អាចម៍ផ្កាយអាមួយនេះអាចបុកផែនដី ៧០ឆ្នាំទៀត, អង្គការអវកាសអឺរ៉ុប ESA កំពុងអង្កេតមើលវាយ៉ាងប្រយ័ត្នបំផុត…
(បរទេស)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA កំពុងយកចិត្តទុកដាក់ជាពិសេស ទៅលើការឃ្លាំមើលអាចម៍ផ្កាយមួយឈ្មោះ 2019 SU3 ដែលមានលទ្ធភាពហោះមកបុកចំផែនដីយើង បើឆាប់បំផុតគឺនៅ ៧០ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅយប់ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ទីភ្នាក់ងារអវកាស ESA មានបញ្ជីមួយផ្ទុកនូវឈ្មោះដុំថ្មក្នុងទីអវកាសទាំងឡាយណា ដែលត្រូវបានរកឃើញថា មានលទ្ធភាពលើសពីសូន្យក្នុងការហោះមកចំភពរបស់យើង។ អាចម៍ផ្កាយ 2019 SU3 ទើបតែត្រូវបាន ESA កត់ឈ្មោះបញ្ចូលក្នុងបញ្ជីនេះ ដោយសារតែលទ្ធភាពថា វាអាចធ្វើដំណើរចូលមកដល់ក្នុងបរិយាកាសផែនដីនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០៨៤ ដោយវាមានប្រវែងតែ ២៣ម៉ែត្រប៉ុណ្ណោះ តែស្ថិតនៅក្នុងអាចម៍ផ្កាយគ្រោះថ្នាក់លំដាប់លេខ ៤ ដែលអាចបុកផែនដី។
គួរជម្រាបថា យោងតាមទីភ្នាក់ងារអវកាសអឺរ៉ុប អាចម៍ផ្កាយ 2019 SU3 ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកកាត់ផែនដីយើង នៅរយៈចម្ងាយជាង ១ម៉ឺនគីឡូម៉ែត្រនៅឆ្នាំ២០៨៤ ខណៈទីភ្នាក់ងារអវកាសអាមេរិក NASA ក៏កំពុងតាមដានអាចម៍ផ្កាយនេះ ក៏ប៉ុន្តែបើតាមទិន្នន័យរបស់អង្គការ NASA ការប៉ះទង្គិចគ្នាជាមួយអាចម៍ផ្កាយ 2019 SU3 អាចកើតឡើងនៅឆ្នាំ២០៧៧ គឺមុនការព្យាករណ៍របស់ទីភ្នាក់ងារ ESA ចំនួន ០៧ឆ្នាំ៕