ន្ធ​ផ្កាយនីមួយៗ នឹងត្រូវបញ្ជាក់នៅក្នុងអត្ថបទក្រោយៗទៀត។ សូមអរគុណ៕

480×240 Banner